** ប្រលោមលោកខ្មែរឡូត **

អ្នកគិតថាអ្នកស្រលាញ់គេលះបង់ដើម្បីគេ តែគេបែរជាធ្វើអាក្រក់ចំពោះអ្នក។ តែកុំភ្លេចថានឹងមានមនុស្សម្នាក់ផ្សេងទៀតដែលល្អចំពោះអ្នកវិញដូចគ្នា។ ខ្ញុំជាមនុស្ស ម្នាក់ដែលកំពុងតែជួបរឿងរ៉ាវបែបនេះ។ 

ខ្ញុំខំធ្វើល្អគ្រប់យ៉ាង ខ្ញុំទ្រាំគ្រប់រឿងរ៉ាវ ខ្ញុំភក្តីភាពចំពោះស្នេហាមួយនេះណាស់។ គាត់ចង់ឱ្យខ្ញុំកែប្រែបែបណា ចង់ឱ្យខ្ញុំធ្វើយ៉ាងណា ខ្ញុំតែងតែស្តាប់គាត់ជានិច្ច។ តែលើលោកនេះអយុត្តិធម៌ខ្លាំងណាស់ ខ្ញុំប្រឹងប្រែង និងលះបង់ដើម្បីមនុស្សដែលខ្ញុំស្រលាញ់ តែទីបំផុតខ្ញុំនៅតែត្រូវគេក្បត់ចិត្ត។ ខ្ញុំពិតជាល្ងង់ខ្លាំងណាស់។

ច្រើនខែកន្លងមកហើយ ខ្ញុំនៅតែឈឺចាប់ បានជាពេលនេះខ្ញុំអង្គុយញ៉ាំស្រាក្រហមខូចចិត្តម្នាក់ឯងនៅក្នុងបារមួយកន្លែង។ ស្រាប់តែមានបុរសម្នាក់មកអង្គុយជិតខ្ញុំ

«ឈប់ញ៉ាំទៅមិនល្អទេ ម្យ៉ាងយប់ហើយត្រលប់ទៅវិញទៅ »

«មិនល្អស្អីលោកឯង? ចុះលោកឯងល្អជាងខ្ញុំប៉ុនណា បើលោកឯងល្អមែន ក៏មិនមកកន្លែងបែបនេះដែរ » ខ្ញុំក៏ស្រវឹងគេងលក់លើដៃរបស់គេ។ មិនដឹងថាគេយកខ្ញុំទៅណា តែពេលព្រឹកឡើងស្រាប់តែខ្ញុំ នៅលើពូករបស់គេ។ ខ្ញុំឡូឡានិងវ៉ៃគេយ៉ាងខ្លាំង។ តែការពិតយប់មិញគេចង់ជូនខ្ញុំទៅផ្ទះ ប៉ុន្តែមិនដឹងផ្ទះខ្ញុំនៅឯណាព្រោះខ្ញុំស្រវឹងខ្លាំងពេក។ គេក៏បីខ្ញុំមកផ្ទះរបស់គេ ហើយគេចេញទៅ គេងក្រៅបន្ទប់។

ពួកយើងក៏បានស្គាល់គ្នា រាប់អានរាងជិតស្និទ្ធ ប៉ុន្តែខ្ញុំមិនសូវចេះនិយាយសម្តីស្រួលៗ ជាមួយគេទេ មានតែពាក្យគំរោះគំរើយ ពាក្យស្អប់ និង ពាក្យមិនចូលចិត្ត។ តែគេនៅតែ តាមចិត្ត យកចិត្ត និងមើលថែខ្ញុំរហូត។ គេដឹងខ្ញុំចូលចិត្តញ៉ាំស្រាក្រហមរាល់ពេលបាយល្ងាច គេដឹងថាខ្ញុំចូលចិត្តញ៉ាំសាច់ឆៅ គេតែងតែរកមកឱ្យខ្ញុំទាល់តែបាន ហើយ កំដរខ្ញុំញ៉ាំទៀត។ ប៉ុន្តែការពិតខ្ញុំមានរឿងលាក់បាំងនឹងគេ។ នៅល្ងាចមួយនេះពេលគេហាន់សាច់ និងចាក់ស្រាក្រហមឱ្យខ្ញុំទាំងមុខរីករាយ ខ្ញុំក៏ចាប់ដៃគេជាប់រួចនិយាយ`

« ឈប់ទៅ!!! » គេធ្វើមុខឆ្ងល់

« ហេតុអ្វី? » ខ្ញុំខ្ទប់មុខយំតិចៗរួចនិយាយ

« ការពិតខ្ញុំមិនចូលចិត្តស្រាក្រហម  ខ្ញុំមិនចូលចិត្តសាច់ឆៅទេ »

គេបើកភ្នែកធំៗ

« បានន័យថាម៉េច?»

« សុំទោសណា.... ការពិតខ្ញុំមិនចូលចិត្តរបស់ទាំងនោះមែន ខ្ញុំស្អប់ស្រាក្រហម ខ្ញុំស្អប់ក្លិនឈាមនៅលើសាច់ឆៅ ជាពិសេសសាច់គោ តែ...សង្សារចាស់របស់ខ្ញុំកាលពីមុនចូលចិត្ត។ កាលពីមុនដោយសារតែចង់ឱ្យគេសប្បាយចិត្ត ខ្ញុំតែងតែកំដរគេញ៉ាំរបស់ដែលគេចូលចិត្ត រួចលួចទៅបន្ទប់ទឹកក្អួត តែខ្ញុំសប្បាយចិត្តព្រោះខ្ញុំឃើញស្នាមញញឹមរបស់គេ។ តែពេលដែលគេសុំបែកពីខ្ញុំ ខ្ញុំពិបាកចិត្ត ខ្ញុំខូចចិត្ត បានជាខ្ញុំញ៉ាំរបស់ដែលគេចូលចិត្តពីមុនជំនួសការនឹករលឹករហូតដល់ទម្លាប់។ តែពេលនេះខ្ញុំមិនចង់កុហកលោក មិនចង់កុហកខ្លួនឯង ​ខ្ញុំសុំទោសណា ​» 

តែពេលគេម្នាក់នេះចូលមកក្នុងជីវិតរបស់ខ្ញុំ គេយកចិត្តខ្ញុំគ្រប់យ៉ាង តែខ្ញុំបែរជាកុហកគេ។

« ការពិតខ្ញុំក៏មិនចូលចិត្តវាដែរ ហើយក៏ស្អប់បំផុត» ពេលឮគេនិយាយបែបនេះដល់ពេលដែលខ្ញុំត្រូវភ្ញាក់ផ្អើលម្តង។ ព្រោះតែគេស្រលាញ់ខ្ញុំ គេសុខចិត្តលះបង់ដើម្បីខ្ញុំ។ ស្បែកគេប្រតិកម្មជាមួយស្រាក្រហម តែគេបែរជាញញឹមញញែមកំដរខ្ញុំផឹក ហើយលួចទៅបន្ទប់ទឹកលាបថ្នាំ ម្នាក់ឯង។ ពួកយើងបានសន្យាថា ចាប់ពីថ្ងៃនេះតទៅឈប់គិតរឿងអតីត ហើយពួកយើងត្រូវតែស្មោះត្រង់នឹងគ្នា យើងឈប់កុហកអ្នកផ្សេង យើងឈប់កុហកខ្លួនឯង យើងនឹងធ្វើអ្វីដែលយើងស្រលាញ់ចូលចិត្ត និងអ្វីដែលយើងចង់ធ្វើ។ ខ្ញុំស្រាប់តែញញឹមទាំងទឹកភ្នែកដែលពោរពេញទៅដោយសុភមង្គល។ ទីបំផុតខ្ញុំអាចរកបានមនុស្សប្រុសល្អម្នាក់ដែលហ៊ានលះបង់ដើម្បីខ្ញុំហើយ។ នេះទើបជាសេចក្តីសុខ និងស្នេហាពិតប្រាកដ៕

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]