** ប្រលោមលោកខ្មែរឡូត ** 

ជាមនុស្សប្រុសធម្មតាកើតក្នុងត្រកូលជនសាមញ្ញ តែខ្ញុំមានបំណងប្រាថ្នាមួយនោះគឺតាមរកមនុស្សស្រីនៅក្នុងក្តីស្រមៃ។ នាងត្រូវតែជាមនុស្សស្រីស្អាត ឆ្លាត ពេលញញឹមបញ្ចេញរស្មីដូចព្រះអាទិត្យ ពេលនិយាយសម្លេងស្រួយស្រេះដូចសារិកា។ ប៉ុន្តែខ្ញុំដឹងថាមិនងាយនឹងរកបានមនុស្សស្រីបែបនោះទេ។ មនុស្សស្រីក្នុងក្តីស្រមៃប្រៀបបីដូចជាទេពធីតារបស់ខ្ញុំ ប្រាកដជារកតែប្រុសអ្នកមានហើយ គេម៉េចហ្នឹងចាប់អារម្មណ៍មនុស្សប្រុសធម្មតាដូចជាខ្ញុំទៅ។

ពេលនោះខ្ញុំក៏ចាប់ផ្តើមកែប្រែខ្លួនឯង ឱ្យក្លាយជាមនុស្សប្រុសដែលជាទីពេញចិត្តរបស់មនុស្សស្រីទាំងអស់។  ខ្ញុំប្រឹងប្រែងធ្វើការកាន់តែខ្លាំង ដើម្បីក្លាយជាមនុស្សប្រុសជោគជ័យម្នាក់។ តែវាជារឿងដែលពិបាកសម្រាប់មនុស្សគ្មានអ្វីសោះដូចជាខ្ញុំ។ ការរកស៊ីបណ្តាក់ទុនបានខាតប៉ុន្មានដងមកហើយ ខ្ញុំចាប់ផ្តើមរារែក ប៉ុន្តែរូបរាងរបស់មនុស្សស្រីនៅក្នុងក្តីស្រមៃរបស់ខ្ញុំ បានក្លាយជាកម្លាំងចិត្តឱ្យខ្ញុំខំប្រឹងប្រែងធ្វើការបន្ថែមទៀត។

ខ្ញុំចាប់ផ្តើមបែកគំនិតចង់បានទុនបន្ថែមទៀត ដោយខ្ចីពីមនុស្សម្នាក់ដែលនៅក្បែរខ្លួនខ្ញុំ។ ខ្ញុំដឹងថានាងស្រលាញ់ខ្ញុំ ប៉ុន្តែនាងគ្រាន់តែជាមនុស្សស្រីសាមញ្ញ តែងខ្លួនអន់ៗ មិនស៊ីវីល័យ មុខមាត់មិនចាត់ទុកថាអាក្រក់តែក៏មិនស្អាត ម៉េចនឹងអាចប្រៀបធៀបមនុស្សស្រីនៅក្នុងក្តីស្រមៃរបស់ខ្ញុំទៅ? ប៉ុន្តែនាងល្អនឹងខ្ញុំណាស់ តាមខ្ញុំគ្រប់យ៉ាង ហើយបានយកលុយដែលនាងសន្សំទាំងអស់ចេញមកឱ្យខ្ញុំរកស៊ី។ នាងជាកូនកំព្រា បែបនេះហើយ ក្រៅពីរស់នៅចិញ្ចឹមជីវិត នាងតែងតែសន្សំលុយទុក។ នាងប្រាប់ថា នាងមានក្តីស្រមៃចង់មានពិធីរៀបការដ៏ល្អឥតខ្ចោះមួយ។ ខ្ញុំលួចសើចក្នុងចិត្ត មុខមាត់នាងហ្នឹងនឹងអាចរកមនុស្សប្រុសល្អម្នាក់ហើយរៀបការ? ខ្ញុំមិនចង់រវល់ជាមួយមនុស្សស្រីអត់ជាតិដូចនាងទេ តែខ្ញុំត្រូវការលុយ។ បែបនេះហើយធ្វើឱ្យខ្ញុំរឹតតែប្រឹងប្រែងទ្វេដង ដើម្បីប្រញាប់សម្រេចភាពជោគជ័យរបស់ខ្ញុំ ហើយខ្ញុំនឹងអាចឆាប់សងលុយនាងផង និងប្រញាប់ទៅរកមនុស្សស្រីក្នុងស្រមៃខ្ញុំផង។ តែទីបំផុតខ្ញុំបានបរាជ័យម្តងទៀត។ ខ្ញុំអស់សង្ឃឹមខ្លាំងណាស់ ខ្ញុំចាប់ផ្តើមផឹកស្រាបំបាត់ទុក្ខ។ តែនាងនៅតែមករកខ្ញុំ និងបានពន្យល់ខ្ញុំឱ្យតស៊ូបន្តទៅទៀត។ នៅពេលព្រឹកមួយស្រាប់តែនាងប្រាកដនឹងមុខខ្ញុំ ហើយបានហុចសំបុត្រមួយ នោះគឺសែកដែលមានលុយមួយចំនួនធំ ដែលអាចឱ្យខ្ញុំសាកល្បងការរកស៊ីម្តងទៀត ដែលលុយនេះគឺនាងបានខ្ចីពីធនាគារឱ្យខ្ញុំ។ ព្រោះតែប្រវត្តិការសិក្សានិងការងាររបស់នាងល្អ ការខ្ចីលុយចំនួនច្រើនបែបនេះ មិនមែនជាបញ្ហាសម្រាប់នាងទេ។ ខ្ញុំបានប្រាប់ខ្លួនឯងម្តងទៀត ត្រូវតែប្រញាប់ឆាប់សម្រេចគោលដៅ បើមិនអ៊ីចឹងខ្ញុំប្រាកដជាត្រូវជំពាក់គុណនាងអស់មួយជីវិតហើយ។ ការងាររកស៊ីបានចាប់ផ្តើមដំណើរការល្អជាងមុន តែពាក្យខ្សឹបខ្សៀវរវាងពួកយើងក៏រឹតតែធំឡើងៗ ខ្ញុំដាច់ចិត្តសុំនាងរៀបការ គឺគ្រាន់តែយកនាងបំពេញការខ្វះខាតរបស់ខ្ញុំសិនប៉ុណ្ណោះ ចាំពេលខ្ញុំជោគជ័យចាំសុំនាងលែងលះក៏មិនទាន់យឺតពេលដែរ ព្រោះខ្ញុំដឹងថានាងមិនមែនជាមនុស្សស្រីពិបាកនិយាយគ្នាទេ។ ពិធីរៀបការរបស់យើងមិនបានចំជាពិធីរៀបការនោះទេ ។ ពួកយើងគ្រាន់តែទៅធ្វើសំបុត្រអាពាហ៍ពិពាហ៍រួចញ៉ាំអាហារសាមញ្ញមួយពេលជាមួយគ្នា តែខ្ញុំដឹងថានាងសប្បាយចិត្តខ្លាំងណាស់។ មួយឆ្នាំកន្លងផុតទៅ ការងាររកស៊ីរបស់ខ្ញុំកាន់តែរីកចម្រើន បើខ្ញុំខិតខំបន្ថែមទៀតយ៉ាងយូរឆ្នាំក្រោយខ្ញុំប្រាកដជាអាចជោគជ័យហើយអាចតាមរកមនុស្សស្រីក្នុងសុបិនរបស់ខ្ញុំជាមិនខាន។ មែនហើយរយៈពេលប៉ុន្មានឆ្នាំកន្លងមក អំពើល្អរបស់នាង ភាពទន់ភ្លន់របស់នាងបែរជាមិនអាចឱ្យខ្ញុំស្រលាញ់នាងបានម្តងសោះ។ កាលពីមុនថានាងមិនសូវស្អាត តែពេលនេះមើលចុះនាងរឹតតែអាក្រក់នាងមុន។ ភាពហត់នឿយ និងមុខដែលខ្មៅដុំៗគ្មានគ្រឿងសម្អាង ខោអាវថោកៗដែលនាងស្លៀកពាក់ សក់ក្បាលដែលមិនសូវសិតរៀបរយរបស់នាង ខុសពីខ្ញុំដែលមានរូបរាងសង្ហា សាច់ឈាមភ្លឺថ្លា ធ្វើឱ្យខ្ញុំរឹតតែស្អប់នាង និងចង់លែងលះនាងឱ្យបានឆាប់តែខ្ញុំត្រូវតែទ្រាំសិន។

ថ្ងៃមួយខ្ញុំបានស្គាល់មនុស្សស្រីម្នាក់ គ្រាន់តែបានឃើញនាងភ្លាម ខ្ញុំប្រាប់ខ្លួនឯងថាគឺនាងហើយជាមនុស្សស្រីដែលខ្ញុំនឹកស្រមៃទាំងយប់ទាំងថ្ងៃ។ ពួកយើងបានចាប់ផ្តើមទាក់ទងគ្នា ខ្ញុំបានជូនឡានទំនើប ជូនបាច់ផ្កា និងសំភារៈទំនើបៗដល់នាង។ នាងប្រៀបដូចជាកូនបក្សី ដ៏ទន់ភ្លន់ចេះយកចិត្ត សម្តីផ្អែម ខុសពីប្រពន្ធដ៏អាក្រក់របស់ខ្ញុំ។ ប៉ុន្តែនៅថ្ងៃមួយ ខ្ញុំរកឃើញថាស្រីក្មេងម្នាក់នោះបានបោកប្រាស់ខ្ញុំ។ នាងយកលុយរបស់ខ្ញុំ ទៅចិញ្ចឹមប្រុសក្មេង ហើយដៀលខ្ញុំថាល្ងង់។ ខ្ញុំចាប់ភ្ញាក់ខ្លួនថា នេះឬជាមនុស្សស្រីដែលខ្ញុំតាមរករាប់ឆ្នាំ? ខ្ញុំបានត្រលប់មកផ្ទះវិញទាំងសភាពស្រវឹង ពេលមកដល់មុខផ្ទះ ខ្ញុំទើបតែសង្កេតឃើញថាភ្លើងមុខផ្ទះនៅតែបំភ្លឺទាំងយប់កណ្តាលអធ្រាត។ បេះដូងខ្ញុំស្រាប់តែមានភាពកក់ក្តៅ ។ ការពិតរាល់យប់ប្រពន្ធរបស់ខ្ញុំតែងតែបើកភ្លើងបំភ្លឺផ្លូវរង់ចាំខ្ញុំត្រលប់មកផ្ទះវិញ។ តែខ្ញុំបែរជារវល់មានសេចក្តីសុខជាមួយស្រីក្មេង។ ខ្ញុំយកសោរចាក់ចូលផ្ទះឃើញនាងកំពុងតែគេងលើសាឡុងដៃកាន់សៀវភៅមួយក្បាលជាប់។ នោះគឺជាពិធីរៀបការដ៏ស្រស់ស្អាតមួយ។ ខ្ញុំស្រាប់តែញាប់ញ័រចិត្តមើលទឹកមុខដ៏នឿយហត់ ស្នាមជ្រួញដែលនៅលើថ្ងាស និងដៃដែលក្រិនរបស់នាង។ ខ្ញុំស្រាប់តែនឹកឃើញថា កន្លងមកថាខ្ញុំហត់នឿយ តែមនុស្សស្រីម្នាក់នេះហត់នឿយលើសខ្ញុំរាប់រយដង។ នាងលះបង់ច្រើនណាស់ យកលុយសន្សំឱ្យខ្ញុំ ខ្ចីលុយពីធនាគារឱ្យខ្ញុំទាំងខ្លួនមានបំណុល តែមិនហ៊ានរអ៊ូសូម្បីតែមួយម៉ាត់។ ឈ្នួលបំរើក៏មិនហ៊ានជួល សុខចិត្តធ្វើកិច្ចការគ្រប់យ៉ាងទាំងអស់ដោយខ្លួនឯង ព្រោះតែចង់សន្សំលុយ។ តែមើលមកខ្ញុំចុះ ខ្ញុំយកតែចិត្តខ្លួនឯង គិតតែពីខ្លួនឯង មិនដែលស្រលាញ់និងខ្វល់ពីនាងសូម្បីតែម្តង។ ដឹងត្រឹមតែប្រឹងសម្រេចបំណងខ្លួនឯងរក មនុស្សស្រីនៅក្នុងក្តីស្រមៃដែលគ្រាន់តែជារបស់ស្រស់ស្អាតបំភាន់ភ្នែក។ ការពិតមនុស្សស្រីដែលស្អាតពិតប្រាកដគឺមនុស្សស្រីម្នាក់នេះដែលនៅនឹងមុខខ្ញុំ មនុស្សស្រីដែលលះបង់ មនុស្សស្រីដែលមានទាំងចិត្តគំនិតស្រស់ស្អាត។ សេចក្តីសុខស្រាប់តែមានពេញក្នុងបេះដូងរបស់ខ្ញុំ។ ខ្ញុំលើកបីមនុស្សស្រីដែលមានរូបរាងតូចស្តើងស្គមស្គាំងម្នាក់នេះឡើងទៅគេងលើពូករួចដណ្តប់ភួយ ស្រាប់តែនាងភ្ញាក់បើកភ្នែកធំៗ រួចស្រវេស្រវ៉ាក្រោករួចនិយាយទាំងបារម្ភ។

« បងញ៉ាំបាយនៅ? អូនទៅរៀបចំជូនណា? បងស្រវឹង? ចាំអូនដាំទឹកក្តៅជូនបង» ខ្ញុំស្រវ៉ាឱបនាងទាំងក្តីស្រលាញ់។ ទោះជាមិនដែលនិយាយថាស្រលាញ់ ទោះមិនដែលនិយាយពាក្យថា នឹក ឬបារម្ភ តែទង្វើនិងសម្តីរបស់នាងប៉ុន្មានម៉ាត់នេះ បានបញ្ជាក់ពីក្តីស្រលាញ់ និងការបារម្ភដ៏ជ្រាលជ្រៅ។

« បងសុំទោស សុំទោសគ្រប់យ៉ាង » ខ្ញុំឱបនាងរឹតតែខ្លាំង នាងក៏ឱបខ្ញុំវិញទាំងយំតិចៗ។ ទីបំផុតខ្ញុំរកមនុស្សស្រីដ៏ស្រស់ស្អាតនៅក្នុងក្តីស្រមៃរបស់ខ្ញុំឃើញហើយ នោះគឺមនុស្សស្រីម្នាក់នេះដែលនៅចំពោះមុខខ្ញុំ។ ខ្ញុំនឹងថែរក្សាមនុស្សស្រីដែលមានតម្លៃម្នាក់នេះឱ្យបានល្អបំផុត ខ្ញុំសូមសន្យា៕

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]