បើការរង់ចាំមួយនេះធ្វើឱ្យពួកយើងបានជួបគ្នា ខ្ញុំសុខចិត្តរង់ចាំអស់មួយជីវិត។ ហើយបើការឈឺចាប់មួយនេះអាចធ្វើឱ្យបងត្រលប់មកវិញ ខ្ញុំសុខចិត្តរស់នៅទាំងឈឺចាប់ រស់នៅសង្ឃឹមថា គង់មានថ្ងៃមួយបងវិលបងវិញ។ អ្នកផ្សេងគិតថាខ្ញុំល្ងង់ដែលរស់នៅក្នុងអតីតកាលដ៏ឈឺចាប់។ ប៉ុន្តែវាជាសេចក្តីសុខតិចតួចដែលគាត់បានបន្សល់ទុកឱ្យ។

ជីវិតរស់នៅរបស់ខ្ញុំសាមញ្ញណាស់ ក្រៅពីរៀនបំពេញវិជ្ជាបន្ថែមពេលទំនេរ ខ្ញុំចូលចិត្តដាំស្លម្ហូបដែលគាត់ចូលចិត្ត សង្ឃឹមថាថ្ងៃណាមួយ គាត់នឹងបានមកភ្លក់ម្តងទៀត ហើយអង្អែលក្បាលខ្ញុំតិចៗថាគាត់ចូលចិត្ត។ ពេលថ្ងៃខ្ញុំទម្រេតខ្លួនគេងលើសាឡុងដែលគាត់ធ្លាប់គេងមើលទូរទស្សន៍ ហើយបិទភ្នែកស្រម៉ៃភាពកក់ក្តៅដែលគាត់ធ្លាប់បន្សល់ទុក។ ពេលល្ងាចមុននឹងចេញដើរកំសាន្តជិតៗកន្លែងដែលគាត់ធ្លាប់ចូលចិត្តទៅ ខ្ញុំចូលចិត្តបាញ់ទឹកអប់ដែលគាត់ចូលចិត្តប្រើ ធ្វើបែបនេះដូចជាមានគាត់នៅក្បែរខ្លួនខ្ញុំអ៊ីចឹង ទោះជាមានគេឆ្ងល់ និងចម្លែកចិត្តដែលខ្ញុំប្រើទឹកអប់មនុស្សប្រុសក៏ខ្ញុំមិនខ្វល់។ ពេលព្រលប់មុនចូលគេង ខ្ញុំចូលចិត្តសំងំនៅក្នុងទូរដាក់សម្លៀកបំពាក់ ហើយពាក់អាវដែលនៅមានក្លិនគាត់ សោយសុខសុភមង្គលតិចតួច ដែលធ្លាប់មាន ។ ធ្វើបែបនេះខ្ញុំនឹងអាចរស់នៅជាមួយស្រមោលគាត់ជារៀងរហូត ។ មិនដឹងថាខ្ញុំអាចរស់នៅទ្រាំទ្រនឹងភាពឈឺចាប់ និងការកុហកខ្លួនឯងបានយូរប៉ុណ្ណាទៀតទេ គ្រាន់តែដឹងថាខ្ញុំស្រលាញ់គាត់ណាស់ ហើយក៏មិនអាចស្រលាញ់អ្នកផ្សេង បានទៀតដែរ។

ចាំថាឆ្នាំមួយនោះខ្ញុំគ្រាន់តែជាក្មេងស្រីគ្មានដឹងខ្យល់ម្នាក់។ ស្នាមញញឹមរបស់គាត់ធ្វើឱ្យរង្គោះរង្គើបេះដូងក្មេងស្រីម្នាក់នេះ។ ការជួបគ្នាដោយចៃដន្យ ខ្ញុំបន់ស្រន់សូមឱ្យជួបគាត់ម្តងទៀត ពេលនោះខ្ញុំនឹងក្លាហានដើរទៅជិតគាត់។ សំណាងបានមកដល់ មួយឆ្នាំក្រោយមក ខ្ញុំក្លាយជាក្មេងស្រីពេញវ័យម្នាក់ ហើយបានជួបមនុស្សប្រុសដែលខ្ញុំនឹកទាំងយប់ទាំងថ្ងៃ។ អាចថាចៃដន្យខ្លាំងណាស់ ថ្ងៃមួយនោះខ្ញុំចេញពីសាលាស្រាប់តែមានម៉ូតូមកគៀរខ្ញុំឱ្យដួល។ គិតៗទៅក៏ចង់អរគុណម៉ូតូនោះដែរ ព្រោះបើមិនមានគ្រោះថ្នាក់ទេ ប្រហែលជាខ្ញុំមិនបានជួបគាត់ម្តងទៀតឡើយ។ រូបរាងមនុស្សប្រុសវ័យកណ្តាល មុខមាំ ដំណើរសមជាមនុស្សមានឋានៈខ្ពង់ខ្ពស់ស្រាប់តែប្រាកដនៅនឹងមុខខ្ញុំ ហើយបីខ្ញុំរត់ឆ្លងកាត់ផ្លូវដោយមិនខ្វល់ពីខោអាវតម្លៃថ្លៃរបស់គាត់ដែលប្រឡាក់ឈាមខ្ញុំពេញ។ ខ្ញុំញញឹមបិទភ្នែកស្រូបក្លិនចេញពីខ្លួនរបស់គាត់។ កក់ក្តៅណាស់ផ្អែមល្ហែមណាស់។ ពេលនោះខ្ញុំសម្រេចចិត្តច្បាស់ណាស់ បើសិនគាត់ចង់ឱ្យខ្ញុំក្លាយជាស្រីរបស់គាត់ ខ្ញុំនឹងព្រមដោយគ្មានលក្ខខណ្ឌ។ ក្រោយមកខ្ញុំក៏លែងដឹងខ្លួន។ ថ្ងៃបន្ទាប់ខ្ញុំឃើញតែម៉ាក់និងប៉ាគេងកំដរខ្ញុំ។ទីបំផុតគាត់ក៏ទៅបាត់ម្តងទៀត។ ខ្ញុំលួចយំម្នាក់ឯងដែលមិនបានសូម្បីតែនិយាយ ឬសួរឈ្មោះគាត់។ ថ្ងៃចេញពីពេទ្យស្រាប់តែមានមនុស្សផ្ញើបាច់ផ្កាកុលាបដ៏ធំមួយមក។ ខ្ញុំដឹងថាជាគាត់ ទោះមិនមានដាក់ឈ្មោះ តែខ្ញុំច្បាស់ក្នុងចិត្តណាស់ គាត់ក៏នៅនឹកបារម្ភក្មេងស្រីម្នាក់នេះដែរ។

ប៉ុន្មានខែក្រោយមក ស្រាប់តែមនុស្សប្រុសក្នុងសុបិនបានញញឹមនៅនឹងមុខខ្ញុំ ហើយអញ្ជើញខ្ញុំញ៉ាំបាយ។ ពួកយើងបានជជែកគ្នាច្រើនរឿង និងនិយាយដល់ការងាររវល់របស់គាត់ ដែលមិនអាចមកមើលខ្ញុំបាន។ ទើបតែបាននិយាយគ្នាលើកដំបូង ខ្ញុំស្រាប់តែមានអារម្មណ៍ថាពួកយើងនិយាយគ្នាត្រូវរឿងណាស់ ដូចប្តីប្រពន្ធដែលរស់នៅជាមួយគ្នា ២០ ឆ្នាំអ៊ីចឹង។ ក្រោយមកពួកយើងក៏បានទាក់ទងគ្នា ហើយទំនាក់ទំនងក៏ឈានទៅរកកម្រិតមួយដែលមិនអាចបកក្រោយ។ ពេលនោះខ្ញុំបានដឹងថាគាត់មានប្រពន្ធរួចហើយ ។ គ្រាន់តែពួកគេរស់នៅជាមួយគ្នាដោយគ្មានក្តីស្រលាញ់។ ពូកគេនិយាយគ្នារួចហើយ បើម្ខាងណាជួបមនុស្សដែលស្រលាញ់ហើយត្រូវចិត្ត ពួកគេនឹងស្ម័គ្រចិត្តបែកគ្នា។ គាត់សម្រេចចិត្តលែងលះជាមួយប្រពន្ធរបស់គាត់ ហើយបានពាក់ចិញ្ចៀនសុំខ្ញុំរៀបការ។ ខ្ញុំរំភើបដល់ថ្នាក់ហូរទឹកភ្នែក។ ពួកយើងបានចុះអ៊ីតាស៊ីវិលជាមួយគ្នាជាប្តីប្រពន្ធស្របច្បាប់។ គ្រាន់តែការងារគាត់រវល់ពេកបានជាពួកយើងមិនទាន់បានរៀបចំពិធីធំដុំណាមួយ។

តែ...មានថ្ងៃមួយនោះពេលដែលខ្ញុំកំពុងតែធ្វើម្ហូប រង់ចាំគាត់ត្រលប់ពីធ្វើការ ស្រាប់តែមានមនុស្សម្នាក់ពាក់អាវខ្មៅមករកខ្ញុំប្រគល់ប្រអប់ធំមួយ និងផ្កាមួយបាច់ធំ ហើយនិយាយពាក្យមួយឃ្លាថា « គាត់លែងត្រលប់មកវិញហើយ គាត់ផ្តាំប្រាប់ថាកុំរង់ចាំគាត់អី » ។ ខ្ញុំសម្រូតខ្លួនចុះ ហើយស្រែកយំយកៗពេលឃើញក្នុងប្រអប់ជាឈុតកូនក្រមុំដែលខ្ញុំប្រាថ្នា ។ ប្រុសពាក់អាវខ្មៅនោះហុចចិញ្ចៀនមួយវង់ដែលខ្ញុំចាំច្បាស់ថាជារបស់មនុស្សម្នាក់ដែលធ្លាប់សន្យាថានឹងពាក់វាជាប់នឹងដៃរហូតដល់ថ្ងៃស្លាប់   រួចក៏ចេញទៅវិញបាត់ទាំងមុខស្រងូតស្រងាត់។ ខ្ញុំយកចិញ្ចៀនមួយនោះពាក់លើម្រាមដៃមួយទៀតរបស់ខ្ញុំហើយក្តោបដៃយំយ៉ាងកម្សត់។

ហេតុអ្វីរកបានមនុស្សប្រុសដែលល្អ ស្រលាញ់គ្នាស្មោះហើយ បែរជាត្រូវព្រាត់គ្នាយ៉ាងឈឺចាប់? ហេតុអ្វីទេវតាពង្រាត់មនុស្សជាទីស្រលាញ់របស់ខ្ញុំទៅ ឱ្យខ្ញុំរស់នៅលើលោកកណ្តោចកណ្តែងម្នាក់ឯងបែបនេះ? ហេតុអ្វីបានជាត្រូវតែជាគាត់ដែលចាកចេញពីខ្ញុំដោយសភាពបែបនេះ?

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]