« កើតមកជាក្មេងកំព្រា ហើយមិនដែលបានទទួលការរៀនសូត្រ បានជាពេលនេះខ្ញុំត្រូវប្រកបមុខរបរ លក់អីវ៉ាន់តាមចិញ្ចើមថ្នល់។ ជិវិតមនុស្សគ្មានអ្នកណាអាចរើសកន្លែងកើតបានទេ ហើយក៏គ្មានអ្នកណាអាចកំណត់វាសនារបស់ខ្លួនឯងបានដែរ បានជាខ្ញុំត្រូវតែតស៊ូរស់នៅបន្តទៅទៀត។ ពេលខ្លះខ្ញុំគិតថាក្នុងជីវិតដែលអស់សង្ឃឹមរបស់ខ្ញុំ ក៏មានរឿងសេចក្តីសុខតូចៗមកជ្រៀតបានដែរ។ ហើយសេចក្តីសុខនោះគឺនៅពេលដែល....

« មិនបាច់អាប់ទេ» សម្លេងសុភាពរាបសារ របស់មនុស្សប្រុសម្នាក់ ដែលពោរពេញដោយស្នាមញញឹមបានបន្លឺឡើង។ ខ្ញុំទទួលយកលុយនោះទាំងញ័រដៃ ព្រោះតែរំភើបនឹងទឹកចិត្ត និងស្នាមញញឹមមួយនោះ។ ថ្ងៃណាមួយដែលខ្ញុំមានលទ្ធភាព ខ្ញុំនឹងសងលុយនេះទៅគាត់វិញ។ ចំនួនលុយប៉ុណ្ណេះមិនច្រើនណាស់ណាទេសម្រាប់អ្នកមាន តែវាពិតជាអាចជួយអ្នកក្រដូចខ្ញុំបានមួយរយៈ។ អ្នកណាទៅដឹងទៅ ថាលុយមួយសន្លឹកនោះ ខ្ញុំបែរជាមិនដែលចាយរហូតដល់ពេលនេះ។ ខ្ញុំដឹងថាវាមិនអាចទៅរួច ហើយក៏គ្មានសង្ឃឹមមួយណាដែលថានឹងអាចជួបគាត់ម្តងទៀត។ តែខ្ញុំមិនចុះចាញ់ទេ ។

១ឆ្នាំកន្លងផុតទៅ...ខ្ញុំនៅតែមិនអស់ចិត្ត ហើយបានសុំឱ្យលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ បើកឡានជូនខ្ញុំមកទីនេះម្តងទៀត ទីកន្លែងចាស់ដែលខ្ញុំធ្លាប់បានជួបគាត់ ហើយចង់ប្រគល់លុយមួយសន្លឹកនេះជូនគាត់វិញ។ ក្តីសង្ឃឹមតិចតួចគ្រាន់តែសង្ឃឹមថានឹងបានជួបគាត់ជាលើកចុងក្រោយ។ អរគុណទេវតាដែលស្តាប់ឮការអង្វររបស់ខ្ញុំ។ ខ្ញុំប្រឹងបើកភ្នែកសម្លឹងមើលគាត់ ដែលកំពុងតែដើរបណ្តើរស្រីមានផ្ទៃពោះម្នាក់។ ស្នាមញញឹម និងសុភមង្គលបានបង្ហាញលើទឹកមុខរបស់ពួកគាត់។ ខ្ញុំញញឹមតិចៗមុននឹងបិទភ្នែកទៅដោយអស់ចិត្ត ពេលបានឃើញស្នាមញញឹមលើកចុងក្រោយរបស់គាត់ ទោះមិនមែនសម្រាប់ខ្ញុំក៏ដោយ គឺស្នាមញញឹមដែលធ្លាប់បានផ្តល់ក្តីសង្ឃឹមក្នុងជីវិតដ៏តូចមួយនេះ » ។

.................................................................................................................................

នេះជាសៀវភៅកំណត់ហេតុ និងលុយមួយសន្លឹកដែលខ្ញុំបានទទួល ក្រោយពីមរណភាពក្មេងស្រីដ៏ស្លូតបូតម្នាក់ ដែលក្លាហាន តស៊ូ រឹងប៉ឹង ប្រឈមមុខចំពោះជម្ងឺមហារីកដ៏កាចសាហាវ។ ជូនពរឱ្យជាតិថ្មី នាងមិនអភ័ព្វដូចជាតិនេះទៀតចុះ ក្មេងស្រីដ៏គួរឱ្យអាណិត។

« ពីបុរសដែលផ្តល់ស្នាមញញឹមដល់ក្មេងស្រីម្នាក់»

គំនិត៖ ឱ្យតែអាចមានជីវិតរស់នៅបាន ទោះមានពេលត្រឹមតែ ១ថ្ងៃ ១ខែ ១ឆ្នាំក៏ត្រូវតស៊ូរស់នៅ។ មនុស្សខ្លះមានសំណាងណាស់ដែលអាចមានជីវិតសប្បាយរីករាយ មានម៉ាក់ប៉ា មានក្រុមគ្រួសារ និងមនុស្សជុំវិញខ្លួន។ មនុស្សខ្លះកើតមកពើបប្រទះនឹងរឿងជូរចត់ អស់សង្ឃឹមក្នុងជីវិតតែពួកគេនៅតែត្រូវតស៊ូរស់នៅបាន។  ដូច្នេះពេលដែលអ្នកគិតថាជីវិតអ្នកគ្មានសល់អ្នកណា ពេលដែលអ្នកគិតថាជីវិតអ្នកកំពុងតែជួប រឿងពិបាក ចូរគិតថា ការពិតមានមនុស្សរាប់ម៉ឺន រាប់សែនអ្នកទៀតដែលពិបាកជាងអ្នកទៅទៀត៕

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]