ស្នេហាមួយនេះ គ្មានថ្ងៃណាដែលអាចត្រលប់មកដូចដើមវិញទេ។

ក្តីស្រលាញ់ច្រើនឆ្នាំ បែរជាមិនអាចនៅគង់វង្សបានយូរ ។ អនុស្សាវរីយ៍គ្រប់ទីកន្លែង ក្តីស្រលាញ់ដែលខំសន្សំមិនអាចឃាត់ចិត្តមនុស្សដែលចង់ទៅ។ តែអ្នកដែលឈឺចាប់បំផុតគឺអ្នកដែលនៅ។ តើអ្នកដែលនៅ គឺនៅដើម្បីបំភ្លេច? នៅដើម្បីធ្វើចិត្ត ? ឬនៅដើម្បីរង់ចាំមនុស្សដែលទៅបាត់ត្រលប់មកវិញ?

ថ្ងៃដែលគេប្រួលប្រែក៏ជាថ្ងៃ ដែលនាងឈឺចាប់បំផុតដែរ។ តែនាងទ្រាំគ្រាន់តែសង្ឃឹមថាវាគ្រាន់តែជាសុបិន មួយរយៈពេលខ្លី។ ។ ប៉ុន្តែនៅថ្ងៃមួយនោះគេបានមកសុំនាងបែកគ្នាទាំងគ្មានអាឡោះអាល័យ។ នាងដឹង តែនាងនៅតែមិនអាចទទួលយករឿងមួយនេះបាន។ បានជានាងសុំឱកាសដើម្បីបាននៅជាមួយគេជាលើកចុងក្រោយ។ មែនហើយ! ដំណើរកំសាន្តលើកនេះ បានក្លាយជាដំណើរកំសាន្តលើកចុងក្រោយរបស់ពួកគេពិតប្រាកដមែន។

ពេលដែលបង្ខំនៅជាមួយមនុស្សអស់ចិត្ត វាមិនខុសអ្វីពីរស់នៅជាមួយតុក្កតា ដែលគ្មានជីវិត គ្មានវិញ្ញាណនោះទេ។ គេតោះតើយ គេនិយាយសម្តីកាន់តែធ្វើបាបចិត្តនាង។ ពេលនាងព្យាយាមកាន់ដៃគេ គេក៏ទាញដៃចេញ ប្រៀបបីដូចជានាងជាឈ្លើងតាមទាមគេអ៊ីចឹង។ ទង្វើរបស់គេធ្វើឱ្យនាងស្រក់ទឹកភ្នែក។ តែនាងនៅតែទ្រាំដើម្បីឱ្យថ្ងៃនេះកន្លងទៅឱ្យល្អបំផុត។ ពេលដែលពួកគេឡើងទូកទៅលេងកោះ ស្រាប់តែមេឃចុះអ័ព្ទ ខ្យល់ព្យុះខ្លាំង បោកបក់មើលគ្នាមិនយល់ ។ នាងព្យាយាមចាប់ដៃគេទាំងភ្នែកព្រឹលអស់។ ប៉ុន្តែរូបរាងគេកាន់តែបាត់ពីមុខនាងទៅបន្តិចម្តងៗ។

នាងអង្គុយយំនៅក្នុងតង់ក្រុមសង្គ្រោះបន្ទាន់ គេបានបាត់ខ្លួនជាមួយមនុស្សជាច្រើននាក់។ ក្រុមសង្គ្រោះបានប្រកាសថា គេបានរកឃើញសាកសពបុរស ៥នាក់។ នាងយំតិចៗ យកដៃក្តោបក្បាលដែលឈឺចាប់ ។ នាងខ្លាច ខ្លាចថាវាជារូបភាពដែលនាងមិនចង់ឃើញ ។ ស្រាប់តែមានប្រុសម្នាក់ហុចស្ករមួយគ្រាប់ស្រដៀងថ្នាំឱ្យនាង

« ឈឺក្បាលមែនទេ? នេះ » នាងទទួលយកទាំងញ័រដៃ រួចសួរ

« ម៉េចក៏លោកដឹងថាខ្ញុំញ៉ាំស្ករគ្រាប់នេះ?»

« សំណាងណាស់ដែលខ្ញុំចូលចិត្តញ៉ាំស្ករប្រភេទនេះដែរ ប្រហែលជាសង្សារនាងឃើញខ្ញុំមានហើយបានជាពឹងឱ្យខ្ញុំយកមកឱ្យនាង? នាងសំណាងណាស់ដែលមានសង្សារស្រលាញ់នាងដល់ថ្នាក់នេះ »

« សង្សារខ្ញុំ? ពេលនេះគេនៅឯណា? »

« អូ! អំបាញ់មិញគេនៅត្រង់នេះ ប៉ុន្តែគេចេញទៅក្រៅបាត់ហើយ » 

នាងស្ទុះរត់ចេញទៅក្រៅតង់ទាំងសប្បាយចិត្ត ប៉ុន្តែរូបភាពរន្ធត់ដែលនាងឃើញនោះគឺសាកសពបុរសដែលនាងស្រលាញ់ជាមួយសពប្រុសៗ ៤នាក់ផ្សេងទៀត។ នាងបិទមាត់ស្រែកយំខ្លាំងៗទាំងស្លុតចិត្ត។ 

« អរគុណណា ទោះជាកាលពីមុនមានហេតុផលយ៉ាងណាក៏ដោយដែលបងធ្វើបែបនោះដាក់អូន តែអ្វីដែលអូនដឹងច្បាស់ពេលនេះ គឺបងនៅតែស្រលាញ់អូន និងនៅតែបារម្ភពីអូនដល់នាទីចុងក្រោយនៃជីវិត »   ៕

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]