ទឹកមាត់ គឺជាសារជាតិរាវថ្លា ដែលផលិតឡើងដោយក្រពេញផ្សេងៗ នៅក្នុងតំបន់មាត់។ ទឹកមាត់ គឺជាផ្នែកដ៏សំខាន់មួយនៃរាងកាយដែលមានសុខភាពល្អ ហើយភាគច្រើនវាផលិតឡើងចេញពីទឹក។ ប៉ុន្តែនៅក្នុងនោះ ទឹកមាត់មានផ្ទុកសារធាតុសំខាន់ដែលរាងកាយរបស់អ្នកត្រូវការជាចាំបាច់ ដើម្បីរំលាយអាហារ និងរក្សាធ្មេញរបស់អ្នកឲ្យមានភាពរឹងមាំ។

ទឹកមាត់មានសារៈសំខាន់ដូចជា៖

− ផ្ដល់សំណើមដល់មាត់របស់អ្នក និងផ្ដល់នូវផាសុកភាព

− ជួយដល់ការទំពា, ដឹងរសជាតិ និងលេប

− ប្រយុទ្ធប្រឆាំងនឹងមេរោគនៅក្នុងមាត់របស់អ្នក និងការពារពីផ្លូវដង្ហើមអាក្រក់

− មានប្រូតេអ៊ីន និងសារធាតុរ៉ែដែលជួយការពារ និងបង្ការពីជំងឺពុកធ្មេញ

− អាចជួយរក្សាធ្មេញជ័រ​(ធ្មេញសប្បនិម្មិត) ឲ្យជាប់នៅនឹងមួយកន្លែង

ទឹកមាត់របស់អ្នកចាប់ផ្ដើមកើតមានឡើង នៅពេលដែលអ្នកព្យាយាមទំពាខ្លាំង។ ជាពិសេសនៅពេលដែលអ្នកព្យាយាមបៀមស្ករគ្រាប់ជាដើម នោះទឹកមាត់ក៏រឹតតែបញ្ចេញច្រើន។ ក្រពេញម្យ៉ាងនេះហើយ ដែលគេឲ្យឈ្មោះថាជា ក្រពេញទឹកមាត់ ដែលវាស្ថិតនៅក្នុងថ្ពាល់សងខាងផ្នែកខាងក្រោមមាត់របស់អ្នក និងនៅក្បែរធ្មេញមុខរបស់អ្នកដោយឆ្អឹងថ្គាម។

នៅពេលដែលមានបរិមាណទឹកមាត់តិចពេក

ជំងឺផ្សេងៗ និងថ្នាំមួយចំនួន ក៏អាចធ្វើឲ្យប៉ះពាល់ដល់ការបញ្ចេញទឹកមាត់ផងដែរ ហើយនៅពេលដែលអ្នកបញ្ចេញទឹកមាត់មិនគ្រប់គ្រាន់ នោះមាត់របស់អ្នកនឹងប្រែក្លាយទៅជាស្ងួត។ ស្ថានភាពនេះត្រូវបានគេហៅថាមាត់ស្ងួត (xerostomia)។

មាត់ស្ងួត អាចបណ្តាលឱ្យអញ្ចាញធ្មេញ អណ្តាត និងជាលិកាដទៃទៀតនៅក្នុងមាត់ទៅជាហើម និងមិនមានផាសុកភាព ហើយមេរោគក៏ចាប់ផ្ដើមរីកលូតលាស់។ មេរោគនេះនឹងធ្វើឲ្យមាត់របស់អ្នកស្ងួត និងនាំឱ្យមានក្លិនមាត់មិនល្អ។

មិនតែប៉ុណ្ណោះ មាត់ស្ងួតនេះ ក៏អាចវិវត្តន៍ទៅជាជំងឺពុកធ្មេញ និងបញ្ហាដល់អញ្ចាញធ្មេញជាដើម។ នេះដោយសារតែទឹកមាត់ ព្យាយាមទៅបំបែកអាហារដែលអ្នកទទួលទាន។ ប្រសិនបើអ្នកមានអាការមាត់ស្ងួត នោះអ្នកមិនអាចសូវដឹង ឬសម្គាល់នូវរសជាតិអាហារដូចពីមុននោះទេ។

មាត់ស្ងួត គឺជារឿងធម្មតាចំពោះមនុស្សវ័យចំណាស់ ទោះបីជាគ្មានហេតុផលណាបញ្ជាក់ច្បាស់ក៏ដោយ។ ជំងឺនេះកើតមានឡើង ក៏ដោយសារតែកង្វះនូវអាហាររូបត្ថម្ភ និងការប្រើប្រាស់ថ្នាំមួយចំនួន។ ទឹកមាត់តិចតួចពេក និងស្ងួតមាត់នេះអាចត្រូវបានបង្កឡើងដោយ៖

− ជំងឺមួយចំនួនដូចជាមេរោគអេសដ៍ និងជំងឺទឹកនោមផ្អែមជាដើម

− ការស្ទះនៅក្នុងបំពង់ណាមួយ ដែលជាកន្លែងបង្ហូរទឹកមាត់ (ការស្ទះបំពង់ក្រពេញទឹកមាត់)

− ការព្យាបាលដោយប្រើថ្នាំគីមី និងវិទ្យុសកម្ម

− ការខ្សោះជាតិទឹក

− ភាពតានតឹង

− ការជក់បារី

មនុស្សរាប់រយនាក់ ដែលជាទូទៅបានប្រើប្រាស់នូវថ្នាំមួយចំនួន ត្រូវបានគេដឹងថានឹងប៉ះពាល់ដល់លំហូរទឹកមាត់ និងបណ្តាលឱ្យមាត់ស្ងួតដូចជា:

− ថ្នាំ antihistamines

− ថ្នាំបំបាត់ភាពថប់អារម្មណ៍

− ថ្នាំបំបាត់ចំណង់អាហារ

− ប្រភេទមួយចំនួននៃថ្នាំសម្ពាធឈាម

− ថ្នាំបញ្ចុះទឹកនោម (ថ្នាំទឹក)

− ថ្នាំបន្ថយទុក្ខព្រួយច្រើនជាងគេបំផុត

− ថ្នាំឈឺចាប់មួយចំនួន (Analgesic)

តើអ្នកត្រូវធ្វើដូចម្ដេចនៅពេលដែលមានក្រពេញទឹកមាត់តិច?

សូមព្យាយាមប្រើគន្លឹះខាងក្រោមនេះ ដើម្បីជួយរក្សាក្រពេញទឹកមាត់របស់អ្នកមានសុខភាពល្អ មាត់របស់អ្នកមានសំណើម និងមានផាសុកភាព៖

− ផឹកទឹកឲ្យបានច្រើន

− ទំពាស្ករកៅស៊ូ (free gum)

− បៀមស្ករគ្រាប់(free candy)

ប្រសិនបើមាត់ស្ងួតនៅតែបន្តកើតមាន គ្រូពេទ្យ ឬពេទ្យធ្មេញរបស់អ្នក អាចនឹងណែនាំលាងមាត់របស់អ្នក ជាមួយទឹកមាត់សិប្បនិម្មិត។ ទឹកមាត់សិប្បនិម្មិត ជាសារជាតិរាវ ឬបាញ់ជាចំហាយទឹក ដែលត្រូវបានដាក់លក់ដោយគ្មានវេជ្ជបញ្ជា ហើយវាអាចត្រូវបានប្រើជាញឹកញាប់ប្រសិនជាចាំបាច់។

ទឹកមាត់សិប្បនិម្មិត អាចជួយរក្សាមាត់របស់អ្នក មានសំណើម និងមានផាសុកភាព។ ប៉ុន្តែវាមិនមានផ្ទុកប្រូតេអ៊ីន ជាតិរ៉ែ និងសារធាតុដទៃទៀត ដូចមាននៅក្នុងទឹកមាត់ពិត ដែលវាអាចជួយដល់ការរំលាយអាហារនោះឡើយ។

ក្រពេញទឹកមាត់ច្រើន

វាជារឿងធម្មតា នៅពេលដែលមានទឹកមាត់ច្រើន លុះត្រាតែវានៅតែបន្តកើតមានមិនឈប់ឈរ ហើយទឹកមាត់តិច ឬច្រើនអាស្រ័យលើអ្វីដែលអ្នកបរិភោគ ឬទទួលទាន។ 

ជាទូទៅ ទឹកមាត់ដែលលើសបរិមាណ នឹងត្រូវបានជ្រាបចូលទៅក្នុងរាងកាយវិញ តាមរយៈការលេបចូល ហើយមូលហេតុដែលធ្វើឲ្យទឹកមាត់ មានបរិមាណច្រើននេះដោយសារតែ៖

− ក្រពេញទឹកមាត់របស់អ្នក គឺមានសកម្មភាពខ្លាំងពេក

− អ្នកមានបញ្ហាក្នុងការលេប

នេះជារឿងធម្មតា សម្រាប់ក្រពេញទឹកមាត់របស់អ្នកធ្វើការលឿន នៅពេលដែលអ្នកបរិភោគអាហារមានរសជាតិហិរខ្លាំង ដែលរសជាតិជាប់នៅលើអណ្តាតរបស់អ្នក ដើរតួនាទីយ៉ាងធំ នៅក្នុងការផលិតក្រពេញទឹកមាត់។ រសជាតិហឹរឬ ជូរក្នុងមាត់ខ្លាំង នោះរសជាតិនៅលើអណ្តាត នឹងមានប្រតិកម្មដោយប្រាប់អ្នក ឲ្យបញ្ចេញទឹកមាត់ច្រើនទៀត ហើយអាហារមានជាតិអាស៊ីត ក៏អាចធ្វើឲ្យក្រពេញទឹកមាត់បញ្ចេញច្រើនជាងអាហារផ្អែម។

ប្រសិនបើទឹកមាត់អ្នកបញ្ចេញច្រើនគ្រប់ពេលវេលា ចូរអ្នកទៅជួបជាមួយនឹងគ្រូពេទ្យ ព្រោះវាអាចជាផលប៉ះពាល់ នៃការប្រើថ្នាំ ឬជំងឺផ្សេងៗ។

ប្រសិនជាអ្នកមានបញ្ហាក្នុងការលេបទឹកមាត់ នោះអ្នកនឹងមានអារម្មណ៍ថា អ្នកមាន ទឹកមាត់ច្រើន និងរហូតដល់ចង់ហៀរចេញមកខាងក្រៅ។ សម្រាប់ជំងឺហៀរទឹកមាត់ នេះ ត្រូវបានមើលឃើញជាញឹកញាប់ កើតឡើងទៅលើមនុស្ស ដែលមានសាច់ដុំខ្សោយនៅត្រង់មុខ និងមាត់។ ឯបញ្ហាដែលនាំឲ្យកើតមានក្រពេញទឹកមាត់ច្រើនរួមមាន៖

− ជំងឺក្រិនម្យ៉ាងនៃសាច់ដុំ

− ពិការខួរក្បាល

− ជំងឺចាល់អាស៊ីតក្រពះ (GERD)

− អណ្តាតរីកធំ (macroglossia)

− ជំងឺវិកលចរិត

− ជំងឺ Parkinson

− ការពុល

− ការមានផ្ទៃពោះ (ជាធម្មតាគេឃើញកើតឡើងទៅលើអ្នក ដែលមានអាការចង្អោរនិងក្អួតខ្លាំង)

− ជំងឺឆ្កែឆ្កួត

− ជំងឺដាច់សរសៃឈាមខួរក្បាល

ថ្នាំដែលអាចបង្កទឹកមាត់ច្រើនពេករួមមាន:

− ថ្នាំប្រកាច់មួយចំនួនដូចជា Klonopin (clonazepam)

− ថ្នាំវិកលចរិកបានហៅ clozapine (Clozaril, Fazaclo ODT) ជាដើម

តើអ្នកត្រូវធ្វើដូចម្ដេចនៅពេលមានក្រពេញទឹកមាត់ច្រើន?

ការព្យាបាលទៅលើក្រពេញទឹកមាត់នេះ អាចអាស្រ័យទៅតាមស្ថានភាពនៃជំងឺរួមមាន៖

− ថ្នាំដែលមានវេជ្ជបញ្ជាត្រឹមត្រូវ

− ការចាក់ថ្នាំ Botox

− ការវះកាត់ជាដើម

ជាដំបូង គ្រូពេទ្យរបស់អ្នកអាចនឹងផ្ដល់ជាអនុសាសន៍ឱ្យថ្នាំ ដែលមានវេជ្ជបញ្ជាដើម្បីជួយកាត់បន្ថយនៃបរិមាណ ក្នុងការបញ្ចេញទឹកមាត់របស់អ្នក។ ថ្នាំទាំងនោះរួមបញ្ចូលដូចជា glycopyrrolate និង scopolamine ។ នៅពេលប្រើប្រាស់ថ្នាំអាចនឹងមានផលវិបាកដូជា បញ្ហានោម ចង្វាក់បេះដូងដើរញាប់ វិលមុខស្រវាំងភ្នែក និងងងុយគេង៕

ប្រភពពី៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]