ការស្តុកទុកអាហារ គឺជាកង្វល់ដ៏ចំបងមួយ ជាពិសេស សម្រាប់អ្នករវល់ មិនសូវមានពេលដើរផ្សារជារៀងរាល់ថ្ងៃតែម្តង។ ជាងនេះទៅទៀតនោះ សាច់សត្វ និងផលិតផលទឹកដោះគោមួយចំនួន ងាយនឹងឆាប់ខូចណាស់ ដោយសារតែវាមានជាតិទឹក និង សារធាតុចិញ្ចឹមខ្ពស់។

ប៉ុន្តែ សូមកុំបារម្ភអី! ថ្ងៃនេះយើងនឹងលើកឡើងពីរបៀប រក្សាទុកអាហារទាំងនេះ បានយូរជាងរាល់ដង ជូនប្រិយមិត្តវិញម្តង។

ដើម្បីកុំឲ្យរង់ចាំយូរ សូមទៅតាមដានទាំងអស់គ្នា ដូចខាងក្រោមនេះ! 

ការស្តុកទុកអាហារ គឺជាកង្វល់ដ៏ចំបងមួយ ជាពិសេស សម្រាប់អ្នករវល់ មិនសូវមានពេលដើរផ្សារជារៀងរាល់ថ្ងៃតែម្តង

១. ស៊ុត

ជាក់ស្តែង ស៊ុត មិនចាំបាច់រក្សាទុកក្នុងទូទឹកកកនោះទេ ប៉ុន្តែ ប្រសិនបើក្នុងរដូវក្តៅខ្លាំង អ្នកអាចរក្សាវាទុកក្នុងទូទឹកកក បានរយៈពេល ៥ សប្តាហ៍ឯណោះ។

២. ត្រី

សម្រាប់សាច់ត្រី អ្នកត្រូវតែរក្សាទុកក្នុងទូទឹកកក ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយដាក់វាក្នុងថង់បិទមាត់ឲ្យជិត រួចទុកត្រង់កន្លែងកក។ អ្នកអាចរក្សាវាទុកបាន ១ ទៅ ២ អាទិត្យ និងមិនត្រូវទុកលើសពីនេះឡើយ។

៣. ប្រភេទសាច់ផ្សេងទៀត (សាច់គោ សាច់ជ្រូក សាច់មាន់ -ល-)

ប្រសិនបើអ្នកទិញសាច់កែច្នៃ ឬសាច់កញ្ចប់ ដែលមានដាក់លក់តាមផ្សារទំនើប អ្នកអាចក្លាសេទុកបានតែ ២ ថ្ងៃប៉ុណ្ណោះ ពីព្រោះវាមានអង់ហ្ស៊ីម និងបាក់តេរីកកើតឡើង។

ប៉ុន្តែសម្រាប់សាច់ស្រស់ ដែលអ្នកទិញពីផ្សារ អ្នកគ្រាន់តែយកវាមកលាងទឹកឲ្យស្អាត រួចយកក្រដាសអាលុយមីញ៉ូមមករុំឲ្យជិត ដាក់ក្នុងទូទឹកកកត្រង់កន្លែងកក បានរយៈពេល ៣ ទៅ ៤ ថ្ងៃ (អ្នកអាចប្រឡាក់សាច់នោះឲ្យហើយ សឹមដាក់ចូលក៏បាន)។

សម្រាប់សាច់ស្រស់ ដែលអ្នកទិញពីផ្សារ អ្នកគ្រាន់តែយកវាមកលាងទឹកឲ្យស្អាត រួចយកក្រដាសអាលុយមីញ៉ូមមករុំឲ្យជិត ដាក់ក្នុងទូទឹកកកត្រង់កន្លែងកក រយៈពេល ៣ ទៅ ៤ ថ្ងៃ

៤. យ៉ាអួ

សម្រាប់យ៉ាអួ អ្នកអាចរក្សាក្នុងទូទឹកកក កន្លែងត្រជាក់ធម្មតាបានរហូតដល់ ២ អាទិត្យ ហើយបើដាក់កន្លែងកកវិញ អាចរក្សាទុកបាន ២ ខែឯណោះ។ ថ្វីត្បិតតែរក្សាទុកបាន ២ ឬ ៣ សប្តាហ៍ហើយ វាមានរសជាតិជូរបន្តិចមែន ក៏វានៅតែអាចញ៉ាំបាន មិនបង្កគ្រោះថ្នាក់អ្វីឡើយ។ 

៥. ទឹកដោះគោ

ធម្មជាតិរបស់ទឹកដោះគោ គឺងាយខូច ងាយកកដុំៗណាស់។ អ្នកត្រូវរក្សាវាទុកក្នុងទឹកកក ខាងក្នុងបន្តិច ដើម្បីឲ្យវាអាចទទួលបានសីតុណ្ហភាពថេរ បានរយៈពេល ២ ថ្ងៃ ជាពិសេស មុនពេលយកមកទទួលទាន ត្រូវកម្តៅវាជាមុនសិន។ ប៉ុន្តែ ប្រសិនបើមិនទាន់បើកគម្របទេនោះ អ្នកអាចរក្សាវាទុកក្នុងទូទឹកកក បានរយៈពេល ១ អាទិត្យ។

៦. តៅហ៊ូ

សម្រាប់តៅហ៊ូ ត្រូវដាក់ឲ្យលិចក្នុងទឹក រួចទុកនៅកន្លែងត្រជាក់ធម្មតាបាន ១ អាទិត្យ ប៉ុន្តែបើដាក់ត្រង់កន្លែងកក អាចរក្សាទុក ៥ ខែឯណោះ។

៧. ចំណុចគួរយល់ដឹងបន្ថែម

• ដើម្បីពិនិត្យមើលថាស៊ុតនៅល្អឬអត់ អ្នកអាចយកវាទៅដាក់ក្នុងទឹក។ ប្រសិនបើវាលិច វាជាស៊ុតល្អ ប្រសិនបើវាអណ្តែត ស៊ុតនោះខូចហើយ។

• សូមជ្រើសរើសទឹកដោះគោ ដែលមានសំបកក្រដាស ពីព្រោះធុងទឹកដោះគោពណ៌ស អាចបណ្តាលឲ្យពន្លឺជះចូលបាន និងធ្វើឲ្យខូចយ៉ាងឆាប់រហ័ស។

• សូមកុំដាក់ទឹកដោះគោ នៅធ្នើរមាត់ទ្វារទូទឹកកកឲ្យសោះ ពីព្រោះវាជាកន្លែងមិនសូវត្រជាក់ទេ ដោយសារត្រូវតែបើកបិទច្រើនដង។

• កុំដាក់គ្រឿងសមុទ្រចោលខាងក្រៅ លើសពី ២ ម៉ោងឲ្យសោះ។ អ្នកត្រូវដាក់វាក្នុងទូទឹកកក ដើម្បីអាចទទួលទានពេលក្រោយទៀតបាន។

• ស៊ុត ដែលបំបែកហើយ អាចរក្សាទុកក្នុងថង់បិទមាត់ជិត ដាក់ក្នុងទូទឹកកក និងត្រូវទទួលទានក្នុងថ្ងៃតែមួយនោះភ្លាមៗ៕ 

កុំដាក់ទឹកដោះគោ នៅធ្នើរមាត់ទ្វារទូទឹកកកឲ្យសោះ ពីព្រោះវាជាកន្លែងមិនសូវត្រជាក់ទេ ដោយសារត្រូវតែបើកបិទច្រើនដង

ប្រភព៖ The Indian Spot

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]