សំបុត្រកុនត្រូវបានទុកចោលលើតុ បន្ទាប់ពីបានទទួលទូរស័ព្ទពីស្វាមីខ្ញុំប្រាប់ថា ការងារនៅក្រុមហ៊ុនច្រើន មិនអាចត្រលប់មកបាយល្ងាចបាន។ មួយរយៈនេះខ្ញុំមានអារម្មណ៍ដឹងដល់ភាពប្រែប្រួលខុសធម្មតារបស់ស្វាមី ។

មនុស្សស្រីជាច្រើនអាចនឹងសង្ស័យច្រើន ប្រចណ្ឌច្រើនចំពោះស្វាមី។ តែសម្រាប់ខ្ញុំ ខ្ញុំគ្រាន់តែចង់ធ្វើជាភរិយាម្នាក់ ដែលបំពេញតួនាទីខ្លួនឯងឱ្យបានល្អ មើលថែទាំកូន រៀបចំផ្ទះសម្បែង ចាន ឆ្នាំង និងធ្វើជាភរិយាល្អម្នាក់ចំពោះស្វាមី។ ស្នាមក្រែម និងក្លិនទឹកអប់លើសំលៀកបំពាក់ស្វាមីជាភស្តុតាងដែលខ្ញុំអាចរករឿងបាន។ ប៉ុន្តែក្នុងនាមជាប្រពន្ធពេញច្បាប់ ខ្ញុំថាគ្មានប្រយោជន៍ទេ ដែលត្រូវតតាំង និងប្រឈមមុខ នឹងមនុស្សស្រីដែលជាបង្អែមក្រៅផ្ទះម្នាក់នោះ។ មានតែត្រូវសួរខ្លួនឯងថា តើយើងមានកំហុសឆ្គង ឬចំណុចខ្វះខាតត្រង់ណាខ្លះ បានជាស្វាមីត្រូវលួចលាក់នៅក្រៅផ្ទះ?

ស្វាមីកាន់តែផ្លាស់ប្តូរ ខ្ញុំរឹតតែត្រូវធ្វើចិត្តឱ្យស្ងប់ដូចទឹក។ ខ្ញុំឈរសម្លឹងគូស្នេហ៍ពីរនាក់ដែលកំពុងតែដើរឱបដៃគ្នាស្និទ្ធស្នាលចូលរោងកុន។ សំណាងដែលកូនៗមិនបានចាប់អារម្មណ៍ ព្រោះបើពួកគេឃើញ ខ្ញុំក៏មិនដឹងថាត្រូវរកចម្លើយដោះសារល្អបែបណាប្រាប់កូនៗដែរ។

ថ្ងៃដែលគួរឱ្យភ័យខ្លាចបានមកដល់ ពេលដែលរូបរាងនារីដ៏ស្រស់ស្អាតម្នាក់បានឈរចំពោះមុខខ្ញុំ ថែមទាំងអះអាងថាកូនក្នុងផ្ទៃ ជារបស់ស្វាមីខ្ញុំទៀតផង។ ខ្ញុំសឹងតែដួលមួយជំហរ តែខ្ញុំមិនអាចទន់ជ្រាយឱ្យកូនៗឃើញទេ។ នាងបានទាមទារសិទ្ធជាប្រពន្ធម្នាក់ទៀត និងទំនួលខុសត្រូវលើកូនរបស់នាង។

ពេលនោះហើយ ទើបខ្ញុំដឹងថានាងជាសង្សារចាស់របស់ស្វាមីខ្ញុំ តាំងពីមុនពេលពួកយើងរៀបការ។ ការពិតវានៅតែជាការពិត មិនខ្វល់អ្នកណាមកមុនមកក្រោយ សំខាន់ពេលនេះខ្ញុំជាប្រពន្ធ និងជាម្តាយរបស់កូនគាត់។ ខ្ញុំគ្មានកំហុស ហើយអំពើល្អទាំងប៉ុន្មានរយៈពេលច្រើនឆ្នាំរបស់ខ្ញុំ បានយកឈ្នះចិត្តបេះដូងស្វាមីទៅហើយ ហេតុអ្វីខ្ញុំត្រូវយកកិត្តិយសរបស់ខ្ញុំមកប្រលូកប្រឡាក់ជាមួយស្រីប្រភេទនេះ? ស្វាមីខ្ញុំគ្រាន់តែវង្វេងមួយពេល ពេលរងើកស្នេហ៍ចាស់ឆេះឡើងមួយឆាវ។ តែពេលដែលវារលត់វាគ្រាន់តែជាផេះផង់មួយ ដែលត្រូវរសាត់ទៅឆ្ងាយពេលមានខ្យល់បក់។

ជ័យជំនះបានមកនៅលើដៃរបស់ខ្ញុំ ពេលដែលខ្ញុំប្រកាន់ចរិតថ្លៃថ្នូរ និងតតាំងជាមួយមនុស្សស្រីម្នាក់នោះដោយកិត្តិយសជាប្រពន្ធ។ ពេលដែលមនុស្សពីរនាក់ស្រលាញ់គ្នា និងតស៊ូជាមួយគ្នា ជឿថាគ្មានរឿងអ្វីដែលយើងមិនអាចដោះស្រាយបានទេ។ ខ្ញុំមានសិទ្ធគ្រប់គ្រាន់ ខ្ញុំស្រលាញ់ប្តីរបស់ខ្ញុំ ខ្ញុំប្រាកដជាត្រូវការពារ ហួងហែងនិងព្យាយាមឱ្យអស់ពីសមត្ថភាព ឱបក្រសោបគ្រួសារមួយនេះទុក។ មនុស្សស្រីម្នាក់នោះមានតែដើរចេញទាំងអាម៉ាស់មុខជាទីបំផុត។

ទាំងអស់គ្នាអាចឃើញថា ខ្ញុំល្ងង់ដែលមិនរករឿងពួកគេ តែដោយសារភាពល្ងង់ខ្លៅ និងការតាំងចិត្តខ្លួនឯងឱ្យត្រជាក់ដូចទឹកកកបែបនេះហើយ បានជាខ្ញុំអាចទាញយកការអាណិត និងក្តីស្រលាញ់ពីស្វាមីបាន។ មនុស្សប្រុសបែបនេះហើយ ចង់សាក ចង់ភ្លក់របស់ថ្មីប្លែកៗ តែពេលដែលមានបញ្ហា មានរឿងកើតឡើងមនុស្សប្រុសក៏ចេះប្រៀបធៀបដែរ ថាអ្នកណាជាដុំពេជ្រ អ្នកណាជាដុំថ្មពិតប្រាកដ៕

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]