ឈរមាត់បង្អួច ភ្នែកសម្លឹងមើលភ្លៀងធ្លាក់ជោគជាំពេញទីក្រុងទាំងយប់ ។ ខ្ញុំក្តោបអាវក្រៅដែលជាប់នឹងខ្លួនណែនជាងមុន ព្រោះតែភាពត្រជាក់បានចាប់ផ្តើមគ្រប់ដណ្តប់ពេញផ្ទៃបន្ទប់។

មើលទៅនាឡិកាក្បាលដំណេក ម៉ោង ១០ជាងទៅហើយ មិត្តរួមបន្ទប់របស់ខ្ញុំក៏មិនទាន់ត្រលប់មកវិញទៀត ខាងក្រៅមេឃក៏ភ្លៀងខ្លាំង ភ្នែកក៏ចាប់ផ្តើមទន់ទៅៗ។ ខ្ញុំក្តោបទូរស័ព្ទក្នុងដៃហើយ ទម្រេតខ្លួនគេងលើគ្រែ ព្រោះបើខ្ញុំគេងលក់មិត្តខ្ញុំមកដល់ ហើយទូរស័ព្ទមក ខ្ញុំនឹងបានភ្ញាក់ទាន់ពេល។

សម្លេងទូរស័ព្ទរោទិ៍នៅម៉ោង ២ ជាងកណ្តាលអធ្រាត្រ។ ខ្ញុំញីភ្នែករួចឈោងទូរស័ព្ទមកស្តាប់ទាំងបិទភ្នែកខ្ជិលច្រអូស

« នៅនេះមានភ្លៀងធំណាស់ម៉ែគ្នាមិនឱ្យទៅទេ ឯងគេងចុះមិនបាច់ចាំគ្នាទេណា នៅនេះទូរស័ព្ទអត់សូវមានសេវាទេ ចាំស្អែកគ្នាទាក់ទងទៅទៀត» ខ្ញុំស្ងាបតិចឆ្លើយអឺៗ រួចក្រោកឡើងសំដៅទៅបន្ទប់ទឹក។ ស្រាប់តែភ្ញាក់ក្រញាងឃើញខ្នងមិត្តខ្ញុំកំពុងតែគេងក្បែរខ្ញុំទៅវិញ។ ខ្ញុំក៏ស្រែកឆោឡោពេញបន្ទប់។ ខ្ញុំស្ទុះរត់ចេញទៅក្រៅបន្ទប់ ស្រាប់តែដៃមួយត្រជាក់ សើមតិចៗចាប់ទាញដៃខ្ញុំចូលទៅក្នុងបន្ទប់វិញ។ ម៉ែអើយជួយកូនផង ប្រាកដជាខ្មោចលង សក់រញ៉េរញ៉ៃសើមតិចៗគ្របមុខ។ ស្រាប់តែឮសម្លេងចុចបើកកុងតាក់ភ្លើង និងសម្លេងមិត្តខ្ញុំនិយាយទាំងខឹង

« ខ្មោចស្អីអ្ហែង គឺយើងតើ » ខ្ញុំបើកភ្នែកធំៗ ស្រាប់តែឃើញភ្លើងភ្លឺចែស។ មែនហើយមិត្តខ្ញុំមែនតើ ខំតែភ័យ។ វាប្រាប់ថាខ្លាចខ្ញុំនៅម្នាក់ឯងក៏ឡើងមកភ្នំពេញវិញទាំងយប់ដែលមានភ្លៀងខ្លាំង។ ហើយសម្លេងទូរស័ព្ទអម្បាញ់មិញគឺសម្លេងសារដែលផ្ញើតាំងពីម៉ោងជាង១០ ។ ពេលវាមកដល់ វាស្រែកហៅខ្ញុំផង គោះទ្វារផងតែដោយសភាពខ្ជិលច្រអូស ខ្ញុំគេងលក់ដូចស្លាប់អ៊ីចឹង។ វាក៏ឡើងយកសោរនៅថូផ្កាមុខផ្ទះចាក់ចូលទៅ។

« ងងុយណាស់ អស់អីគ្នាគេងហើយ »

«អឺៗ» ខ្ញុំក៏បម្រះខ្លួនគេងជិតមិត្តរបស់ខ្ញុំ។ ស្រាប់តែសង្កេតឃើញថា ខ្លួនមិត្តខ្ញុំទទឹកជោគ ហើយទឹកហូរហៀរពេញបន្ទប់តាមដានជើងវាមុនហ្នឹង។ ខ្ញុំកេះដាស់វាតិចៗ

« នែ! ឯងដូរខោអាវសិនទៅ គេងម៉េចខ្លួនឡើងសើមជោគអ៊ីចឹងនេះ? »

« អត់ទេ !!! ងងុយណាស់ តិចទៀតស្ងួតហើយ» ខ្ញុំដកដង្ហើមធំ នឹងចរិតខ្ជិលច្រអូសរបស់វា។ ខ្ញុំក៏ក្រោកទៅបន្ទប់ទឹកយកកន្សែងជូតទឹកដែលហៀរដោយកន្លែងៗ។ ខ្ញុំប្រុងជួយប្តូរខោអាវឱ្យវាដែរ តែឃើញវាលក់ស្រួលពេកក៏ខ្ជិលដាស់។ រួចក៏ប្រេះខ្លួនគេងទាំងមិនភ្លេចរអ៊ូតិចៗ

« ចូលបន្ទប់មិនចេះជូតជើងឱ្យស្អាតទេ រវល់តែយើងរហូតហ្នឹង ។ ហើយស្អែកឈឺកុំបន្ទោសយើងវ៉ើយ!! » បន្ទាប់មកខ្ញុំក៏គេងបែរខ្នងដាក់មិត្តដែលឱបដៃគេងលក់បាត់។

ព្រឹកស្អែកឡើង ស្រាប់តែបាត់មិត្តរួមបន្ទប់ខ្ញុំ។ ពូកនៅជិតខ្ញុំស្រាប់តែទទេរស្អាតដូចគ្មានមនុស្សគេង ខ្ញុំឆ្ងល់តិចៗដែរតែខ្ជិលខ្វល់ប្រហែលជាវារៀបចំកន្លែងគេងហើយ។ បន្ទាប់ពីងូតទឹកតែងខ្លួនហើយ ខ្ញុំទាញទូរស័ព្ទបើកមើល ស្រាប់តែឃើញមានគេខលចូលដល់ជាង ១០០ដង និងសារ១ដែលមិនទាន់បើកមើល។ មានលេខរបស់មិត្តខ្ញុំ និងលេខមិនស្គាល់ប៉ុន្មានលេខ ស្រាប់តែប៉ះដៃលោតបើកសារមួយថា មិត្តខ្ញុំស្លាប់ហើយ។ ចង្រៃណាស់មកលេងសើចនឹងជីវិតមនុស្សអ៊ីចឹង? ខ្ញុំក៏ខលទៅលេខនោះ សម្លេងម៉ាក់របស់មិត្តខ្ញុំយំសស្រាក់តាមទូរស័ព្ទ ។ គាត់ប្រាប់ថា យប់មិញមិត្តខ្ញុំបារម្ភខ្លាចខ្ញុំនៅម្នាក់ឯងព្រោះតែផ្ញើសារមិនតបមកវិញ ខលក៏មិនទទួល ក៏ឡើងតាក់ស៊ីមកទាំងយប់។ ចៃដន្យឡានរអិលក្រឡាប់នៅតាមផ្លូវ។ មិត្តខ្ញុំស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យបាន ១ ម៉ោងនៅវេលាម៉ោង ២ យប់។ ខ្ញុំស្លុតខ្លាំងណាស់ស្រែកយំដូចមនុស្សឆ្កួត។ វាជារឿងរន្ធត់មួយដែលខ្ញុំស្ទើរតែមិនអាចទទួលយកបាន។ ខ្ញុំបានបាត់បង់មិត្តល្អម្នាក់ហើយ។

ប៉ុន្តែឈប់សិន ក្រែងយប់មិញ??? មិនអាចទេ? ខ្ញុំរត់ទៅមើលថូផ្កាដែលលាក់សោរ ប៉ុន្តែសោរនៅកន្លែងដដែល និងក្រឡេកមើលពូកដែលគ្មានមនុស្សគេង។ ខ្ញុំយល់សប្តិ? ទេ.....!!! ខ្ញុំចាំច្បាស់ណាស់ ក្រណាត់ជូតឥដ្ឋយប់មិញដែលហាល ក៏នៅកន្លែងដដែល។ ហើយបើសិនជាអ្នកស្ថិតនៅស្ថានការណ៍ដូចខ្ញុំអ្នកនឹងធ្វើយ៉ាងណា? ចុះអ្នកដែលនៅជាមួយខ្ញុំពេញមួយយប់នោះជានរណា??? ទោះវាជារឿងរន្ធត់ ប៉ុន្តែ...អរគុណឯងណា ដែលស្លាប់ហើយនៅតែបារម្ភពីគ្នា...មិត្តសម្លាញ់។ ជូនពរឱ្យឯងទៅឱ្យបានសុខ ជាតិក្រោយយើងនឹងធ្វើជាមិត្តនឹងគ្នាម្តងទៀត ប៉ុន្តែកុំមករកគ្នាម្តងទៀតអីណាគ្នាខ្លាច។ កំពុងតែលើកដៃសំពះ ស្រាប់តែមានចំហាយត្រជាក់ៗមកប៉ះខ្លួនខ្ញុំ ក្លិនទឹកអប់ដែលមិត្តខ្ញុំចូលចិត្តប្រើ ភាយមកតិចៗតាមខ្យល់ ហើយក៏បាត់ទៅវិញ ៕

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]