អេស្ប៉ាញ៖ តារាឆ្នើមរបស់ក្រុមអ្នកមានបុណ្យ FC Barcelona កីឡាករ Lionel Messi បានប្រាប់ដល់ក្លិបរបស់ខ្លួនថា រូបគេធ្លាប់ចង់ចាកចេញពីក្រុម ហើយទៅចូលរួមជាមួយ Manchester City កាលពីរដូវក្ដៅ ឆ្នាំមុន។  នេះបើតាមសារព័ត៌មានរបស់អេស្ប៉ាញ Mundo Deportivo បានរាយការណ៍។

ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន បានចូលនិវត្ដន៍ពីក្រុមជម្រើសជាតិកាលពីខែមិថុនាឆ្នាំមុន ក្រោយរូបគេបានទាត់បាល់ប៉េណាល់ទីកាត់សេក្ដីមិនចូល ដែលធើ្វឲ្យក្រុមជម្រើសជាតិឈីលី លើកពាន Copa America។  

១០ថៃ្ងបន្ទាប់ ក្រោយបរាជ័យជាមួយក្រុមជម្រើសជាតិមក Messi ក៏បានជួបរឿងស៊យថែមទៀត ដោយត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល២១ខែ ពីបទក្លែងបន្លំពន្ធ។ 

Messi ត្រូវបានតុលាការអេស្ប៉ាញកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល២១ខែ ពីបទគេចពន្ធ កាលពីឆ្នាំមុន

យោងតាមកាសែតរបស់អេស្ប៉ាញ Mundo Deportivo បានឲ្យដឹងថា ការដែលត្រូវបានតុលាការសម្រេចឲ្យជាប់ពន្ធនាគាររយៈពេល២១ខែនោះ គឺជាហេតុផលមួយដែលធើ្វឲ្យ Messi ចង់ចាកចេញពី Barcelona ដើម្បីទៅចូលរួមជាមួយអ្នកចាត់ការ Pep Guardiola នៅក្រុមមេឃខៀវ Manchester City ដោយសារតែពួកគេទាំងពីរ ធ្លាប់ទទួលបានជោគជ័យជាមួយគ្នាម្ដងហើយអំឡុងពេលលោក Pep នៅដឹកនាំ Barcelona។ 

ក្រោយពីជួបពិភាក្សាជាមួយប្រធានក្លិប Barcelona លោក Josep Bartomeu ភ្លាមៗនោះក្លិបក៏បានចាត់ក្រុមការងារដើម្បីឆ្លើយតបទៅនឹងពាក្យចចាមអារ៉ាមថាក្លិបអាចនឹងលក់ Messi ខណៈដែល Man City បានត្រៀមកញ្ចប់ទឹកប្រាក់ប្រមាណ ១៥០លានផោន (១៨៩លានដុល្លារ) ដើម្បីទិញម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យនេះ។ 

ចុងក្រោយនៅថៃ្ងទី១៨ ខែកក្កដា ឆ្នាំមុន អនុប្រធានក្លិប Jordi Mestre បានធើ្វដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីពិភាក្សាជាមួយឪពុករបស់ Messi លោក Jorge។ ក្រោយពិភាក្សាអស់រយៈពេលជាង៣ម៉ោង លទ្ធផលទំនងមិនធើ្វឲ្យ Messi កែប្រែចិត្ដក្នុងការចង់ចាកចេញពីក្លិបឡើយ ប៉ុន្ដែត្រូវបានមិត្ដរួមក្រុម Luis Suarez ជួយផ្ដល់យោបល់ និងធើ្វឲ្យគេកែប្រែចិត្ដ។

អតីតកីឡាកររបស់ Liverpool បាននាំ Messi ទៅញុំាអាហារពេលល្ងាច ដើម្បីពិភាក្សា ហើយជាចុងក្រោយ Messi ក៏បានសម្រេចមិនចាកចេញពី Barcelona វិញ៕  

លោក Pep Guardiola គ្រូបង្វឹកក្រុម Man City
Messi អំឡុងពេលលេងឲ្យ Barcelona រដូវកាលមុន
Messi និង Suarez

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]