អូស្ត្រាលី៖ ទីកន្លែងមួយចំនួនត្រូវបានគេជឿថាមានព្រលឹង ឬវិញ្ញាណវិលវល់ ខណៈមនុស្សមួយចំនួននៅមិនទាន់អាចជឿបានទេ ព្រោះពួកគេមិនធ្លាប់បានជួបដោយផ្ទាល់ភ្នែក។ ក្រឡេកមកមើលផ្លូវ Wakehurst Parkway នៃទីក្រុងស៊ីដនី មានភាពល្បីល្បាញយ៉ាងខ្លាំង ថាមានហេតុការណ៍ចម្លែកៗជាច្រើនបានកើតឡើង ពាក់ព័ន្ធទៅនឹងវិញ្ញាណលងបន្លាចអ្នកដំណើរ យ៉ាងគួរឲ្យភ័យរន្ធត់បំផុត។ ទីកន្លែងមួយនេះត្រូវបានសារព័ត៌មានដេលីម៉េល ប្រចាំនៅអូស្ត្រាលីចុះផ្សាយ នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០១៧។

ផ្លូវ Wakehurst Parkway ស្ថិតនៅក្នុងភូមិសាស្ត្រនៃតំបន់ Deep Creek Reserve មានខ្យល់បក់ល្ហិចៗ និងមានសភាពស្ងប់ស្ងាត់ ព្រោះមិនសូវមានអ្នកដំណើរឆ្លងកាត់ច្រើននោះទេ។ ជានិច្ចកាល គេតែងទទួលបានសេចក្តីរាយការណ៍ថាមានហេតុការណ៍ចម្លែកកើតឡើងនៅម្តុំនោះ ដែលជាទីតាំងធ្លាប់កើតមានឧក្រិដ្ឋកម្ម និងគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យមនុស្សស្លាប់។

សេចក្តីរាយការណ៍ពីកាសែត Manly Daily ឲ្យដឹងថា អ្នកដំណើរខ្លះធ្លាប់ប្រទះឃើញអ្នកថ្មើរជើងនៅម៉ោង ៣ទៀបភ្លឺ។ អ្នកខ្លះថាផ្លិតជូតកញ្ចក់មុខរបស់រថយន្តពួកគេស្រាប់តែឈប់ដំណើរការ និងទ្វាររថយន្តបើកសោរដោយខ្លួនឯងទៀតផង។ អ្វីដែល គួរឲ្យស្រៀវសាច់ជាងគេបំផុតនោះ គឺធ្លាប់មានពាក្យចចាមអារ៉ាមមួយចំនួនថា មានអ្នកដំណើរខ្លះឃើញ មនុស្សស្រីស្លៀកពាក់ពណ៌ស បង្ហាញខ្លួននៅកៅអីខាងក្រោយរបស់ពួកគេ។ មនុស្សស្រីនោះត្រូវមនុស្សជាច្រើនស្គាល់ឈ្មោះថា Kelly ជាដូនជីម្នាក់។

បើយោងតាមការអះអាងរបស់អ្នកស្រី Mary Loughland ភ្នាក់ងារសិក្សាអំពីវិញ្ញាណឲ្យដឹងថា អ្នកស្រីធ្លាប់ប្រទះ Kelly ប៉ុន្មានដងរួចមកហើយ រាល់ពេលដែលអ្នកស្រីជិះឆ្លងកាត់ព្រះវិហារមួយកន្លែងនៅលើដងផ្លូវ ដែលគេល្បីថាមានហេតុការណ៍ចម្លែកកើតឡើងនោះ។

អ្នកស្រី Mary Loughland បានរំឮកឡើងវិញប្រាប់ដល់កាសែត Manly Daily ថា៖ «ខ្ញុំធ្លាប់ជិះកាត់ផ្លូវនោះលើកដំបូងបំផុតកាលពី៦ឆ្នាំមុន។ ពេលនោះគឺម៉ោង២ទៀបភ្លឺ ហើយខ្ញុំមានអារម្មណ៍ថាដូចមានមនុស្សកំពុងស្ទាប ក ខាងក្រោយរបស់ខ្ញុំអ៊ីចឹង។ វាមានអារម្មណ៍ដូចជាដៃដ៏ត្រជាក់មួយ»។ អ្នកស្រីបន្ថែមថា៖ «ខ្ញុំមានអារម្មណ៍ថា Kelly នាងអាចនឹងវង្វេងផ្លូវ ឬចង់ប្រាប់សារអ្វីមួយ។ នាងអាចមិនមែនជាសភាវអាក្រក់ទេ គ្រាន់តែវត្តមានរបស់នាងធ្វើឲ្យយើងមានការភ្ញាក់ផ្អើល។ នាងប្រហែលជាចង់ឲ្យគេជូននាងចាកចេញពីទីនោះក៏ថាបាន»។

អតីតអ្នកបើកតាក់ស៊ីម្នាក់ លោក Hla Oo បានរៀបរាប់ពីបទពិសោធន៍របស់ខ្លួននៅក្នុងរថយន្តផងដែរ។ លោកបានឲ្យដឹងថា លោកធ្លាប់បានឃើញស្ត្រីវ័យក្មេងម្នាក់សំបុរប្រផេះស្លៀកស អង្គុយចំកណ្តាលនៃកៅអីរថយន្តខាងក្រោយ សម្លឹងមើលមកលោក។ លោក Hla និយាយថា៖ «នាងស្លៀករ៉ូបម្យ៉ាងពណ៌ស មើលទៅដូចសំលៀកបំពាក់ដូនជីសាសនាគ្រឹស្ត។ ខ្ញុំមើលមុខនាងមិនច្បាស់ទេ គ្រាន់តែចាំទម្រង់មុខ និងមានកែវភ្នែកពណ៌បៃតងក្រម៉ៅ។ ខ្ញុំច្បាស់ណាស់ឃើញតាមកញ្ចក់រថយន្ត នាងអង្គុយស្តែងៗខាងក្រោយសម្លឹងមើលមកខ្ញុំ»។

លោកបន្ថែមទៀតថា លោកធ្លាប់ឮអ្នកដំណើរម្នាក់ប្រាប់ថា ដូនជីនោះជាជនជាតិស្កុតឡែន បានស្លាប់តាមផ្លូវនោះ កាលពី៤០ឆ្នាំមុន ហើយក៏កើតមានការលងតាំងពីពេលនោះមក។

គួរបញ្ជាក់ដែរថា មានការថតវីដេអូឯកសារស្តីអំពីទីតាំងនេះផងដែរ ដែលមានចំណងជើងថា Haunted Shores ៕

ផ្លូវ Wakehurst Parkway
ផ្លូវ Wakehurst Parkway
ផែនទី
អ្នកស្រី Mary Loughland
រូបតំណាងដូនជី Kelly
រូបតំណាងដូនជី Kelly ដកស្រង់ចេញវីដេអូឯកសារ Haunted Shores យោងតាមលំនាំសាច់រឿងពិត

ប្រភព៖ DailyMail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]