«ខ្ញុំស្អប់ឯង »

ខ្ញុំឆ្លើយតបទៅប្រុសម្នាក់ដែលសារភាពស្នេហ៍ចំពោះមុខខ្ញុំ។ សិស្សប្រុសម្នាក់នោះដើរចេញទាំងមុខអស់សង្ឃឹម។ ខ្ញុំតាមមើលខ្នងគេដែលចាកចេញទៅ។ សុខចិត្តឱ្យគេឈឺចាប់ពេលនេះ ប្រសើរជាងឱ្យគេឈឺចាប់នៅពេលក្រោយ។

ការពិតខ្ញុំក៏លួចស្រលាញ់គេដែរ តែជំងឺរបស់ខ្ញុំឋិតក្នុងស្ថានភាពអស់សង្ឃឹមទៅហើយ ខ្ញុំមិនចង់បានសេចក្តីសុខរយៈពេលខ្លី តែបន្សល់ការឈឺចាប់យូរអង្វែងដល់គេនោះទេ។ បើគង់តែឱ្យគេឈឺចាប់ដដែល សុខចិត្តមិនបង្កើតស្នេហាមួយនេះល្អជាង ព្រោះខ្ញុំបានសម្រេចចិត្តទទួលយកវះកាត់ដែលប្រឈមមុខនឹងសេចក្តីស្លាប់ទៅហើយ។ ទោះគ្រូពេទ្យប្រាប់ថា ខ្ញុំមានសង្ឃឹមតិចបំផុតក៏ដោយ តែខ្ញុំនៅតែចង់សាកល្បង សង្ឃឹមថាខ្ញុំអាចផ្សងព្រេងយកជីវិតមកវិញបាន។

ក្រោយមកការវះកាត់របស់ខ្ញុំបែរជាទទួលបានភាពជោគជ័យ ១ ក្នុង ១០០០០០០ សំណាង។ អ្វីដែលខ្ញុំត្រូវធ្វើមុនគេ ខ្ញុំនឹងទៅរកនិស្សិតម្នាក់នោះ និយាយពាក្យសុំទោស ហើយប្រាប់គេថាខ្ញុំក៏ស្រលាញ់គេដែរ រួចនិយាយរឿងរ៉ាវទាំងអស់ប្រាប់គេ។

ខ្ញុំឈរចុចកណ្តឹងមុខផ្ទះគេយ៉ាងយូរទាំងអារម្មណ៍ភ័យអរ។ មួយសន្ទុះម៉ាក់របស់សិស្សម្នាក់នោះមកបើកទ្វារទាំងមុខក្រៀមក្រំ។ គាត់បានបើកទ្វារជូនខ្ញុំទាំងរកនិស្សិតម្នាក់នោះដែលកំពុងតែគេងស្តូកស្តឹងលើគ្រែ។

«គេរង់ចាំនាងយូរហើយ គេគ្រាន់តែសង្ឃឹមថា មុនគេវះកាត់ដែលមិនដឹងថាស្លាប់ ឬរស់គេអាចសារភាពស្នេហ៍ជាមួយនាង តែ...ចុងក្រោយគេក៏ក្លាយជាបែបនេះ» ម៉ាក់គេរៀបរាប់ប្រាប់ខ្ញុំទាំងទឹកភ្នែក។ ប៉ុន្មានថ្ងៃទៀតគាត់នឹងរៀបចំដកអុកស៊ីហ្សែនជូនដំណើរគេជាលើកចុងក្រោយ ព្រោះមិនចង់ឱ្យគេរស់ក្នុងសភាពមានជីវិតរុក្ខជាតិបែបនេះតទៅទៀតទេ។

ការពិតពួកយើងសុទ្ធតែមានចិត្តឱ្យគ្នា ហើយមានអាថ៌កំបាំងជំងឺរៀងៗខ្លួនដែលមិនអាចនិយាយបាន។ គ្រាន់តែពួកយើងមានការគិតខុសគ្នាចំពោះរឿងមួយនេះ។ ខ្ញុំបដិសេធនឹងគេព្រោះមិនចង់ឱ្យគេឈឺចាប់នៅពេលក្រោយ តែគេចង់បង្កើតស្នេហាដ៏ស្រស់ស្អាតមួយមុននឹងគេគ្មានឱកាស ទោះជាមានការឈឺចាប់ក៏ដោយ។

« អូនស្រលាញ់បង » ខ្ញុំខ្សឹបដាក់ត្រចៀកគេ សង្ឃឹមថាគេអាចស្តាប់ឮ  និងដឹងដល់អារម្មណ៍មួយនេះ ។ សូមឱ្យមានបាដិហារិយ៍ កើតឡើងចំពោះមនុស្សប្រុសម្នាក់នេះផង៕

គំនិត៖ ទោះជាមនុស្សទាំងអស់កម្រនឹងមានសាច់រឿងដូចជាក្នុងរឿងនេះប៉ុន្តែអត្ថន័យបានក្តោបលើស្នេហារបស់មនុស្សជាច្រើនគូ។ មនុស្ស២នាក់ទោះបីជាស្រលាញ់គ្នាយ៉ាងណាក៏ដោយ បើសិនជាការគិតខុសគ្នាហើយគ្មានដំណោះស្រាយមិនយូរមិនឆាប់ ស្នេហាមួយនេះគង់តែដល់ផ្លូវបំបែក។ ធម្មតាមនុស្សលើលោកតែងតែមានការគិតខុសគ្នា គ្រាន់តែច្រើន ឬតិចប៉ុណ្ណោះ។ គូខ្លះរស់នៅជាមួយគ្នា រាប់ឆ្នាំនៅតែរកដំណោះស្រាយ ការគិតខុសគ្នាមិនបាន។ គូខ្លះទៀតព្យាយាម រកចំណុចកណ្តាលណាមួយដើម្បីរស់នៅជាមូយគ្នាបាន។ ជូនពរគូស្នេហ៍ដែលមានការគិតខុសគ្នាទាំងអស់អាចរកដំណោះស្រាយមួយល្អ ដើម្បីស្នេហារបស់ពួកគេនៅថ្ងៃមុខ៕

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]