តាំងពីរៀបការមក ដោយរវល់រឿងការងារនិងកូនតូចៗ ខ្ញុំមិនដែលបានទៅលេងម៉ាក់ប៉ាទាល់តែសោះ។ ពួកយើងបានត្រឹមខលនិយាយគ្នាតិចតួចដែរ តែក្រោយៗមក កូនកាន់តែធំរវល់កាន់តែខ្លាំង រហូតដល់ភ្លេចថាមានមនុស្សចាស់ ដែលកំពុងតែទន្ទឹងចាំមើលផ្លូវរបស់ខ្ញុំ។

សេដ្ឋកិច្ចប៉ុន្មានឆ្នាំនេះមិនសូវល្អសោះ ធ្វើឱ្យប៉ះពាល់ដល់មុខជំនួញប្តីរបស់ខ្ញុំយ៉ាងខ្លាំង។ ប្តីរបស់ខ្ញុំបានឱ្យខ្ញុំសុំជំនួយពីម៉ាក់ប៉ារបស់ខ្ញុំម្តងទៀត តែខ្ញុំស្ទាក់ស្ទើរ ហើយពិភាក្សាជាមួយគាត់ឱ្យពឹងខាងម៉ាក់ប៉ាគាត់ម្តង តែគាត់បានខឹងខ្ញុំយ៉ាងខ្លាំងរហូតដល់មានរឿងឈ្លោះគ្នា។ ខ្ញុំខលទៅម៉ាក់រៀបរាប់ទាំងអួលដើម.ក ។ ម៉ាក់បានលួងលោមខ្ញុំ ហើយប្រដៅថាមិនឱ្យប្តីប្រពន្ធឈ្លោះគ្នាទេ ហើយម៉ាក់ប្រាប់ទៀតថា កុំឱ្យបារម្ភ ២ ៣ ថ្ងៃទៀត គាត់នឹងផ្ញើលុយឱ្យប្តីខ្ញុំដោះទាល់។ បន្ទាប់ពីម៉ាក់បានផ្ញើលុយមក ប្តីខ្ញុំក៏សប្បាយចិត្តវិញ និងល្អដាក់ខ្ញុំដូចដើម។ ខ្ញុំចាប់ភ្ញាក់ខ្លួនថា តើជិវិតគ្រួសាររបស់ខ្ញុំ ស្ថិតនៅចុងស្រល់ដែលបក់បោកតាមខ្យល់មែនទេ? បើសិនខ្ញុំមិនអាចជួយគាត់បាន តើគាត់ពិតជាចង់លែងលះខ្ញុំមែន?

ថ្ងៃមួយពេលដែលខ្ញុំជូនកូនទៅសាលារួច ស្រាប់តែខ្ញុំនឹកដល់ម៉ាក់ប៉ា ក៏ឆ្លៀតជិះទៅលេងផ្ទះនៅឯផ្លូវម្ខាងទៀត។ អ្វីដែលខ្ញុំភ្ញាក់ផ្អើល គឺម៉ាក់ប៉ារបស់ខ្ញុំមិនដឹងធ្លាក់ខ្លួនពិការភ្នែកតាំងពីពីណា? យាយដឹកដៃតា តាដឹកដៃយាយ ពពីមពពើមពេញផ្ទះ ចំណែកឯលើតុគឺសុទ្ធតែម្ហូបក្រៀមក្រោះ និងម្ហូបសល់។ ខ្ញុំស្រាប់តែខ្ទប់មាត់យំដោយគ្មានសម្លេង ព្រោះខ្លាចពួកគាត់ដឹង។ ខ្ញុំបែរខ្លួនចេញឆ្ងាយពីផ្ទះបន្តិច រួចលើកទូរស័ព្ទខលទៅម៉ាក់ទាំងប្រឹងទប់សម្លេងខ្សឹកខ្សួល

« ម៉ាក់!!!!! សុខសប្បាយទេ? ថ្ងៃនេះម៉ាក់ប៉ាបានអីពិសា? »

« ម៉ាក់ប៉ាមិនអីទេកូន..ថ្ងៃនេះចុងភៅធ្វើមាន់ចំហុយទឹកស៊ីអ៊ីវឱ្យម៉ាក់ប៉ាណាកូន ឆ្ងាញ់ណាស់! ចុះកូន និងចៅរបស់ម៉ាក់សុខសប្បាយទេ? »

« ចា៎...»

« កូនកើតអីបានជាសម្លេងប្លែក? កូនឈ្លោះជាមួយប្តីទៀតហើយ? »

ខ្ញុំបិទទូរស័ព្ទ រួចបើកទ្វារ ស្ទុះទៅឱបម៉ាក់និងប៉ា

« កូនសុំទោស » ខ្ញុំទ្រាំលែងបានក៏យំយកខ្លាំងៗ។ កូនស្រីម្នាក់នេះ ពិតជាអាក្រក់ខ្លាំងណាស់ សំងំយកសុខតែម្នាក់ឯង ដោយមិនខ្វល់ពីឪពុកម្តាយ ដែលចាស់ ជរា ហើយថែមទាំងមានជំងឺ។ តែរាល់ពេលដែលមានបញ្ហានៅមានមុខក្រាស់មកសុំឱ្យពួកគាត់ជួយទៀត។ ក្រោយមកខ្ញុំបានដឹងថា ម៉ាក់ប៉ាមានជំងឺយូរហើយ តែមិនព្រមព្យាបាលព្រោះតែចង់សន្សំលុយទុកឱ្យកូន រហូតដល់ងងឹតភ្នែកទាំងគូ។ នៅមិនអស់ចិត្តព្រោះតែចង់ជួយកូន ម៉ាក់ប៉ាបានយកលុយទាំងអស់ដែលចូលនិវត្តន៍មកឱ្យកូនទៀត។ តែកូនមិនដែលឆ្ងល់ ឬសួរនាំ ថាម៉ាក់ប៉ាបានលុយពីណាមកទេ។ ម៉ាក់ប៉ាលំបាកណាស់ហើយ ខ្ញុំមិនសមមានឈ្មោះជាកូនទេ។

ពេលមកដល់ផ្ទះ ខ្ញុំបានទារលុយដែលប្តីខ្ញុំជំពាក់ម៉ាក់ប៉ាខ្ញុំទាំងប៉ុន្មានមកវិញ ស្រាប់តែគាត់រករឿងឈ្លោះខ្ញុំជាខ្លាំង រហូតដល់ខលប្តឹងម៉ាក់ប៉ាគាត់។ ដោយសារខ្លាចបាក់មុខ គ្រួសារខាងគាត់បានរកលុយមកសងខ្ញុំវិញគ្រប់ចំនួន។ ប្តីខ្ញុំលែងនិយាយរកខ្ញុំ ហើយថ្ងៃបន្ទាប់គាត់បានប្តឹងទាមទារលែងលះ។  ខ្ញុំញញឹមទាំងទឹកភ្នែកនឹងលទ្ធផលមួយនេះ។

ចំពោះមនោសញ្ចេតនាមួយដែលអាត្មានិយម។ ចំពោះមនុស្សពីរនាក់ដែល សាងគ្រួសារជាមួយគ្នាហើយ តែមានគំនិតគ្រួសារគេ គ្រួសារខ្ញុំ បុគ្គលមួយនោះមិនសមនឹងរៀបអាពាហ៍ពិពាហ៍មានគ្រួសារមួយទេ។ មនុស្សស្រលាញ់គ្នា រួមរស់ជាមួយគ្នាហើយមិនគួរបែងចែកក្តីស្រលាញ់ដោយអយុត្តិធម៌បែបនេះទេ។ គាត់មិនដែលខ្វល់ពីម៉ាក់ប៉ាខ្ញុំ ឬនឹកឃើញសួរនាំម្តងណាឡើយ តែកន្លងមកខ្ញុំសម្របតាមគាត់គ្រប់យ៉ាង ប្រតិបត្តិ គោរព បម្រើគ្រួសារ និងម៉ាក់ប៉ាគាត់អស់ពីចិត្តពីថ្លើមរហូតដល់ភ្លេចគ្រួសាររបស់ខ្លួនឯង តែទីបំផុតអ្វីដែលខ្ញុំទទួលបានគឺបែបនេះឯង។ ខ្ញុំបើកឡានទាំងញញឹមតិចៗម្នាក់ឯង

« ម៉ាក់ប៉ា កូនទៅរកលោកទាំងពីរហើយ »៕

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]