រាជធានី​ភ្នំពេញ ៖ ក្រុមការងារ​របស់​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន បាន​ធ្វើ​ឱ្យ​«​ក្តី​ប្រាថ្នា​របស់​លោក អិុ​ត សេដ្ឋា​»​បាន​សម្រេច​ហើយ គឺ​ក្តី​ប្រាថ្នា​ដែល​មានផ្ទះ​សម្រាប់ កូន​ៗ​ជ្រកកោន ។

មូលនិធិ​របស់​លោក​អិុត សេដ្ឋា ដែល​បង្កើត​ឡើង​ដោយ​ក្រុមការងារ​ស៊ី​ធី​អិន​នោះ​ប្រមូលប្រាក់​បាន​ប្រមាណ​ជាង​១២​ម៉ឺន​ដុល្លារ ក្នុង​នោះ​មួយ​ផ្នែក​បែងចែក​សម្រាប់​ទិញ​ផ្ទះ និង​មួយ​ផ្នែក​ទៀត​សម្រាប់​កូន​របស់​លោក​រៀនសូត្រ ។

បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ក​របស់​អ្នក​នាង​យុគ ចិន្តា ជា​ដៃគូ​ពិធីករ​ជាមួយ​លោក​អិុត សេដ្ឋា ឱ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​«​បន្ទាប់​ពី​មានការ​ប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន​CSB​រួចរាល់ ព្រឹក​នេះ​នាង​ខ្ញុំ​បាន​នាំ​អ្នក​ម្តាយ​របស់​លោក​អិុ​ត សេដ្ឋា ដើម្បី​មក​ធ្វើ​កុងត្រា​ទិញ​ផ្ទះ និង​ធ្វើការ​កក់​ប្រាក់​ដើម្បី​ទិញ​ផ្ទះ​មួយ​ល្វែង​ប្រគល់​ជូន​ដល់​ក្រុម​គ្រួសារ​លោក​អិុត សេដ្ឋា ដែល​ផ្ទះ​នេះ​ជា​ផ្ទះ​ដែល​បាន​ប្រមូល​ថវិកា​ពី​សំណាក់​រាជ​រា​ដ្ឋា​ភិ​បាល ឯកឧត្តម លោក​ជំទាវ ថ្នាក់ដឹកនាំ​និង​បុគ្គលិក​នៃ​បណ្តាញ​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន​និង​បងប្អូន​ប្រជាជន​ខ្មែរ​ទាំង​នៅ​ក្នុង​ប្រទេស និង​ក្រៅប្រទេស​ដែល​បាន​ជួយ​ជ្រោមជ្រែង ។

នាង​ខ្ញុំ​បាន​នាំ​អ្នក​ម្តាយ និង​កូនស្រី​ទៅ​មើល​ផ្ទះ​មួយ​ល្វែង​ដែល​ជា​ក្តី​ប្រាថ្នា​របស់​គាត់​មុន​ពេល​ចែក​ឋាន​ទៅ គឺ​គាត់​ចង់បាន​ផ្ទះ​សម្រាប់​ឱ្យ កូន​ៗ​និង​អ្នក​ម្តាយ​រស់នៅ​» ។

អ្នក​រៀបចំ​កម្មវិធី​កម្សាន្ត​ប្រចាំ​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន​លោក​សុវណ្ណ រិ​ទ្ធី ហៅ​លោកតា វិច​ទ័​រ ឱ្យ​ដឹង​ថា ក្រុមការងារ​សម្រេច​ដក​ប្រាក់​ដែល​ទទួល​បាន​ពី​សប្បុរសជន​នានា​ក្នុង​ចំនួន​៧​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​ទិញ​ផ្ទះ​ជូន​ក្រុម​គ្រួសារ​របស់​លោក​អិុ​ត សេដ្ឋា ចំណែក​នៅ​សល់​ប៉ុន្មាន​ទៀត​តម្កល់​ទុក​ឱ្យ កូន​ៗ​របស់​លោក​ចាយវាយ​ក្នុង​រយៈពេល​៨​ឆ្នាំ ។

ផ្ទះ​ដែល​ក្រុមការងារ​បាន​សម្រេច​ទិញ​ឱ្យ​ក្រុម​គ្រួសារ​លោក​អិុត សេដ្ឋា នោះ​មា​នទី​តាំងនៅ​ម្តុំ​ឫស្សី​កែវ ខណៈ​តម្លៃ​មិន​លើស​ពី​៧​ម៉ឺន​ដុល្លារ​ទេ ចំណែក​៥​ម៉ឺន​ទៀត​ទុក​នៅ​ធនាគារ ។ «​លុយ​ដែល​យើង​តម្កល់​ទុក​នោះ​គឺ​នឹង​ត្រូវ​បញ្ចេញ​ក្នុង​មួយ​ខែ​ម្តង​សម្រាប់​ក្រុម​គ្រួសារ និង កូន​ៗ​របស់​លោក​អិុ​ត សេដ្ឋា ចាយវាយ​រហូត​ដល់​ពួក​គេ​ធំ និង​មាន​សមត្ថភាព​ក្នុង​ការ​រក​លុយ​បាន​ដោយ​ខ្លួនឯង​» ។

បើ​តាម​លោកតា​វិច​ទ័​រ នៅ​ក្នុង​កម្រិត​ការ​សិក្សា​ថ្នាក់​វិទ្យាល័យ​របស់​កូនលោក​អិុត សេដ្ឋា នោះ គឺ​មិន​បារម្ភ​ពី​ការ​ចំណាយ​ឡើយ ដោយសារ​តែ​មាន​សាលា​ឯកជន​ចំនួន​២​បាន​ផ្តល់​ឱ្យ​ពួក​គេ​សិក្សា​មិន​បង់ថ្លៃ ។ ទោះជា​យ៉ាងណា​ក្តី​លុយ​ដែល​តម្កល់​ទុក​នៅ​ធនាគារ​នោះ​គឺ​ត្រូវ​តែ​មាន​ភាព​ច្បាស់លាស់ សម្រាប់​ការ​ចំណាយ ផ្សេង​ៗ​នៅ​ពេល កូន​ៗ​របស់​លោក​អិុ​ត សេដ្ឋា ឈាន​ដល់​ថ្នាក់​មហា​វិទ្យាល័យ ៕

ក្រុមការងារ​របស់​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន បាន​ធ្វើ​ឱ្យ​«​ក្តី​ប្រាថ្នា​របស់​លោក អិុ​ត សេដ្ឋា​»​បាន​សម្រេច​ហើយ គឺ​ក្តី​ប្រាថ្នា​ដែល​មានផ្ទះ​សម្រាប់ កូន​ៗ​ជ្រកកោន
មូលនិធិ​របស់​លោក​អិុត សេដ្ឋា ដែល​បង្កើត​ឡើង​ដោយ​ក្រុមការងារ​ស៊ី​ធី​អិន​នោះ​ប្រមូលប្រាក់​បាន​ប្រមាណ​ជាង​១២​ម៉ឺន​ដុល្លារ
ក្រុមការងារ​សម្រេច​ដក​ប្រាក់​ដែល​ទទួល​បាន​ពី​សប្បុរសជន​នានា​ក្នុង​ចំនួន​៧​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​ទិញ​ផ្ទះ​ជូន​ក្រុម​គ្រួសារ​របស់​លោក​អិុ​ត សេដ្ឋា
លោក​ អិុត សេដ្ឋា
អ្នក​នាង​យុគ ចិន្តា ជា​ដៃគូ​ពិធីករ​ជាមួយ​លោក​អិុត សេដ្ឋា
នៅ​ក្នុង​កម្រិត​ការ​សិក្សា​ថ្នាក់​វិទ្យាល័យ​របស់​កូនលោក​អិុត សេដ្ឋា នោះ គឺ​មិន​បារម្ភ​ពី​ការ​ចំណាយ​ឡើយ ដោយសារ​តែ​មាន​សាលា​ឯកជន​ចំនួន​២​បាន​ផ្តល់​ឱ្យ​ពួក​គេ​សិក្សា​មិន​បង់ថ្លៃ

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អុិត សេដ្ឋា