ភ្នំពេញៈ ខណៈដែលតារាល្បីៗ របស់ប្រទេសកម្ពុជាជាច្រើនរូប បានចាកចេញ ទៅសម្តែងនៅ ប្រទេសកាណាដា ជាហូរហែ និងមិនដែលលេចធ្លាយនូវ ព័ត៌មាន អាស្រូវណាមួយរវាងម្ចាស់ ស្ព័នស័រ (អ្នកធានា) ដែលបាននាំឲ្យតារាចម្រៀង ទៅច្រៀងនៅប្រទេសនោះ មានភាពល្អក់កករ ជាមួយគ្នា ម្តងណាឡើយ ។

ស្រាប់តែថ្មីៗនេះ មន្ត្រីស្ថានទូតកាណាដា ប្រចាំនៅក្នុងប្រទេសថៃ បានប្រកាសឈ្មោះ ពីតារាចម្រៀងកម្ពុជា ដែលមានឈ្មោះ នៅក្នុងបញ្ជីខ្មៅ ពោលគឺតារាចម្រៀង ដែលធ្លាប់ចេញទៅសម្ដែង មានមួយចំនួន កំពុងមានបញ្ហាជា មួយប្រទេសកាណាដា ហើយមិនអាចចេញចូល ទៅសម្តែងដូចមុនបានទៀតឡើយ ។ ក្នុងនោះ តារាចម្រៀង ពេជ្រ សោភា ក៏មានឈ្មោះ នៅក្នុងការរៀបរាប់របស់មន្ត្រីអន្តោប្រវេសន៍ កាណាដា ប្រចាំនៅទីក្រុងបាងកក ប្រទេសថៃផងដែរ ដែលធ្វើឲ្យតារារូបនេះ មានប្រតិកម្ម និងបានចោទ ជាសំណួរថា តើនាងមានកំហុសអ្វី បានជានាងត្រូវមានឈ្មោះ ក្នុងបញ្ជីខ្មៅ ? តើអ្នកដែលបានធានានាងទៅសម្តែងនោះ ហ៊ានមកស្រុកខ្មែរ ដើម្បីតទល់ដោះស្រាយ នៅចំពោះមុខជាមួយគ្នាទេ ?

ពេជ្រ សោភា បានថ្លែងប្រាប់ LookingTODAY នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១២ថា "ព័ត៌មានទាំងអស់នោះ គឺខុសទាំងស្រុង ព្រោះពេល ខ្ញុំធ្វើអ្វីមួយ ខ្ញុំសុទ្ធតែ មានឯកសារ ឬលិខិតស្នាមត្រឹមត្រូវ ខ្ញុំធ្វើអ្វីខុសជាមួយប្រទេសកាណាដា បានជាថាខ្ញុំខុស ខ្ញុំធ្វើតាមច្បាប់ មកវិញក៏តាមច្បាប់ ម្ចាស់ស្ព័នស័រ មិនសប្បាយចិត្តក្នុងការ កេងផលចំណេញពីខ្ញុំ ទើបទេបង្ខូចឈ្មោះខ្ញុំ មែនទេ ? តាមធម្មតា អ្នកដែលត្រូវទៅសម្តែងនៅកាណាដា មានរយៈពេល២ខែកន្លះ ។ ប៉ុន្តែខ្ញុំឆ្លើយប្រាប់អ្នកធានាថា ខ្ញុំទៅមិនបានទេ ខ្ញុំទៅបានតែ១ខែ អ្នកធានាក៏យល់ព្រម ទើបខ្ញុំសម្រេចចិត្តទៅសម្តែងទៅទីនោះ... បើទោះបីជាខ្ញុំ ត្រូវសម្ដែងទាំងលំបាក ពេលខ្លះដាច់បាយ និងពេលខ្លះត្រូវ ឲ្យបងប្អូនជូនទៅជាមួយក៏ដោយ..." ។

ពេជ្រ សោភា បានសង្កត់ធ្ងន់ថា "កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១២ លោក ឃុន ដេវិត បាននិយាយជាមួយខ្ញុំថា គាត់ចង់ធានាខ្ញុំ ទៅសម្តែងមួយដងជាពីរដង... ប៉ុន្តែខ្ញុំប្រាប់គាត់ថា ទៅរយៈពេល២ខែកន្លះ គឺមិនបានទេ...! បើរយៈពេលមួយខែ ខ្ញុំអាចទៅបាន..។ ដោយសារខ្ញុំមាន ភារកិច្ចច្រើន នៅស្រុកខ្មែរ ។ ស្រាប់តែសុខៗ គេបានទម្លាក់លិខិតឆ្លងដែន និងសំបុត្រយន្តហោះឲ្យមកខ្ញុំ... ខ្ញុំមានអារម្មណ៍ភ្ញាក់ផ្អើល ខ្ញុំនិយាយប្រាប់គាត់ថា ខ្ញុំទៅបាន តែយ៉ាងយូរ១ខែ គាត់ប្រាប់ថា អត់អីទេ...! យើងក៏ព្រមព្រៀងគ្នា ថាទៅរយៈពេលមួយខែ... ។ ខ្ញុំក៏បានរៀបចំឥវ៉ែឥវ៉ាន់ ទៅសម្តែងតាមការសន្យា ។ ពេលទៅដល់ យើងបាននិយាយគ្នាថា ក្នុង១ខែត្រូវ សម្តែង៤Show ប៉ុន្តែលោក ឃុន ដេវិត បានកក់កន្លែងគេ ទុកមុន រហូតដល់ទៅ៨កន្លែង ដើម្បីឲ្យខ្ញុំសម្តែង នេះជាករណីគាត់ធ្វើខុសច្បាប់... ក្នុងកុងត្រាមួយ រួចទៅ ហើយ... ។ ខ្ញុំត្រូវសម្តែង៤ Show រយៈពេល៤អាទិត្យ ប៉ុន្តែខ្ញុំសម្តែង៤Show នោះ ក្នុងរយៈពេលតែ៣អាទិត្យប៉ុណ្ណោះ។ តើសល់មួយអាទិត្យទៀតខ្ញុំនៅធ្វើអី? ខ្ញុំមិន មកផ្ទះ ? តើ ខ្ញុំមានកំហុសដែរឬអត់? ប្រសិនបើខ្ញុំមានឈ្មោះជាអ្នកខុស ត្រូវចាប់ទោសអូសដំណើរមែននោះ.. ខ្ញុំមានភស្តុតាង និងឯកសារ ជាច្រើនដើម្បីបង្ហាញ ប្រសិនបើចង់បាន... ។ តាមការពិត លោក ដេវិត ឃុន ហ្នឹង.. គាត់ដាក់ឲ្យខ្ញុំសម្តែង ៣អាទិត្យ ៤Show ហើយនៅសល់១អាទិត្យ គាត់ចង់កេងចំណេញពីខ្ញុំ.....! ដោយរៀបចំជាការប្រគំតន្ត្រី តូចល្មមមួយ ដែលគាត់អាចលក់សំបុត្រ ឲ្យអ្នកចូលរួមទស្សនា តែខ្ញុំបានសម្តែងរួចរាល់ហើយ ហេតុអ្វីគាត់បង្ខំឲ្យខ្ញុំសម្តែងទៀត ? ខ្ញុំត្រូវត្រឡប់មកផ្ទះវិញ តែគាត់និយាយភាសាមួយម៉ាត់ថា ( អ្ហាក…ចុះបងកក់កន្លែងគេរួចហើយ ធ្វើម៉េចទៅ ? ) ខ្ញុំប្រាប់គាត់ថា បងអ្ហែងទៅកក់ធ្វើអ្វី ? ពីព្រោះខ្ញុំសម្តែង តែ៤Show ទេតើ ? ចំណុចនេះ តើខ្ញុំខុសឬត្រូវ ? ម្យ៉ាងទៀតលិខិតឆ្លងដែនរបស់ខ្ញុំ ក៏ត្រូវផុតកំណត់ដែរ ខ្ញុំត្រូវតែមកកម្ពុជាវិញ... ។

ពេជ្រ សោភា បានរៀបរាប់ទៀតថា "ពេលខ្ញុំទៅសម្តែងនោះ ឈ្មោះ ដេវិត ឃុន ជាអ្នកធានា ចង់កេងចំណេញ ពីខ្ញុំ គាត់ធ្វើខនស៊ឺត តូចៗ ស្មានតែខ្ញុំមិនរាប់បញ្ចូល... ។ ខ្ញុំគ្រាន់តែប្រាប់ថា ខ្ញុំមិនបានធ្វើអ្វីខុស ជាមួយទូតកាណាដាទេ អ្នកដែលមានទោសលើកលែងតែ យើងនៅយូរ យកលិខិតឆ្លងដែនទៅពន្យា ទៅខុសច្បាប់ ទើបមានឈ្មោះ ក្នុងបញ្ជីខ្មៅ មិនអាចទៅសម្តែងនៅ កាណាដាបាន... ។ ខ្ញុំអាចមានបងប្អូនជីដូនឈ្មោះ អាមែនដា ប្រាក់សេម ជាសាក្សី ហើយកំឡុងពេលកំពុង សម្តែង ខ្ញុំចង់ប្រាប់ថា ជាម្ចាស់ស្ព័នស័រទាំងមូល មិនបានជូនខ្ញុំ ទៅសម្តែងផងហ្នឹង...? សុខចិត្តឲ្យកូនស្រីគាត់ ជូនខ្ញុំទៅច្រៀង ពេលទៅដល់កន្លែងច្រៀង ខ្ញុំអត់មាន បាយញ៉ាំផង ពីម៉ោង៨យប់ ដល់ម៉ោង២ រំលងអាធ្រាត្រ ខ្ញុំអត់បានបាយមួយម៉ាត់ ខ្ញុំមានតែលើកដៃសំពះ សុំបាយភ្ញៀវវិញ... តើគាត់ធ្វើបែបហ្នឹង... អ្នកណាខុស អ្នកណាត្រូវ ?

ទោះបីជាយ៉ាងណា ពេជ្រ សោភា បដិសេធចោលទាំងស្រុងថា ខណៈដែលនាងទៅសម្តែង នៅប្រទេសកាណាដា កន្លងមក នាងមិនមានជម្លោះ ទាស់ទែងខ្វែងគំនិង គ្នា ជាមួយនឹងអ្នកធានា រហូតដល់ថ្នាក់មើលមុខគ្នាមិនត្រង់នោះទេ ។ ប៉ុន្តែប្រសិនបើគាត់ (ដេវិត ឃុន )ធ្វើបែបនេះ ចំពោះនាង ពេជ្រ សោភា និងបង្ហាញឯកសារ ព្រមទាំងវីដេអូឃ្លីប មួយចំនួនទាក់ទងនឹងសកម្មភាពជាក់ស្តែង ពេលនាងទៅសម្តែង នៅកាណាដា ឲ្យបានដឹងសខ្មៅ។ ម្យ៉ាងទៀត តើលោក ឃុន ដេវិត ហ៊ានមក ស្រុកខ្មែរទេ ប្រសិនបើលោក អះអាងថាបែបនេះ ? មានតារាចម្រៀងខ្មែរច្រើនណាស់ ដែលកំពុងរង់ចាំស្វាគមន៍ លោក ឃុន ដេវិត ពាក់ព័ន្ធទៅនឹង បញ្ហាទៅសម្តែង នៅកាណាដា ព្រោះអ្នកសិល្បៈខ្មែរ មិនមែនជាល្បែង សម្រាប់លោក ដេវិត យកទៅលេងសើចតាមតែអំពើចិត្ត ពេលធានា បានចេញទៅដល់ ប្រទេសកាណាដានោះទេ...៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា