** ប្រលោមលោកខ្មែរឡូត ** 

គេងផ្កាប់មុខលើពូក ដៃលេងទូរស័ព្ទ ហើយរមៀលចុះរមៀលឡើង ដោយឫកពារធុញទ្រាន់ ជាការងារប្រចាំថ្ងៃរបស់ខ្ញុំ។ ការពិតខ្ញុំក៏មិនចង់អ៊ីចឹងដែរ តែការពិតទៅមានរឿងជាច្រើនដែលអ្នកមិនដឹង។

...........................................................................................................................

ខ្ញុំជានិស្សិតម្នាក់ដែលបញ្ចប់បរិញ្ញាបត្រយូរជាងមិត្តដទៃទៀត ជាមនុស្សម្នាក់ដែលអត់មានការងារធ្វើ ដែលភាសាងាយៗគេហៅថាទាត់ខ្យល់។ ខ្ញុំរស់នៅជាមួយសភាពដែលធុញទ្រាន់នឹងជីវិត ចូលចិត្តគិតច្រើន និងជាមនុស្សដែលឆាប់ឆេវឆាវ មួរម៉ៅជាទីបំផុត។ ការងារភាគច្រើនគេត្រូវការបទពិសោធន៍ ចុះខ្ញុំយកបទពិសោធន៍ពីណាបើខ្ញុំទើបតែរៀនចប់អ៊ីចឹង? គិតទៅមនុស្សគិតខុសពីទេវតាគិត ហើយមនុស្សគិតក៏ខុសពីសត្វគិត។  គិតចុះគិតឡើង នៅតែដេកអេះពោះក្នុងបន្ទប់។  ហ៊ើយ!!!!! ជីវិតមនុស្សពិតជាពិបាកមែន។ កំពុងតែស្មុគស្មាញក្នុងជីវិត ហើយម៉ាក់ប៉ាមិនយល់ចិត្តទៀត ជួបមុខពេលណាក៏ស្តីឲ្យ ជួបមុខពេលណាក៏ជេរ ជួបមុខពេលណាក៏រអ៊ូ បែបហ្នឹងហើយបានជាខ្ញុំតែងមានរឿងមាត់កជាមួយម៉ាក់ប៉ា ហើយបញ្ចប់បញ្ហាដោយសំងំក្នុងបន្ទប់បែបនេះ។ រស់នៅកាន់តែធុញ កាន់តែពិបាកចិត្ត ហើយបញ្ហាជាមួយគ្រួសារកាន់តែមិនអន់ថយ។ ខ្ញុំពិបាកចិត្ត ពិបាករហូតពេលនេះខ្ញុំរកវិធីដោះស្រាយមិនបាន ខ្ញុំពិតជាចង់ស្លាប់ណាស់។ ខ្ញុំដឹងថាវាល្ងង់ដែលគិតបែបនេះ ហើយមានតែមនុស្សល្ងង់ទេដែលចង់ធ្វើបែបហ្នឹង តែនេះអស់ជម្រើសហើយ...... ការងារក៏អត់ លុយក៏គ្មាន មនុស្សដែលខ្ញុំស្រលាញ់ក៏គេទៅចោល ម៉ាក់ប៉ាក៏មិនខ្ចីមើលមុខ មិត្តភក្តិក៏លែងរាប់រក..... រស់នៅមានន័យអីទៀត....។

រូបតំណាង

ខ្ញុំបោះកំប៉ុងថ្នាំដែលលួចពីប៉ាមក យកចោលក្នុងធុងសម្រាមក្រោយផ្ទះហេតុផលគឺ....ខ្ញុំខ្លាចល្វីងណាស់ ការស្លាប់ដោយបែបនេះមិនស្រួលខ្លួនសោះ។ បន្ទាប់មកដៃរបស់ខ្ញុំក៏ស្រវាចាប់កាន់កន្សែងមួយ មើលចុះមើលឡើងហើយងក់ក្បាល....

« គួរសមរបស់គេ ប្រហែលជាអាចងាប់ស្រួលជាងបែកពពុះមាត់ » ។ ខ្ញុំយកកញ្ចក់ដែលដាក់តាមខ្លួនឆ្លុះមើលមុខមាត់របស់ខ្្ញុំ ហើយងក់ក្បាលទាំងពេញចិត្ត។ ទោះខ្ញុំចង់ស្លាប់ តែក៏មិនមែនចង់ស្លាប់ដោយមុខមាត់អាក្រក់ដែរ យ៉ាងហោចណាស់ពេលខ្ញុំស្លាប់ទៅ បើមានគេឃើញហើយថតយកបង្ហោះក្នុងហ្វេសបុកក៏មិនសូវខ្មាសគេដែរ។ ហ៊ើយ!! សូម្បីតែចង់ស្លាប់ក៏ត្រូវគិតច្រើន។ បន្ទាប់ពីគិតបានល្អិតល្អន់ហើយ ខ្ញុំក៏យកកន្សែងពណ៌ផ្កាឈូកដែលខ្ញុំស្រលាញ់នោះ ឡើងលើកៅអីចងវាយ៉ាងតឹងលើមែកឈើក្រោយផ្ទះ ។ កំពុងតែធ្វើចិត្តប្រុងឈោងចងក.ស្រាប់តែមានពន្លឺមួយធ្លាក់នៅជិតខ្លួនរបស់ខ្ញុំ។ 

រូបតំណាង

ខ្ញុំភ្ញាក់មើលពន្លឺនោះស្រាប់តែលេចចេញរូបរាង ប្រុសមាឌធំមុខកាចមាំ ស្លៀកក្បិនក្រហម។ ខ្ញុំខ្លាចខ្លាំងណាស់ ហើយនិយាយទាំងភ័យញ័រមាត់

«ខ្ញុំមិនទាន់ស្លាប់ផង ម៉េចមកយកខ្ញុំអីលឿនម៉េះលោកម្ចាស់? » ស្រាប់តែបុរសនោះស្រែកគំហកខ្លាំងៗ

« ឯងចង់រហន់ងាប់ទៅណា? បើឯងមិនទាន់ធ្វើកិច្ចការហើយទេ ឯងកុំសង្ឃឹមថាងាប់បានឱ្យសោះ ស្តាប់បានអត់ហ្ហាស?»

ខ្ញុំបើកភ្នែកធំៗតវ៉ាទាំងភ័យ

« ថាម៉េច? គ្រាន់តែស្លាប់ពិបាកយ៉ាងនេះផង? ចង់ឱ្យខ្ញុំធ្វើអីទៅ? »

«  ជីវិតឯងរាល់ថ្ងៃគ្មានតម្លៃនឹងស្លាប់ទេ ​មានភារកិច្ចច្រើនណាស់ដែលឯងមិនទាន់បានធ្វើ ចង់ងាប់យករួចខ្លួនម៉េចបាន »។

.................................................................... 

ខ្ញុំត្រលប់មកបន្ទប់វិញទាំងមុខឈឺចាប់...យល់សប្តិដូចជាការពិត ការពិតដូចជាយល់សប្តិ។ នេះសូម្បីតែចង់ស្លាប់ក៏ពិបាកដែរ...ស្លាប់អីក៏ពិបាកម៉េះ? ទេ...ស្លាប់មិនពិបាកទេ... តែការពិតទៅភារកិច្ចរបស់មនុស្សដែលនៅរស់ទេដែលពិបាកនោះ។ បន្ទាប់ពីដេកគិតបង្ហូរទឹកភ្នែកអស់កន្លះថ្ងៃ ខ្ញុំក៏សម្រេចចិត្តក្រោកឡើងយកអំបោសបោសជូតសម្អាតបន្ទប់។ ខ្ញុំឃើញម៉ាក់ប៉ាកេះគ្នាខ្សឹបខ្សៀវ តែខ្ញុំធ្វើមិនដឹងមិនឮ ។ បន្ទាប់ពីបោសសម្អាតរួចរាល់ខ្ញុំក៏ភ្ញាក់ផ្អើលព្រោះបន្ទប់សម្បុកកណ្តុររបស់ខ្ញុំការពិតស្អាតបែបនេះ។ ខ្ញុំញញឹមពេញចិត្ត ស្រាប់តែលឺសំលេងម៉ាក់ហៅញ៉ាំបាយយ៉ាងទន់ភ្លន់ខុសពីរាល់ដង។ ខ្ញុំចុះទៅញ៉ាំទាំងមុខឆ្ងល់ហើយឃើញម្ហូបដែលខ្ញុំចូលចិត្តពេញតុ។ ខ្ញុំអង្គុយទល់មុខម៉ាក់ញ៉ាំបណ្តើរគិតបណ្តើរ ហើយទើបតែថ្ងៃនេះទេដែលខ្ញុំសង្កេតឃើញស្នាមជ្រួញ និងទឹកមុខនឿយហត់របស់ម៉ាក់ប៉ាខ្ញុំ....ខ្ញុំស្រាប់តែមានអារម្មណ៍ថាមានទឹកអ្វីដូចជាចង់ស្រសក់ហូរចេញពីភ្នែកខ្ញុំ....តែខ្ញុំប្រឹងទប់ហើយនិយាយតិចៗល្មមឮ។ 

« ខ្ញុំចង់...សាក....ចេញទៅរកការងារធ្វើម្តងទៀត »

គ្រាន់តែឮបែបនេះ ម៉ាក់ប៉ាធ្វើមុខភ្ញាក់ផ្អើលដូចឃើញខ្មោច លាយឡំនឹងភាពរំភើបចិត្ត  តែក៏មិនបាននិយាយអ្វី ។ រកការងារ?  អាហ្នឹងវារឹតតែពិបាកជាងចង់ស្លាប់ទៅទៀត....តែ...ណ្ហើយ!!! ប្រថុយម្តងទៀតចុះ។ 

ខ្ញុំក៏មកឈរមុខហាងកាហ្វេមួយកន្លែង ប្រេនគួរសម....ធ្លាប់តែមកផឹកហ៊ីហា ស្រាប់តែមកឈរសុំការងារគេ...ស្អីក៏មិនចេះ ស្អីក៏មិនធ្លាប់ធ្វើ។ ម្ចាស់ហាងគេប្រុងនឹងដេញចេញហើយ តែដោយសារឃើញខ្ញុំអង្វរពេក ថៅកែក៏ចិត្តទន់ឲ្យខ្ញុំធ្វើការ....គឺ.. ការងារជាអ្នកលាងបង្គន់!!!! ព្រះអើយ!! មួយជីវិតមិនដែលអន់ដល់ថ្នាក់នេះសោះ។ ធ្វើក៏ធ្វើទៅ បិទម៉ាស់កុំឲ្យតែគេឃើញមុខទៅបានហើយ។ ពេលធ្វើដំបូងធុញផង ខ្ពើមផង តែធ្វើយូរៗទៅក៏ស៊ាំ ហើយម្យ៉ាងសប្បាយចិត្តព្រោះការងារនេះក៏មិនអន់ដែរ ។ សំអាតបង្គន់ឲ្យស្អាតធ្វើឱ្យអ្នកចូលមកប្រើគេស្រួលចិត្ត សប្បាយចិត្ត គិតទៅការងារនេះម្យ៉ាងដែរ។ ពេលខ្លះគេចូលទាំងញញឹម ចេញមកគេឲ្យលុយចាយទៀត យើស!! មានទៅអន់អី។ ថ្ងៃកាន់តែដើរ សប្តាហ៍នៅតែបន្ត ទីបំផុតថ្ងៃបើកប្រាក់ខែដំបូងក៏បានមកដល់។ រំភើបចង់ស្រក់ទឹកភ្នែក ប្រាក់ខែរបស់ខ្ញុំ ទីបំផុតខ្ញុំអាចធ្វើបានហើយ។ ខ្ញុំក៏ស្រូតមកផ្ទះទាំងញញឹមញញែម ហើយក៏ហុចលុយឲ្យម៉ាក់មួយផ្នែកធំ។

« នេះជាលុយខែដំបូងកូន....» ម៉ាក់ធ្វើមុខភ្ញាក់ផ្អើលរលីងរលោងទឹកភ្នែកក្តោបលុយជាប់។ ខ្ញុំក៏ដើរចេញទាំងស្ទាក់ស្ទើរ រួចស្រាប់តែត្រលប់មកក្រសោបម៉ាក់ទាំងទប់ទឹកភ្នែកមិនជាប់

« សុំទោសម៉ាក់ដែលធ្វើឱ្យម៉ាក់ពិបាកចិត្ត សុំទោសម៉ាក់ដែលធ្វើឱ្យបារម្ភ» ម៉ាក់កូនយើងយំឱបគ្នាយ៉ាងយូរ។ យប់នេះខ្ញុំបានគេងជាមួយម៉ាក់ប៉ា និងនិយាយគ្នារឿងជាច្រើនដែលមួយរយៈប៉ុន្មានឆ្នាំនេះពួកយើងមិនដែលនិយាយគ្នាសោះជួបគ្នាពេលណាមានតែរឿងតឹងសសៃ.ក។ ម៉ាក់ប៉ាបារម្ភពេលបានដឹងពីការងាររបស់ខ្ញុំ តែខ្ញុំញញឹមពន្យល់ពួកគាត់ ពួកគាត់ក៏យល់ស្របតែលាយក្តីបារម្ភតិចតួច។ ខ្ញុំដឹងថាស្ថានភាពឪពុកម្តាយពេលបច្ចុប្បន្នមិនមែនជាវាសនារបស់ខ្ញុំនៅថ្ងៃអនាគតទេ ខ្ញុំត្រូវតែចេះធ្វើអ្វីដោយខ្លួនឯង។ បន្ទាប់ពីជំលោះរបស់ម្តាយឪពុកកូនបានដោះស្រាយ ព្រឹកឡើងខ្ញុំក៏យកលុយទៅសងមិត្តភក្តិមួយចំនួនហើយសន្យាថាសងបន្តនៅខែបន្ទាប់។ ហើយវាក៏ជាពេលដែលខ្ញុំដឹងថាការពិតមិត្តភក្តិមិនដែលបោះបង់ខ្ញុំចោលទេ ការពិតគឺជាខ្ញុំខ្លួនឯងទេដែលព្យាយាមឃុំខ្លួនឯងជាមួយមនុស្សដទៃរួមទាំងក្រុមគ្រួសារ។ អ្វីៗដូចជារលូនល្អណាស់ ជីវិតពីមួយថ្ងៃទៅមួយថ្ងៃរបស់ខ្ញុំក៏កាន់តែល្អថែមមួយកម្រិតទៀត។ 

ថ្ងៃមួយរឿងចៃដន្យបានកើតឡើង ពេលដែលថៅកែបានដឹងពីចំណេះវិជ្ជា និងសញ្ញាបត្រពិតប្រាកដរបស់ខ្ញុំ បែបនេះហើយការងាររបស់ខ្ញុំក៏ត្រូវផ្លាស់ពីអ្នកលាងបង្គន់ទៅជាអ្នកគិតលុយ ហើយបន្តជាគណនេយ្យករ។  ថាមិនត្រូវថ្ងៃអនាគតអាចក្លាយជាអ្នកគ្រប់គ្រងក៏មិនដឹង។ តែខ្ញុំក៏មិនដែលភ្លេចពីការងារលើកដំបូងរបស់ខ្ញុំទេ ការងារដែលគេយល់ថាអន់ ថាមិនថ្លៃថ្នូរ តែការងារមួយនោះបាននាំខ្ញុំឱ្យមានថ្ងៃនេះ។ អរគុណម៉ាក់ អរគុណប៉ា អរគុណមិត្តភក្តិទាំងអស់ដែលតែងតែនៅពីក្រោយ ហើយផ្តល់កម្លាំងចិត្តពីក្រោយ។  អរគុណភាពទ្រមក់ដែលនាំឱ្យខ្ញុំយល់សប្តិឆ្កួតៗ ។ បើគ្មានអ្នកទាំងអស់នោះទេ ខ្ញុំថ្ងៃនេះប្រហែលនៅតែជាមនុស្សគ្មានបានការ និងនៅតែក្លាយទៅជាមនុស្សដ៏សែនខ្ជិលច្រអូសម្នាក់នៅឡើយទេ៕ 

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]