(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញបញ្ជាឲ្យតាមចាប់ខ្លួនអ្នកបង្ហោះព័ត៌មានបំផ្លើស និងប្រមាថជីវិតសម្តេចថា សម្តេចជួបគ្រោះថ្នាក់ផ្ទុះយន្តហោះស្លាប់កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការបង្ហោះនេះថា ជាការប្រមាថដ៏ធ្ងន់ធ្ងរបំផុត ដែលសម្តេចមិនអាចទទួលយកបាននោះទេ។

នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ គណនេយ្យ Facebook មួយមានឈ្មោះថា «កម្មវិធីឡប់ៗ តែសប្បាយ» បានបង្ហោះរូបភាពសម្តេចតេជោ និងរូបភាពផ្ទុះ ឆេះយន្តហោះ បានសរសេរថា «សម្តេច ហ៊ុន សែន ស្លាប់ហើយបងប្អូន កាលពីម្សិលមិញ នៅវេលាម៉ោង ១១៖៣០នាទីព្រឹកថ្ងៃទី២៤ ខែមិថុនា ក្នុងពេលធ្វើ ដំណើរទៅប្រទេសវៀតណាម ដោយសារផ្ទុះយន្តហោះពេលនេះ ស្លាប់ហើយចូលរួមសោកស្តាយផង»។

ក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាល នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាការសរសេរនេះមិនមែនជាការបញ្ចេញមតិនោះឡើយ តែជាការប្រមាថលើអាយុជីវិតរបស់សម្តេច។

សម្តេចតេជោ បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «ហើយមកលេង Facebook បែបនេះ! ក្មួយអើយរត់ឲ្យលឿនតិចទៅ ក្រែងគេទៅទាន់។ វាពូកែណាស់ដាក់ថា ខ្ញុំបានស្លាប់ហើយ ហើយបានបង្ហោះផ្ទុះ ហើយអស់លោកថា នឹងសិទ្ធិបញ្ចេញមតិ តើនៅប្រទេសអស់លោក អាហ្នឹងសិទ្ធបញ្ចេញមតិ អាហ្នឹងត្រូវតាមរកវា ហើយនាំទៅដល់តុលាការ មកពីអី មកពីវាជាអ្នកធ្វើ អស់លោក កុំមើលស្រាល»។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នេះជាការប្រមាថ មិនអាចទទួលយកបានទេ ហើយក៏នាំទៅប៉ះពាល់ដល់ស្ថេរភាព និងសន្តិសុខ របស់ប្រទេសជាតិ ផងដែរ។ សម្តេចបានពន្យល់ថា បើនាយករដ្ឋមន្រ្តីម្នាក់បាត់បង់ជីវិតនោះ ប្រទេសជាតិ ប្រាកដជាវឹកវរជាក់ជាមិនខាន មិនអាចស្ថិតនៅប្រកបដោយសុខសន្តិភាព និង មានស្ថេរភាពនោះឡើយ៕

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញបញ្ជាឲ្យតាមចាប់ខ្លួនអ្នកបង្ហោះព័ត៌មានបំផ្លើស និងប្រមាថជីវិតសម្តេចថា សម្តេចជួបគ្រោះថ្នាក់ផ្ទុះយន្តហោះស្លាប់កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧

ប្រភព៖ Freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]