បរទេស៖ សារព័ត៌មានកីឡាដ៏ល្បីមួយរបស់ពិភពលោក Fox Sport បានធើ្វការបង្ហោះវីដេអូសរសើរដល់កីឡាករវ័យក្មេង២រូប ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានទេពកោសល្យខ្ពស់ក្នុងវិស័យកីឡាបាល់ទាត់ នោះគឺកីឡាករ Chanathip Songkrasin របស់ថៃ និង ចាន់វឌ្ឍនាកា របស់កម្ពុជា ដែលអាចទៅប្រកបអាជីពបាល់ទាត់នៅប្រទេសជប៉ុន ដែលជាប្រទេសឈានមុខគេមួយក្នុងវិស័យបាល់ទាត់ប្រចាំទ្វីបអាស៊ី។

កីឡាករ Chanathip Songkran បានទៅលេងនៅលីកកំពូលរបស់ជប៉ុន ដោយបានចូលរួមជាមួយក្រុម Consadole Sapporo ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល ១ឆ្នាំកន្លះ កាលពីពេលថ្មីៗនេះ។ 

កីឡាករវ័យ២៣ឆ្នាំនេះ ត្រូវបានគេចាត់ទុកថាជាកីឡាករដែលមានទេពកោសល្យខ្ពស់ម្នាក់ ក្នុងចំណោមកីឡាករដ៏ទៃទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍។ កីឡាករដែលមានរហ័ស្សនាម Messi J បានបង្ហាញខ្លួនជាផ្លូវការដល់ក្លិប Consadole Sapporo កាលថៃ្ងទី២៧ ខែមករា កន្លងទៅ ប៉ុន្ដែត្រូវបានត្រលប់ទៅក្លិប Muangthong United ដើម្បីលេងប្រកួតបង្រ្គប់លីកនៅថៃ ហើយរូបគេនឹងត្រូវត្រលប់ទៅជប៉ុនវិញ ដើម្បីចូលរួមជាផ្លូវការ ក្នុងនាមជាកីឡាករក្នុងលីកកំពូលរបស់ជប៉ុន J1 នៅខែកក្កដា ខាងមុខនេះ។  

កីឡាករ Chanathip Songkran កាលបង្ហាញខ្លួនជាផ្លូវការណ៍ដល់ក្រុម Consadole Sapporo កាលពីពេលកន្លងទៅ
Chanathip Songkran អំឡុងពេលលេងឲ្យ Muangthong United

ចំណែកឯកីឡាករដែលមានប្រជាប្រិយភាពមួយរូបរបស់កម្ពុជាវិញ គឺកីឡាករ ចាន់ វឌ្ឍនាកា របស់កម្ពុជា បានចូលរួមជាមួយក្លិប Fujieda MYFC ដែលស្ថិតក្នុងលីកលំដាប់ទី៣ របស់ជប៉ុន ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល១ឆ្នាំ ដែលកីឡាកររូបនេះ បានទៅចូលរួមជាមួយក្លិបនេះតាំងពីខែកុម្ភៈ មកម្ល៉េះ។ 

កីឡាករដែលមានប្រភពមកពីខេត្ដកំពត នេះ បានក្លាយជាកីឡាករដំបូងគេរបស់កម្ពុជា ដែលអាចប្រកបអាជីពបាល់ទាត់នៅប្រទេសជប៉ុន ប៉ុន្ដែរយៈពេលជាច្រើនខែកន្លងមកហើយ រូបគេនៅពុំទាន់ធើ្វការប្រកួតជាផ្លូវការណាមួយដល់ក្រុមដែលស្ថិតក្នុងលីកលំដាប់ទី៣ របស់ជប៉ុន នៅឡើយទេ។ 

គួរបញ្ជាក់ផងដែរថា មិនមានកីឡាករច្រើនទេក្នុងទ្វីបអាស៊ីអាគ្នេយ៍ ដែលអាចទៅប្រកបអាជីពបាល់ទាត់នៅប្រទេសជប៉ុន។ ទាំង Chanathip Songkran របស់ថៃ និង ចាន់ វឌ្ឍនាកា របស់កម្ពុជា សុទ្ធតែជាកីឡាករវ័យក្មេងដែលមានសមត្ថភាព និងទេពកោសល្យខ្ពស់ ដូច្នេះទើបធើ្វឲ្យពួកគេទាំង២ អាចមានឱកាសបង្ហាញសមត្ថភាពនៅប្រទេសដែលមានការអភិវឌ្ឍន៍ខាងវិស័យបាល់ទាត់នេះ៕

កីឡាករ ចាន់ វឌ្ឍនាកា កាលបង្ហាញខ្លួនជាផ្លូវការណ៍ដល់ក្លិប Fujieda MYFC
វឌ្ឍនាកា អំឡុងពេលលេងឲ្យក្រុមជម្រើសជាតិកន្លងទៅ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]