មនុស្សមួយចំនួននៅតែមិនទាន់យល់ច្បាស់ពីមនោសញ្ចេតនាស្នេហា ដូចជាគូស្នេហ៍មួយគូដែលស្រលាញ់គ្នា និងរួមរស់ជាមួយគ្នាអស់ពេលជាច្រើនឆ្នាំមកហើយ។ ខាងប្រុសធ្វើការជាអ្នកគ្រប់គ្រងប្រព័ន្ធសុវត្ថិភាពរបស់ក្រុមហ៊ុនមួយ។ ខាងស្រីជាអ្នកលក់ទំនិញនៅក្នុងតំបន់ជិតនោះ។ ការងារខាងប្រុសពិតជារវល់ខ្លាំងណាស់ រវល់ដល់ថ្នាក់ធ្វើឱ្យមនុស្សស្រីម្នាក់នោះកម្សត់ ឯកា និងលួចគេងយំម្នាក់ឯងរាល់យប់។ សូម្បីតែបុណ្យឆ្លងឆ្នាំ ឬបុណ្យទានធំៗ មិនលើកលែងសូម្បីតែថ្ងៃគម្រប់ខួបដែលពូកគេស្រលាញ់គ្នា ក៏ខាងប្រុស មិនដែលមានពេលមកកំដរខាងស្រីដែរ មានត្រឹមតែបាច់ផ្កា និងអំណោយដែលឱ្យគេបញ្ជូនមក តែប៉ុណ្ណោះ។ ពេលដែលនៅម្នាក់ឯងយូរពេកធ្វើឱ្យខាងស្រីមានអាម្មណ៍ថា បើបន្តរស់នៅបែបនេះដដែល វាមិនខុសអីពីការរស់នៅម្នាក់ឯងនោះទេ។

ថ្ងៃមួយនោះមនុស្សស្រីក៏រៀបចំអីវ៉ាន់ដាក់វ៉ាលីស ហើយបានចាកចេញពីទីនោះលែងត្រលប់មកវិញ។ មនុស្សប្រុសបានដើររកមនុស្សស្រីជាទីស្រលាញ់គ្រប់ទីកន្លែង រហូតប្រទះឃើញតែប្រអប់ធំមួយដែលមានសុទ្ធតែកាដូ និងផ្កាស្វិតៗ ដែលមនុស្សប្រុសធ្លាប់ជូន អមដោយលិខិតខ្លីមួយថា នាងគ្រាន់តែចង់បានមនុស្សប្រុសម្នាក់ដែលស្រលាញ់ ហើយមានពេលវេលាឱ្យនាង តែនាងមិនដែលចង់បានរបស់អស់ទាំងនេះទេ ។ មនុស្សប្រុសបានតែខូចចិត្ត និងសោកស្តាយ មើលចិញ្ចៀនដែលខំរកលុយទិញ និងសន្សំដោយលំបាក ហើយនឹករលឹកដល់មនុស្សស្រីដែលចាកចេញទៅបាត់៕

គំនិត៖ ក្តីស្រលាញ់ ជាមនោសញ្ចេតនាមួយរបស់មនុស្សពីរនាក់។ ទ្រព្យសម្បត្តិ លុយកាក់ជារបស់ក្រៅខ្លួនដែលមនុស្សតែងតែប្រាថ្នាចង់បាន។ តែមានគូស្នេហ៍ជាច្រើនគូបានបែកបាក់គ្នាដោយសារតែកត្តាអស់ទាំងនេះ។ គូខ្លះបែកគ្នាព្រោះតែរឿងគ្មានលុយ គូខ្លះទៀតក៏បែកគ្នាព្រោះរវល់ប្រឹងរកលុយ តែគ្មានពេលវេលាឱ្យគ្នា រហូតដល់ពេលមានលុយហើយក៏ត្រូវបាត់បង់ភាពផ្អែមល្ហែម និងស្និទ្ធស្នាលជាមួយគូស្នេហ៍ ។ លុយពិតជាសំខាន់ណាស់ តែមនុស្សជាទីស្រលាញ់ និងក្រុមគ្រួសារក៏សំខាន់ដូចគ្នា ដូច្នេះត្រូវតែចេះបែងចែកគ្នាឱ្យដាច់៕

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ 

ស្នេហា និងការងារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]