យោងតាមសម្តី លោកឧបនាយករដ្ឋមន្រ្តី ញឹក ប៊ុនឆៃ បានថ្លែងប្រាប់ដើមអម្ពិល នូវព័ត៌មានទុក្ខដ៏ក្រៀមក្រំថា សម្តេចព្រះបាទ នរោត្តម សីហនុ ព្រះបិតាជាតិ បានសោយទីវង្គត់ ដោយរោគគាំងបេះដូង នាទីក្រុងប៉េកាំង វេលាម៉ោង ជិត ២៖០០ព្រឹក ថ្ងៃច័ន្ទ ទី ១៥ ខែតុលា ឆ្នាំ ២០១២ ។

លោកឧបនាយករដ្ឋមន្រ្តីបានថ្លែងថា " មុននឹងកន្លះម៉ោង ខ្ញុំបានទទួលព័ត៌មានថា សម្តេចឳព្រះឈួន បេះដូង ត្រូវនាំចូលមន្ទីរពេទ្យសង្គ្រោះ ភ្លាមៗនៅទីក្រុង ប៉េកាំង ប៉ុន្តែ១៥នាទី ក្រោយ ក៏បានទទួលដំណឹងថា សម្តេចតា សោយទីវង្គត់ទៅហើយ "  ។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សម្តេចព្រះបិតាជាតិ សម្តេចឳ បានសោយទីវង្គត ដោយរោគបេះដូង នាទីក្រុងប៉េកាំង នៅវេលាម៉ោងជិត ២៖០០ ព្រឹកថ្ងៃច័ន្ទ នេះ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា ។

យោងតាមទីភ្នាក់ងារព័ត៌មាន ក្យូដូ ជប៉ុន ដែលបានដកស្រង់សម្តីព្រះអង្គម្ចាស់ ថូមីកូ ជំនួយការផ្ទាល់ ព្រះមហាវរក្សត្រ នរោត្តម សីហនុ ថា  ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបិតាជាតិ ពិតជាបានសោយទីវង្គត់ ដោយរោគគាំងបេះដូង នៅទីក្រុង ប៉េកាំង នៅវេលាម៉ោង ២៖២៥នាទី (ម៉ោងនៅប៉េកាំង) ព្រឹកថ្ងៃ ច័ន្ទ ទី ១៥ ខែ តុលា ឆ្នាំ ២០១២ ។ ព្រះអង្គបានបន្តថា ដោយសារបញ្ហារោគបេះដូង សម្តេចឳ បានបន្តសម្រាកព្យាបាល  ចាប់តាំងពី ខែ មករា ដើមឆ្នាំ ២០១២ មកម៉្លេះ ។

 

ព្រះនាមពេញ ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ
ព្រះនាមដើម នរោត្ដម សីហនុ
ព្រះនាមក្នុងរាជ្យ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ វរ្ម័ន រាជហរិវង្ស ឧភតោសុជាតិ វិសុទ្ធពង្ស អគ្គមហាបុរសរតន៍ និករោត្ដម ធម្មិកមហារាជាធិរាជ បរមនាថ បរមបពិត្រ ព្រះចៅក្រុងកម្ពុជាធិបតី

ឋានៈ ព្រះរាជបុត្រ, ព្រះមហាក្សត្រ, នាយករដ្ឋមន្ត្រី, ប្រមុខរដ្ឋ
ប្រសូត ៣១ តុលា ១៩២២
ព្រះបិតា នរោត្ដម សុរាម្រឹត
ព្រះមាតា ស៊ីសុវត្ថិ កុសុមៈ
រាជាភិសេកលើកទី១ ២៨ តុលា ១៩៤១
គ្រងរាជ្យពី ១៩៤១ ដល់ ១៩៦០ (១៩ឆ្នាំ)
រជ្ជកាលមុន សិរីសុវត្ថិ មុនីវង្ស
រជ្ជកាលបន្ទាប់ នរោត្ដម សុរាម្រឹត
រាជាភិសេកលើកទី២ ២៤ កញ្ញា ១៩៩៣


ព្រះបរមនាមកិត្តិយស ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ
ព្រះរាជអគ្គមហេសី នរោត្ដម មុនីនាថ សីហនុ

ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ [អានថា៖ នៈ-រោត-ដំ-សី-ហៈ-នុ] ស្ដេចព្រះរាជសម្ភព នាថ្ងៃអង្គារ ១១កើត ខែកក្ដិក ឆ្នាំ ច ចត្វាស័ក ព.ស.២៤៥៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា គ.ស.១៩២២ នៅឯព្រះបរមរាជវាំងក្រុងចតុម្មុខមង្គល ព្រះរាជអាណាចក្រកម្ពុជា។

ព្រះអង្គ ទ្រង់ជាព្រះរាជបុត្រនៃ ព្រះបាទ នរោត្ដម សុរាម្រឹត និងជាព្រះមហាក្សត្រ អង្គទី៥នៃព្រះរាជអាណាចក្រកម្ពុជា ឯករាជ្យ។ ក្រៅពីតំណែងព្រះមហាក្ស័ត្រិយ៍ ព្រះអង្គក៏បានធ្លាប់ធ្វើជាប្រមុខរដ្ឋ និងនាយករដ្ឋមន្ត្រីនៃព្រះរាជអាណាចក្រកម្ពុជា ជាច្រើនសម័យ។

ព្រះរាជជីវប្រវត្តិ 
ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ ស្ដេចព្រះរាជសម្ភព នាថ្ងៃអង្គារ ១១កើត ខែកក្ដិក ឆ្នាំ ច ចត្វាស័ក ព.ស.២៤៥៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា គ.ស.១៩២២ នៅឯព្រះបរមរាជវាំងក្រុងចតុម្មុខមង្គល ព្រះរាជអាណាចក្រកម្ពុជា។ ព្រះអង្គ ទ្រង់ជាព្រះរាជបុត្រនៃ ព្រះបាទ នរោត្ដម សុរាម្រឹត និងសម្ដេចព្រះមហាក្ស័ត្រិយានី ស៊ីសុវត្ថិ កុសុមៈ។

ការសិក្សា
ពីឆ្នាំ១៩៣០ ដល់ឆ្នាំ១៩៤០ ព្រះអង្គបានចូលសិក្សា នៅសាលាបឋមសិក្សា Francois Baudoin និងវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ។ បន្ទាប់មក ព្រះអង្គបានបន្តការសិក្សានៅវិទ្យាល័យបារាំង សាសលូឡូបា (Chasseloup Laubat) នៅព្រៃនគរ (វៀតណាមខាងត្បូង)។
នៅឆ្នាំ១៩៤៦ និង១៩៤៨ ព្រះអង្គបានបន្តការសិក្សាជាន់ខ្ពស់ នៅសាលាអនុវត្តទ័ពសេះ និងកងទ័ពរថពាសដែកនៅសូមៀរ (Saumur) ប្រទេសបារាំង។

ការឡើងគ្រងរាជ្យ
• លើកទីមួយ
នៅ ខែមេសា ឆ្នាំ១៩៤១ ក្រុមប្រឹក្សាព្រះរាជបល្ល័ង្គ បានជ្រើសតាំង និងថ្វាយព្រះរាជឋានៈព្រះអង្គជា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅរាជធានីភ្នំពេញ បន្តពីព្រះករុណាព្រះបាទសម្ដេចព្រះ សិរីសុវត្ថិ មុនីវង្ស។ ព្រះអង្គឡើងគ្រងរាជសម្បត្តិនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៤១។
បន្ទាប់ពីប្រទេសកម្ពុជាបានទទួលឯករាជ្យពីប្រទេសបារាំង ព្រះអង្គបានដាក់រាជ្យសម្បត្តិ នាថ្ងៃទី០២ ខែមីនា ឆ្នាំ១៩៥៥ ថ្វាយព្រះបិតាព្រះអង្គ គឺព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សុរាម្រឹត។


• លើកទីពីរ
ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ បានឡើងគ្រងរាជ្យជាលើកទីពីរនាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ និងបានចូលនិវត្ដន៍នាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០៤។

ព្រះរាជបូជនីយកិច្ច 
ក្នុងព្រះឋានៈជាព្រះមហាក្សត្រ នៃព្រះរាជអាណាចក្រកម្ពុជា ព្រះអង្គបានបំពេញព្រះរាជបូជនីយកិច្ចធំៗជាច្រើនសម្រាប់ជាតិ ដូចជា៖
• មហាជោគជ័យក្នុងការទាមទារឲ្យរាជាណាចក្រថៃឡង់ដ៍ សងមកព្រះរាជអាណាចក្រកម្ពុជាវិញជាដាច់ខាតនូវខេត្តខ្មែរ ដែលក្នុងពេលមានចម្បាំងសកលលោកលើកទី២ ថៃឡង់ដ៍បានយកពីកម្ពុជាទៅ គឺខេត្តបាត់ដំបង សៀមរាប កំពង់ធំ ស្ទឹងត្រែង
• ទាមទារឯករាជ្យភាពនៃព្រះរាជអាណាចក្រកម្ពុជាពីសាធារណរដ្ឋបារាំង
• និងការឈ្នះក្ដីប្រាសាទព្រះវិហារនាទីក្រុងឡាអេ ពីរាជាណាចក្រថៃឡង់ដ៍ជាដើម ។

សង្គមរាស្ត្រនិយម
បន្ទាប់ពីព្រះអង្គបានដាក់រាជ្យ ថ្វាយព្រះបិតាហើយ ហើយព្រះអង្គបានប្រឡូកចូលក្នុង ឆាកនយោបាយ បង្កើតចលនាសង្គមរាស្ត្រនិយម និងបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៃព្រះរាជអាណាចក្រកម្ពុជា ជាច្រើនសម័យ។
សម័យសង្គមរាស្ត្រនិយម គឺជាសម័យកាលរុងរឿងមួយទៀត នៃព្រះរាជអាណាចក្រកម្ពុជាដែលដឹកនាំ ដោយព្រះអង្គ ក្រោយប្រទេសកម្ពុជាបានទទួលឯករាជ្យពីប្រទេសបារាំង ដោយប្រទេសកម្ពុជាត្រូវបានគេសន្មតថាជាកោះសន្តិភាព និងមានការរីកចម្រើនលើគ្រប់វិស័យ។

រដ្ឋប្រហារ
សម្ដេចព្រះ នរោត្ដម សីហនុ ត្រូវបានលោកសេនាប្រមុខ លន់ ណុល ធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គចេញពីតំណែងព្រះប្រមុខរដ្ឋនាថ្ងៃ ទី១៨ ខែមីនា ឆ្នាំ១៩៧០ ក្នុងខណៈពេលព្រះអង្គកំពុងបំពេញព្រះទស្សនកិច្ចក្រៅប្រទេស។

ចលនាតស៊ូសីហនុនិយម
បន្ទាប់ពីព្រះអង្គបានត្រូវទម្លាក់ និងបន្ទាប់ពីប្រទេសវៀតណាម បានឈ្លានពានប្រទេសកម្ពូជា នាឆ្នាំ១៩៧៩ ព្រះអង្គបានបង្កើតចលនាតស៊ូនៅតាមព្រំដែន រួមជាមួយភាគីពីរទៀត របស់សម្ដេចបវរសេដ្ឋា សឺន សាន និងកម្ពុជាប្រជាធិបតេយ្យ រួមធ្វើការចរចាជាមួយភាគីសាធារណរដ្ឋប្រជាមានិតកម្ពុជា របស់លោក ហេង សំរិន, ហ៊ុន សែន រហូតដល់មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ ព្រះអង្គបានយាងត្រឡប់មកប្រទេសកម្ពុជាវិញ និងត្រូវបាន ឡើងសោយរាជ្យជាថ្មីវិញ បន្ទាប់ពីការបោះឆ្នោតនាឆ្នាំ១៩៩៣ រៀបចំដោយអង្គការសហប្រជាជាតិ។


ការដាក់រាជ្យ
ដោយសារមានបញ្ហាផ្នែកព្រះសុខភាព ព្រះអង្គបានដាក់រាជ្យនាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០០៤។ បច្ចុប្បន្ន ព្រះអង្គកំពុងបន្តព្យាបាល ព្រះរោគនាទីក្រុងប៉េកាំង ប្រទេសចិន។ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្វាយព្រះឋានៈព្រះអង្គជា «ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ»។

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]