** ប្រលោមលោកខ្មែរឡូត ** 

បន្ទាប់ពីគ្រួសារខ្ញុំត្រូវក្ស័យធន ព្រោះការឆបោកពីមិត្តសម្លាញ់របស់ប៉ាម្នាក់ ពួកយើងក៏ធ្លាក់ខ្លួនប្តូរពីផ្ទះវីឡាស្កឹមស្កៃមកនៅផ្ទះល្វែងមួយ។ ជីវិតដែលធ្លាប់តែរស់នៅស្រណុកស្រួល មានអ្នកបម្រើឆ្វេងស្តាំ ដើរលេងស៊ីចាយ ហ៊ីហា ត្រូវបានក្រឡាប់ចាក់ទាំងស្រុងពីបាតដៃទៅខ្នងដៃ។ តែខ្ញុំមិនជឿទេ មហាសេដ្ឋីវាល់លានដូចជាប៉ា ម៉េចនឹងអាចថាអស់រលីងពីខ្លួនទៅ។ ប៉ាធ្លាប់ទាំងជួញដូរដី រាប់រយហិចតា ហេតុអ្វីគ្រាន់តែលក់ មួយកន្លែង ពីរកន្លែងម៉េចក៏មិនលក់ទៅ សុខចិត្តស៊ីអត់ស៊ីឃ្លានទៅវិញ?

« អីគេ ប៉ាចង់ទៅបរទេស? » ដំណឹងដែលប៉ាត្រូវធ្វើការនៅ ក្រៅប្រទេសធ្វើឱ្យខ្ញុំឡូឡាពេញផ្ទះ ព្រោះតែប៉ាតែម្នាក់ជាបង្អែកគ្រួសារ។ បើប៉ាទៅពួកយើងរស់នៅយ៉ាងម៉េច? ឬប៉ាចង់រត់រួចខ្លួនម្នាក់ឯង? មុននឹងទៅ ប៉ាបានទុកលុយមួយចំនួនដើម្បីឱ្យម្តាយកូនយើងចាយមួយខែ ។ តែមើលចុះ លុយប៉ុណ្ណឹងមិនស្មើខ្ញុំចាយមួយថ្ងៃផង។ ឪពុកកូនយើងឈ្លោះគ្នាយ៉ាងខ្លាំង ព្រោះតែខ្ញុំទាមទារប៉ាលក់ដីមួយកន្លែងសម្រាប់ចាយ

« លុយប៉ុណ្ណឹង បាយមួយថ្ងៃ៣ពេលគ្រប់គ្រាន់ហើយ បើឯងចង់ចាយណាស់ឡានឯងលក់ចាយទៅ » ប៉ាស្រែកគំហកដាក់ខ្ញុំវិញ។ ខ្ញុំខឹងប៉ាខ្លាំងណាស់ ពួកយើងក៏មិនបាននិយាយគ្នារហូតដល់ថ្ងៃប៉ាត្រូវទៅស្រុកក្រៅ។ អ្នកណាយល់អារម្មណ៍ខ្ញុំពេលនេះ មិត្តភក្តិបាត់អស់បណ្តើរៗ សង្សាខ្ញុំក៏ចាប់ផ្តើមតោះតើយដាក់ខ្ញុំទៀត ព្រោះហេតុផលតែម្យ៉ាង មកពីគេដឹងថាខ្ញុំធ្លាក់ខ្លួន។

ខ្ញុំក៏ចាប់ផ្តើមមានគំនិតអាក្រក់ចង់លួចប្លង់ដីប៉ាលក់។ តែពេលដែលខ្ញុំបើកថតតុប៉ាធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះមានក្រដាសបំណុលជាច្រើនដែលត្រូវសង និងប្លង់ដី ៣សន្លឹកសុទ្ធសឹងតែជាឈ្មោះរបស់ខ្ញុំ ហើយនឹងលុយរាយៗចាស់ថ្មីដាក់ថា « សម្រាប់កូនប្រុស » ។ ស្រាប់តែដៃដែលកាន់ប្លង់ដីឡើងញ័រតតាត់ ពេលប្រទះប៉ាស្ព័ររបស់ប៉ានៅក្នុងថតតុជិតនោះ។ ប៉ាទៅណាទៅ បើប៉ាស្ព័រនៅទីនេះនៅឡើយ? ព្រោះតែឆ្ងល់ខ្ញុំក៏ស្ទុះចេញទៅរកម៉ាក់ដើម្បីសួរនាំ ស្រាប់តែឃើញម៉ាក់លួចពួននៅចង្ក្រានបាយ ញ៉ាំបន្លែស្ងោរជាមួយបាយ ដោយម្ហូបត្រីសាច់នៅពេញលើតុ។ ខ្ញុំស្រាប់តែរលីងរលោងទឹកភ្នែក ហើយបែរខ្លួនចេញទៅក្រៅ។

អារម្មណ៍ខ្ញុំចាប់ផ្តើមវិលវល់ បើកឡានបណ្តើរគិតបណ្តើរ។ ស្រាប់តែខ្ញុំក្រឡេកឃើញកម្មករសំណង់ម្នាក់រុំក្បាលនឹងក្រមា កំពុងតែលើកដី លីស៊ីម៉ង់ ហើយធ្វើឱ្យទឹកភ្នែកខ្ញុំស្រក់មួយតក់ ។ ប៉ាដែលកុហកថាទៅបរទេស ប៉ាដែលសុខចិត្តទុកកេរ្តិប្លង់ដីឱ្យកូន ប៉ាដែលសុខចិត្តទ្រាំលំបាកម្នាក់ឯងសងបំណុលគេផង សន្សំលុយឱ្យកូនចាយផង គឺជាប្រុសម្នាក់នេះដែលកំពុងតែស៊ូទ្រាំនឹងកំដៅថ្ងៃធ្លាក់ខ្លួនធ្វើជាកម្មករសំណង់។ ខ្ញុំឈប់ឡានហើយទ្រោបក្បាលយំលែងខ្មាសខ្លួនជាកូនប្រុស។ ការពិតអ្នកដែលអាក្រក់ និងអាត្មានិយមបំផុតគឺខ្ញុំ។ ព្រោះតែមិនទទួលស្គាល់ស្ថានភាពខ្លួនឯង មិនគិតជួយម៉ាក់ប៉ា គិតតែដើរចាយ សប្បាយហ៊ីហាដូចកូនមហាសេដ្ឋី។ ពេលនេះខ្ញុំបានសម្រេចចិត្តច្បាស់ហើយ។

បន្ទាប់ពីទូរស័ព្ទសុំបែកគ្នាជាមួយសង្សា ខ្ញុំធូរចិត្តយ៉ាងខ្លាំង នាងមិនបានស្តាយស្រណោះកើតទុក្ខអ្វីទេ។ ពេលនេះខ្ញុំដឹងច្បាស់ហើយថា ពីដើមមកនាងស្រលាញ់ តែលុយ និងបុណ្យសក្តិខ្ញុំតែប៉ុណ្ណោះ។ ខ្ញុំញញឹម យូរបាយម្ហូបឆ្ងាញ់ៗមកផ្ទះដាក់លើតុ រួចស្ទុះឱបម៉ាក់ទាំងទឹកភ្នែក

«ម៉ាក់ តោះយើងទៅរកលោកប៉ា » ម៉ាក់ក៏រលីងរលោងហើយឱបខ្ញុំជាប់ទាំងទឹកភ្នែក។ ពួកយើងក៏នាំគ្នាទៅរក លោកប៉ាដែលកំពុងធ្វើការ។ ខ្ញុំកាន់ដៃម៉ាក់ដែលញ័រជាប់ ពេលឃើញប៉ាកំពុងតែញ៉ាំបាយកញ្ចប់ជាមួយកម្មករផ្សេងទៀត ខ្ញុំក៏ស្ទុះទៅក្រាបសំពះប៉ាដល់ដី សុំខមាទោសរឿងកន្លងមក។ ប៉ាម៉ាក់កូនយើងក៏ឱបគ្នាទាំងទឹកភ្នែកព្រោះរំភើប។ ថ្ងៃនេះពួកយើងនាំប៉ាត្រលប់មកផ្ទះវិញ ញ៉ាំអាហារមួយពេលជុំគ្នាទាំងសប្បាយរីករាយ។ ខ្ញុំបានលក់ឡានដែលខ្ញុំស្រលាញ់បំផុតចោល ហើយយកលុយ បើកមុខរបរតិចតួចនៅមុខផ្ទះយើង។ ខ្ញុំមិនព្រមឱ្យម៉ាក់ប៉ាលំបាកដូចមុន ព្រោះតែកូនចោលម្សៀតម្នាក់នេះទៀតទេ។ ប៉ាម៉ាក់ត្រូវទ្រាំ មិនយូរមិនឆាប់កូននឹងប្រឹងប្រែង យករបស់យើងមកវិញឱ្យទាល់តែបាន៕

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]