កូឡុំប៊ី៖ សារព័ត៌មាន BBC ចុះផ្សាយតាមការឲ្យដឹងពីប៉ូលិសក្នុងតំបន់ថា យ៉ាងហោចណាស់មនុស្ស ៦នាក់  បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីទូកទេសចរណ៍មួយគ្រឿង បានលិច នៅតំបន់ភាគពាយព្យ នៃប្រទេសកូឡុំប៊ី។

មនុស្សចំនួន ១៣៣នាក់ ត្រូវបានជួយសង្គ្រោះ ខណៈជនរងគ្រោះចំនួន ១៦នាក់ផ្សេងទៀតបាត់ខ្លួន  ក្រោយពីនាវាទេសចរណ៍ ដឹកអ្នកដំណើរកម្ពស់៤ជាន់មួយគ្រឿង បានលិចចូលទៅក្នុងទន្លេ  កាលពីរសៀលថ្ងៃអាទិត្យ ទី២៥ មិថុនា ឆ្នាំ២០១៧  ស្ថិតនៅក្បែររមណីយដ្ឋានដ៏ពេញនិយមមួយនៃទីក្រុង Guatapé ដែលមានចម្ងាយ ៤៥គីឡូម៉ែត្រភាគខាងកើតពីទីក្រុង Medellín ។

សេចក្តីរាយការណ៍ឲ្យដឹងទៀតថា ទូកទេសចរណ៍ខាងលើ  ផ្ទុកអ្នកដំណើរប្រហែល ១៧០នាក់  បានលិចក្នុងរយៈពេលមិនដល់៥នាទីផង។  នេះបើយោងតាមសាក្សីឃើញហេតុការណ៍ផ្ទាល់ភ្នែកឈ្មោះ Juan Quiroz បានថ្លែងប្រាប់សារព័ត៌មាន BBC ។

ក្រោយកើតហេតុ ភ្លាមៗនោះគេឃើញមាន ឧទ្ធម្ភាគចក្រកងទ័ពលើដែនអាកាស និងក្រុមជួយសង្គ្រោះមុជទឹកជាច្រើន ត្រូវបានបញ្ជូនទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើអន្តរាគមន៍ជួយស្រោចស្រង់ជីវិតជនរងគ្រោះ

ក្រោយកើតហេតុ  គេឃើញឧទ្ធម្ភាគចក្រកងទ័ពដែនអាកាស  និងក្រុមជួយសង្គ្រោះមុជទឹក  ត្រូវបានបញ្ជូនទៅដល់កន្លែងកើតហេតុ ដើម្បីជួយស្រោចស្រង់អាយុជីវិតជនរងគ្រោះ។

អ្នកនាំពាក្យរដ្ឋាភិបាលបានថ្លែងប្រាប់កាសែត AFP ថា «ស្ថានភាពមើលទៅពិតជាធ្ងន់ធ្ងរណាស់។  ជនរងគ្រោះច្រើនជាង ២០នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងទីក្រុង Guatapé»

លោក Juan Manuel Santos ប្រធានាធិបតីនៃប្រទេសកូឡុំប៊ី បានធ្វើដំណើរចុះទៅដល់កន្លែងកើតហេតុ កាលពីល្ងាចថ្ងៃដដែល  និងបានមានប្រសាសន៍ឲ្យដឹងថា ជនរងគ្រោះសរុបទាំងអស់មានចំនួន ៦នាក់  ពិតជាបានស្លាប់បាត់បង់ជីវិត ក្នុងឧបទ្ទវហេតុនេះយ៉ាងពិតប្រាកដមែន   មិនមែនមានចំនួន៩នាក់ ដូចប្រភពទទួលបានដំបូងពីក្រុមមន្រ្តីទេ។

លោក Luis Bernardo Morales ប្រធានក្រុមពន្លត់អគ្គិភ័យម្នាក់ ដែលបានចូលរួម ប្រតិបត្តិការសង្គ្រោះ ឲ្យដឹងថា ទូកទេសចរណ៍បានលិច ពេលធ្វើដំណើរជិតមកដល់កំពង់ផែទៅហើយ។ លោកថ្លែងថា​ «ពួកយើងមិនទាន់ដឹងច្បាស់ ឬហ៊ានសន្មត់បានទេថា តើទូកមួយគ្រឿងនេះមានបញ្ហាផ្នែកម៉ាស៊ីន ឬមូលហេតុមកពីផ្ទុកមនុស្ស លើសចំនួនកំណត់ ឬយ៉ាងណា  ទើបបានជាបណ្តាលឲ្យលិចបែបនេះ»

ទោះបីជាយ៉ាងណាក្តី បច្ចុប្បន្នមន្រ្តីជំនាញកំពុងធ្វើការស៊ើបអង្កេត  លើករណីមួយនេះផងដែរ ៕

ទស្សនាវីដេអូខាងក្រោម៖

មនុស្សចំនួន២៨នាក់ ត្រូវបានបាត់ខ្លួន ក្រោយពីនាវាទេសចរណ៍ ដឹកអ្នកដំណើរដែលមានកម្ពស់៤ជាន់ បានលិចចូលទៅក្នុងទន្លេ ក្បែរទីក្រុង Guatapé ចម្ងាយ៤៥គីឡូម៉ែត្រ ភាគខាងកើតនៃទីក្រុង Medellín
ទូកដឹកអ្នកដំណើរខាងលើបានផ្ទុកមនុស្សប្រហែល ១៥០នាក់ ហើយវាបានលិចចូលទៅក្នុងទន្លេភ្លាមៗ មិនដល់រយៈពេល៥នាទីផង
លោក Luis Bernardo Morales ប្រធានក្រុមពន្លត់អគ្គីភ័យម្នាក់ ដែលបានចូលរួមក្នុងប្រតិបត្តិការសង្គ្រោះនេះ បានមានប្រសាសន៍ថា ទូកទេសចរណ៍ខាងលើនេះបានលិច ខណៈធ្វើដំណើរជិះមកដល់កំពង់ផែទៅហើយ

ប្រភព៖ BBC

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]