រាជធានីភ្នំពេញ ៖ ជនសង្ស័យដែលជាមុខសញ្ញាចោរគាស់ផ្ទះ២នាក់ បានធ្វើសកម្មភាពគាស់បន្ទប់ផ្ទះមួយកន្លែង លួចយកបានទ្រព្យសម្បត្តិមួយចំនួនធំសរុបជាទឹកប្រាក់ប្រមាណជាង៣ពាន់ដុល្លារ។ បន្ទាប់មកបានគេចខ្លួន និងយករបស់របរទាំងនោះទៅដើរលក់ឲ្យអ្នកភូមិប៉ះចំសាច់ញាតិម្ចាស់ផ្ទះរងគ្រោះ ក៏ត្រូវអស់លក្ខណ៍ ដោយត្រូវបានម្ចាស់បន្ទប់ជួលដែលជាជនរងគ្រោះខាងលើប្ដឹងឲ្យនគរបាលចាប់ខ្លួននាំទៅសាកសួរ ។ ការឃាត់ខ្លួននោះធ្វើឡើងកាលពីវេលាម៉ោង៩និង១៥នាទីព្រឹកថ្ងៃទី២៥ មិថុនា នៅចំណុចភូមិ ត្រពាំងគរ សង្កាត់ពងទឹក ខណ្ឌដង្កោ ។
ជនសង្ស័យម្នាក់ ឈ្មោះ ស្រី ភ័ក្ត្រា អាយុ២៦ឆ្នាំ មុខរបរចិញ្ចឹមមាន់និងទា ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ និងម្នាក់ទៀត មិនទាន់ត្រូវបាននគរបាលប្រាប់ឈ្មោះនៅឡើយទេ ។ ដោយឡែកម្ចាស់បន្ទប់រងគ្រោះ ឈ្មោះ លុន រ៉ា អាយុ៥៥ឆ្នាំ អ្នកម៉ៅការសំណង់ ស្នាក់នៅក្នុងភូមិកើតហេតុ និងមានស្រុកកំណើតនៅក្នុងភូមិជើងព្រៃ ឃុំអំពិលព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ បាត់បង់ទ្រព្យសម្បត្តិមួយចំនួនរួមមាន ទូរទស្សន៍ម៉ាក់ LCD, កង្ហារ, ប៉ៅអុីបត់, ម៉ាស៊ីនចាក់វីស៊ីឌី និងម៉ូទ័របូមទឹក, ដែលសរុបជាទឹកប្រាក់ជាង៣០០០ដុល្លារ(បីពាន់ដុល្លារ) អាមេរិក ។
បុរសរងគ្រោះបាននិយាយថា គាត់មិនសូវដែលបានស្នាក់នៅក្នុងបន្ទប់នោះទេ គឺបានបិទទ្វារចោលជារៀងរាល់យប់ ហើយបានស្នាក់នៅតែពេលថ្ងៃម្ដងម្កាលតែប៉ុណ្ណោះ តែមួយរយៈពេលកន្លងនេះគាត់រវល់ការងារច្រើនពេក មិនសូវដែលបានមកមើលផ្ទះនោះទេទើបតែនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ ទំនេរពីការងារ ទើបគាត់បានមកមើលផ្ទះម្តង ស្រាប់តែបាត់សម្ភារប្រើប្រាស់នៅក្នុងនោះស្ទើរតែទាំងអស់ ហើយក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលពងទឹកឲ្យជួយអន្តរាគមន៍ ។
ដោយឡែកជនសង្ស័យបន្ទាប់ពីលួចបាន បានហើយ នាំគ្នាគេចខ្លួនបាត់ស្រមោលរហូតដល់ព្រឹកថ្ងៃទី២៥ ខែមិថុនា បានយកម៉ូទ័របូមទឹកនិងកង្ហារ ដែលលួចបាននោះទៅលក់ឲ្យអ្នកភូមិហើយក៏ប៉ះចំសាច់ញាតិរបស់ជនរងគ្រោះ ទើបបែកការណ៍និងបានរាយការណ៍ទៅនគរបាលប៉ុស្ដិ៍ពងទឹកឱ្យឃាត់ខ្លួនតែម្តង ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]