ភ្នំពេញ៖ គ្រាន់តែឃើញចំណងជើង ប្រិយមិត្តប្រាកដជាដឹងថារឿង «ទឹកភ្នែកនាងទាសី» គឺជារឿងដែលពោរពេញទៅដោយទឹកភ្នែក និងទុក្ខសោក។ ជាការពិត មិនខុសពីប្រិយមិត្តបានគិតទុកនោះទេ ខ្សែភាពយន្តភាគថៃថ្មី «ទឹកភ្នែកនាងទាសី» ដែលនឹងត្រូវចាក់បញ្ចាំងជូនទស្សនានាពេលឆាប់ៗខាងមុខនេះ គឺជារឿងភាគបែបបុរាណលាយឡំជាមួយមនោសញ្ចេតនា កម្សត់ រួមនឹងឆាកជីវិតតស៊ូជាច្រើន។

«ទឹកភ្នែកនាងទាសី» ឬ Nang Tard ធ្លាប់បានទទួលការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រិយមិត្តទស្សនិកជនក្នុងអំឡុងឆ្នាំ ២០០៨ ហេតុដូច្នេះហើយទើបផលិតករសម្រេចចិត្តផលិតខ្សែភាពយន្តនេះឡើងវិញម្តងទៀត ហើយក៏បានចាក់បញ្ចាំងជូនទស្សនាក្នុងអំឡុងឆ្នាំ ២០១៦ នៅប្រទេសថៃ។

រឿង«ទឹកភ្នែកនាងទាសី»ថ្មីនេះ ត្រូវបានចូលរួមសម្តែងដោយតារាសម្តែងជើងចាស់លោក Nattawut Skidjai Nattawut Skidjai សម្តែងជាតួ Jao Khun/Praya (Singh) នាង Tisha Tantiprasut សម្តែងជាតួ Ee-Yen នាង Woonsen Virithipa Pakdeeprasong សម្តែងជាតួ Khun Ying (Yam) រួមនឹងតារាសម្តែងល្បីៗជាច្រើនដួងទៀត។

រឿងនេះរៀបរាប់ពីជីវិតរបស់ នាងយ៉េន ដែលជាកេ្មងស្រីកើតនៅក្នុងត្រកូលគ្រួសារដែលមានជីវភាពក្រខ្សត់ដោយមានឪពុកញៀននឹងល្បែង។ នាងយ៉េន ត្រូវបានលក់ទៅឲ្យលោកស្រីយីង ដែលជាអ្នកមានបំផុតប្រចាំភូមិ។ សំណាងល្អ នាងយ៉េនបានក្លាយទៅជាអ្នកបម្រើផ្ទាល់របស់លោកស្រីយីង តែសម្រាប់លោកស្រីបានចាត់ទុកនាងមិនមែនគ្រាន់តែជាអ្នកបម្រើនោះទេ។ ដោយសារតែនាងយ៉េនស្អាត និងក្មេងធ្វើឲ្យលោកម្ចាស់ដ៏សង្ហារ Praya ចង់បាននាងមកធ្វើជាប្រពន្ធទីបួន ខណៈដែលប្រពន្ធទាំងបីរបស់លោកមិនអាចបង្កើតកូនឲ្យលោកបាន។ មិនយូរប៉ុន្មានទាំងនាងយ៉េន និងលោកស្រីយីងបានពពោះកូនឲ្យលោកម្ចាស់ Praya ។

ចៃដន្យអាក្រក់ កូនរបស់លោកស្រីយីង បានស្លាប់ តែនាងយ៉េនកើតបានកូនស្រីដែលមានសុខភាពល្អ។ ដោយសារការដឹងគុណនាងយ៉េនបានសុខចិត្តឲ្យកូនរបស់ខ្លួនទៅលោកស្រី យីង ទាំងឈឺចាប់ ហើយក៏លាក់អាថ៍កំបាំងនេះពីលោកម្ចាស់ Praya។ 

ក្រោយមករឿងរ៉ាវអាក្រក់ៗបានកើតឡើងដោយគេមួលបង្កាច់នាងយ៉េនថាមានបំណងអាក្រក់ទៅលើអ្នកនាងតូច ហើយនាងក៏ក្លាយទៅជាអ្នកបម្រើវិញ។ ជាច្រើនឆ្នាំនាងយ៉េនបានទទួលរងទារុណកម្មយ៉ាងច្រើនពីលោកម្ចាស់ នាងសាលី និង Boonmee។ តើជីវិតរបស់នាងយ៉េន នឹងទៅជាយ៉ាងណានៅទីបញ្ចប់? តើនាងអាចទទួលស្គាល់កូនស្រីរបស់ខ្លួនវិញឬទេ? តើលោកម្ចាស់អាចបន្ទន់ចិត្តមកលើនាងវិញដែរឬទេ?

ខ្សែភាពយន្តនេះនឹងចាក់បញ្ចាំងជូនទស្សនាចាប់ពីថ្ងៃទី ២៨ ខែមិថុនានេះតទៅ រៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃពុធ វេលាម៉ោង ៦:០០ ដល់ម៉ោង ៧:០០យប់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕

ទស្សនាឈុតខ្លីសូមចុច៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]