ជឿជាក់ថា បើនិយាយដល់រឿង «អាប» ប្រិយមិត្តភាគច្រើន សុទ្ធតែធ្លាប់បានដឹងឮកន្លងមកខ្លះៗហើយពីរឿងនេះ។ ពិសេសអ្នកខ្លះទៀត ដែលធ្លាប់បានឃើញនៅនឹងភ្នែកស្រស់ៗ ពិតជានិយាយពេញៗមាត់ថា ក្នុងលោកនេះពិតជាអាបពិតប្រាកដមែន។

ប៉ុន្តែបើនិយាយចំពោះអ្នកដែលមិនធ្លាប់បានឃើញ ឬធ្លាប់តែបានឮចាស់ៗនិយាយ តៗគ្នា ឬធ្លាប់តែបានឃើញនៅក្នុងខ្សែភាពយន្តវិញនោះ ច្បាស់ជាមិនជឿទេថា អាបមានពិតមែននៅលើលោកយើងនេះ។

តើពិតជាមានខ្មោចអាបពិតប្រាកដដែរឬទេ?

ចម្ងល់នេះនៅតែមិនទាន់រកចម្លើយឃើញនៅឡើយ សម្រាប់អ្នកដែលមិនធ្លាប់បានឃើញដោយផ្ទាល់ភ្នែក ប៉ុន្តែអ្នកដែលធ្លាប់បានជួបស្តែងៗ ពិតជាដឹងច្បាស់ណាស់អំពីរឿងរ៉ាវទាំងនេះ។

យ៉ាងណាមិញ យើងក៏មិនអាចបង្ខំការយល់ឃើញរបស់នរណាម្នាក់បានដែរ មនុស្សម្នាក់ៗមានគំនិត និងការយល់ឃើញមិនដូចគ្នានោះទេ។

ដោយសារតែមានចម្ងល់ដូច្នេះ ក្រុមការងារខ្មែរឡូតយើងក៏បានចុះទៅសាកសួរជាមួយនឹងអ៊ំស្រីម្នាក់ ដែលមានឈ្មោះ គាន់ ទាក់ទងជាមួយនឹងរឿងនេះផងដែរ។

ជួបសម្ភាសន៍ជាមួយនឹងអ៊ំស្រី ដែលជាអ្នករស់នៅចំការដូង ក្បែរទីក្រុងភ្នំពេញ និងជាអ្នកកាន់សីលរៀនធម៌ម្នាក់ផង គាត់បានមានប្រសាសន៍យ៉ាងដូច្នេះថា៖

«អាប គឺរាប់ចាត់ទុកថាជាពពួកព្រាយបិសាចមួយប្រភេទ ដែលមានមន្តអាគមខ្លាំងពូកែ និងស្ថិតនៅក្នុងផ្នត់គំនិតប្រជាជនខ្មែរយើងគ្រប់ជំនាន់។ តាមចាស់ៗបុរាណគឺ អាបភាគច្រើនគឺជាមនុស្សស្រី ដែលពេលថ្ងៃជាមនុស្សធម្មតាដូចគេឯងទូទៅ ហើយវាតែងដើរចេញរកចំណីស៊ីនៅពេលយប់។

តែកាលណាវា ដើរចេញរកចំណីនៅពេលយប់ គឺអាបនេះតែងប្រើអាគមដកក្បាលយកពោះវៀន ចេញពីខ្លួនហើយហោះចេញទៅ។ ពេលវាហោះម្តងៗនឹងមានពន្លឺភ្លើងពណ៌ខៀវមួយធំ នៅជាប់ជាមួយពោះវៀនរបស់វា។ ពេលអាបនោះហោះទៅណាមកណារកស៊ីចំណី គឺភ្លើងខៀវនោះតែងតែភ្លឺរហូត ឬពេលវាចង់បំបាំងខ្លួនលាក់មិនឱ្យគេឃើញទើបវាពន្លត់ភ្លើងនេះ។

រូបតំណាង ដកស្រង់ចេញពី Google

ចំណីដែលអាបស៊ីរួមមានដូចជា ស៊ីពោះវៀនផឹកឈាមសត្វមាន់ ទា ជ្រូក និងកង្កែប សាច់ស្រស់ សាកសព និងភក់ជ្រាំជាដើម ជាពិសេសគឺសុកស្ត្រីដែលទើបសម្រាលកូនរួចគឺពពួកខ្មោចអាបនេះ ចូលចិត្តស៊ីជាអាហារណាស់។

ដូច្នេះហើយទើបមានទំនៀមពីបុរាណថា តែកាលណាមានស្រ្តីទើបសម្រាលកូនគេតែងយកវត្ថុផ្សេងៗមកដាក់ការពារនៅមាត់បង្អួច ឬមាត់ទ្វារ ដើម្បីការពារក្រែងមានខ្មោចអាបនេះមកបន្លាចស្រ្តីដែលទើបឆ្លងទន្លេរួច និងកូនរបស់នាងផងដែរ។ មិនតែប៉ុណ្ណោះ គេក៏នាំគ្នាគូសសញ្ញា ជើងក្អែកដើម្បីការពារពីខ្មោចព្រាយបិសាចនានាទៀតដែរ។

មួយទៀតបើអាបនោះខឹងសម្បារ ឬមានទាស់ចិត្តជាមួយនឹងបុគ្គលណាម្នាក់នោះ វាតែងធ្វើអំពើឱ្យម្នាក់នោះចុកពោះ ឬឈឺធ្ងន់នានា ដោយសារមន្តអាគមរបស់ខ្លួន។ ហើយគេក៏មានជំនឿថា បើកាលណាមនុស្សធម្មតាបានផឹកទឹកមាត់របស់អាប នោះក៏នឹងក្លាយទៅជាអាបបានដែរ។ ហេតុដូច្នេះហើយបានជាកាលណាអ្នកភូមិស្រុកបានដឹងថា នៅក្នុងភូមិរបស់ខ្លួនរស់នៅមានមនុស្សស្រីជាអាប ឬជាធ្មប់ជាដើម គេតែងនាំគ្នាវាយបណ្តេញចេញមិនឱ្យររស់នៅក្នុងភូមិស្រុកនោះទៀតឡើយ ព្រោះខ្លាចបង្កគ្រោះថ្នាក់អ្នកស្លូតត្រង់»

តាមបទពិសោធន៍ផ្ទាល់ អ៊ំស្រីបានប្រាប់បន្តទៀតថា៖ «ខ្ញុំធ្លាប់បានឃើញម្តងដែរ ប៉ុន្តែមិនបានឃើញអាបផ្ទាល់តែម្តងនោះទេ គឺកាលពីជាង១០ឆ្នាំមុន នៅយប់ខ្លះតែងឃើញមានភ្លើងមួយដុំហោះចេញពីដើមឈើខ្ពស់ៗ ឬហោះចេញពីភូមិទៅ ដែលធ្លាប់តែបានឮគេនិយាយតៗគ្នាថា គឺជាភ្លើងអាប ឬជាភ្លើងព្រាយ។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តីក៏បច្ចុប្បន្ននេះ យើងសង្កេតឃើញថារឿងអាបធ្មប់នេះបានសាបយ៉ាងច្រើនពីក្នុងផ្នត់គំនិតប្រជាជនទូទៅ ព្រោះគេមិនជឿលើរឿងអបិយជំនឿទាំងអស់នេះទៀតនោះទេ ដោយសារតែវិទ្យាសាស្រ្តមានការរីកចម្រើនខ្លាំង។

សម្រាប់ខ្ញុំ ខ្ញុំជឿថានៅលើលោកនេះ ពិតជាមានវិញ្ញាណ ព្រលឹង និងពពួកអសុរកាយទាំងនេះពិតមែន។ ហើយតាមអ្វីដែលខ្ញុំធ្លាប់បានដឹង គឺមានតែអ្នកដែលមានរាសីដាក់ ឬមានជាប់ជំពាក់កម្ម ជាមួយពពួកទាំងនេះប៉ុណ្ណោះ ដែលអាចជួបវាបាន ប្រសិនបើអ្នកដែលមានទេវតាការពារ ឬមានបុណ្យល្អតាមថែរក្សា ពពួកអាបធ្មប់ ឬព្រាយអសុរកាយទាំងនេះ ពិតជាមិនបង្ហាញខ្លួនឱ្យយើងបានឃើញនោះឡើយ»៕  

រូបភាព អ៊ំស្រី គាន់

ចុះប្រិយមិត្តទាំងអស់គ្នាវិញ យល់យ៉ាងណាដែរ តើជឿថាមានអាបពិត ឬមិនពិត? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]