រុស្ស៊ី៖ ព័រទុយហ្គាល់ និងមិុកស៊ិក បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័តនៃពានរង្វាន់ Confederation Cup ហើយកាលពីយប់មិញ ក្រោយទទួលជ័យជំនះរៀងៗខ្លួន។

ក្រុមជើងឯកទ្វីបអឺរ៉ុបឆ្នាំ២០១៦ ព័រទុយហ្គាល់ បានលុតក្រុមជម្រើសជាតិនូវែលសេឡង់ យ៉ាងចាស់ដៃក្នុងលទ្ធផល ៤-០ ខណៈក្រុមម្ចាស់ផ្ទះរុស្ស៊ី បានបរាជ័យ ក្រោមថ្វីជើង ក្រុមជម្រើសជាតិមិុកស៊ិក ២ ទល់នឹង ១។

៤ គ្រាប់របស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ ស៊ុតបញ្ចូលទីដោយកីឡាករ Cristiano Ronaldo, Bernardo Silva, Andre Silva និងខ្សែបម្រើឆ្នើម Nani ។

ចំនែកក្រុមជម្រើសជាតិនូវែលសេឡង់វិញ គ្មានឱកាសរកគ្រាប់បាល់សូម្បីតែមួយគ្រាប់ ធ្វើឲ្យចប់ការប្រកួត ព័រទុយហ្គាល់ ស្ថិតនៅលើកំពូលតារាងនៃពូល A ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័តនៃពានរង្វាន់ Confederation Cup។ 

ក្រឡេកមកមើលក្រុមជម្រើសជាតិមិុកស៊ិកវិញ ក៏បានកក់កៅអីមួយនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័តផងដែរ ក្រោយយកឈ្នះ ក្រុមម្ចាស់ផ្ទះរុស្ស៊ី ២-១ ។

រុស្ស៊ី ជាអ្នកនាំមុខគ្រាប់បាល់មុននៅនាទី២៥ ដោយកីឡាករ Aleksandr Samedov តែត្រូវមិុកស៊ិក វាយបក២គ្រាប់វិញនៅនាទី៣០ និង៥២ ដោយកីឡាករ Nestor Araujo និងកីឡាករ Hirving Lozano ។

ចប់ការប្រកួត មិុកស៊ិក បាន៣ពិន្ទុបន្ថែម សរុបមាន៧ពិន្ទុ ស្មើព័រទុយហ្គាល់ តែចាញ់គ្រាប់បាល់ ស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ស្របពេលដែលរុស្ស៊ី អស់សិទ្ធិឡើងទៅលេងវគ្គបន្ត៕

ដូច្នេះ ចាំមើលថា ព័រទុយហ្គាល់ និងមិុកស៊ិក នឹងឡើងប៉ះក្រុមណានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត? 

ទស្សនាវីដេអូ Highlights នៃការប្រកួត៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]