ចំលែកដែរ គេថាមនុស្សស្រលាញ់គ្នានឹងឧស្សាហ៍សុបិនឃើញគ្នា។ តែសំរាប់ខ្ញុំខុសគេ។ កាន់តែស្រលាញ់ កាន់តែមិនដែលបានយល់សប្តិឃើញ។ តែពេលដែលខ្ញុំយល់សប្តិឃើញម្តងៗ.......................

ខែធ្នូ ឆ្នាំ ២០១៣

ខ្ញុំចាំបានថាសុបិនលើកទី១ដែលខ្ញុំបានឃើញគាត់... គឺវាជាពេលដែលយើងបែកគ្នាច្រើនខែទៅហើយ តែខ្ញុំបែរជាសុបិនឃើញគាត់និងសង្សារថ្មី។ វាមិនមែនជាសុបិនល្អប៉ុន្មានទេ ។ ចុងក្រោយខ្ញុំក៏លឺដំណឹងថាពួកគេបែកគ្នា.......។

ខែមេសា ឆ្នាំ ២០១៤

ទីបំផុតព្រហ្មលិខិតក៏សម្រេចឱ្យពួកយើងបានជួបគ្នាម្តងទៀត.... តែក្នុងនាមជាអ្វីពិតប្រាកដក៏ខ្ញុំមិនដឹង...ជាស្នេហ៍លួចលាក់? គូកំណាន់? ឬជា...........?

ទោះជាក្នុងឋានៈអីក៏ដោយ អ្វីដែលខ្ញុំដឹងច្បាស់គឺខ្ញុំនៅស្រលាញ់គាត់.....មិនដែលបានបំភ្លេចគាត់សូម្បីមួយវិនាទី និងមិនអាចបំភ្លេចអស់មួយជីវិត។ ទោះជាសម្ព័ន្ធភាពដែលមិនប្រាកដប្រជា ឬ គ្មានឋានៈច្បាស់លាស់ ក៏ខ្ញុំនៅតែពេញចិត្តនៅក្បែរគាត់....ទោះជាគាត់ជាមនុស្សសោះអង្គើយ ចូលចិត្តទុកខ្ញុំចោល មិនដែលផ្អែមល្ហែម មិនដែលនិយាយថាស្រលាញ់ខ្ញុំម្តងទៀតតាំងពីយើងបែកគ្នាលើកមុន ឬ មិនដែលនិយាយសូម្បីតែពាក្យថានឹក.......ក៏ខ្ញុំនៅតែស្ម័គ្រចិត្តនៅក្បែរគាត់ដោយគ្មានលក្ខខណ្ឌ.....។

ខែតុលា ឆ្នាំ ២០១៦

ច្រើនឆ្នាំកន្លងផុតទៅភាពឯកា និងកម្សត់នៅតែមិនព្រមឃ្លាតឆ្ងាយពីខ្ញុំ។ ប៉ុន្មានថ្ងៃក្រោយពេលដែលគាត់ចេញទៅធ្វើការនៅក្រៅប្រទេស ខ្ញុំបែរជាសុបិនម្តងទៀត ក្នុងរយៈពេលច្រើនឆ្នាំដែលខ្ញុំស្រលាញ់គាត់។

...............................

ក្នុងពិធីជប់លៀងអ្វីមួយដែលខ្ញុំចាំមិនបាន ខ្ញុំកំពុងតែអង្គុយរង់ចាំដោយអារម្មណ៍ខឹង និងតូចចិត្តចំពោះការយឺតយ៉ាវរបស់គាត់ ។ ទីបំផុតគាត់បានមកដល់។ ខ្ញុំងាកមុខចេញព្រោះតែខឹង ស្រាប់តែដុំក្រដាសមួយបានគប់ត្រូវក្បាលខ្ញុំ។ ខ្ញុំឱនរើស និងងាកមើលទៅគាត់ដែលកំពុងតែធ្វើមុខឌឺ។ ខ្ញុំខឹងខ្លាំងណាស់ក៏បែរមុខចេញទាំងតូចចិត្ត ។ គាត់បាននិយាយទាំងសំដីសោះអង្គើយ

« ហេតុអីមិនបើកមើល? » គ្រាន់តែឮ ខ្ញុំក៏បែរមើលមុខគាត់ទាំងឆ្ងល់ ហើយបើកមើលរបស់ដែលខ្ចប់ក្នុងដុំក្រដាសយឺតៗ ស្រាប់តែ...អារម្មណ៍ពេលនោះតក់ស្លុតបន្តិច រំភើបបន្តិច ដៃកាន់ចិញ្ចៀនពេជ្រមួយវង់ដែលខ្ចប់យ៉ាងជិតនៅក្នុងដុំក្រដាសនោះ...ខ្ញុំកាន់ចិញ្ចៀន និងសំលឹងមើលមុខគាត់បណ្តើរទាំងទឹកភ្នែក។ គាត់ប្រាប់ឱ្យខ្ញុំយកក្រដាសមួយនោះ អាន។ ខ្ញុំក៏ទាញមកអានទាំងទឹកភ្នែកស្រក់ពេញក្រដាស

«សុំទោសដែលធ្វើឱ្យខូចចិត្តកន្លងមក....បងស្រលាញ់អូន...ពួកយើងរៀបការទៅ»

ខ្ញុំស្រែកទ្រហោយំទាំងរំភើបចិត្ត ហើយស្ទុះទៅឱបគាត់ដោយក្តីស្រលាញ់ ។ គាត់ទាញដៃខ្ញុំពាក់ចិញ្ចៀន រួចអូសខ្ញុំចេញពីហាងដែលមានមនុស្សអ៊ូអរ។ ពួកយើងអង្គុយក្រោមដើមឈើដោយកាន់ដៃគ្នាជាប់មិនលែង។

ពេលនោះខ្ញុំក៏ភ្ញាក់ពីសុបិនហើយយំតិចៗ ស្រវាឱបមនុស្សប្រុស ដែលកំពុងតែគេងបែរខ្នងដាក់ខ្ញុំ។ មែនហើយវាគ្រាន់តែជាសុបិនមួយប៉ុណ្ណោះ។ 

ខែមករា ឆ្នាំ ២០១៧

ខ្ញុំសុបិនឃើញឈាមដាបពេញពិធីមង្គលការមួយកន្លែង ។ នៅក្នុងថ្លុកឈាម លេចរូបភាពកូនកំលោះជាមនុស្សប្រុសដែលខ្ញុំស្រលាញ់អស់រយៈពេល ៨ ឆ្នាំមកហើយ ។ រូបភាពកាន់តែព្រិលទៅៗ។

ខ្ញុំក៏ភ្ញាក់ឡើងទាំងទឹកភ្នែកជោគថ្ពាល់ ហើយស្រវាឱបមនុស្សដែលនៅក្បែរដៃ។ ប៉ុន្តែ....គ្មានទៀតទេ....គាត់បានចាកចេញពីខ្ញុំតាំងពីអាទិត្យមុន ។ គាត់សុំបែកដោយគ្មានស្រណោះចំពោះស្នេហាដែលខ្ញុំខំលះបង់ និងរង់ចាំ។ ភាពកក់ក្តៅដែលនៅក្បែរ មនុស្សដែលធ្លាប់ឱបពេញដៃពេលនេះលែងនៅទៀតហើយ។ ពេលនោះទោះជាខ្ញុំខំយំអង្វរយ៉ាងណា ក៏គាត់នៅតែដាច់ចិត្តចាកចេញ។

ខ្ញុំក្រោកចេញពីគ្រែ ហើយឈរជិតបង្អួច មើលទិដ្ឋភាពឡាន ម៉ូតូ និងសភាពអ៊ូអរនៅខាងក្រោម។ ខ្ញុំដោះចិញ្ចៀនពេជ្រមួយវង់ដែលមានប្រឡាក់ស្នាមឈាមតិចៗ ចេញពីម្រាមដៃខ្ញុំ ។ ចិញ្ចៀននេះវាគួរតែជារបស់ខ្ញុំតាំងពីដំបូង។ ហើយមង្គលការមួយនោះក៏គួរតែជារបស់ពួកយើង។ ខ្ញុំខ្ទប់មុខយំទាំងដៃកាន់ចិញ្ជៀនមួយវង់នេះជាប់ ។ ចិញ្ជៀនដែលបានមកដោយប្រឡាក់ឈាមមនុស្សប្រុសជាទីស្រលាញ់ដោយដៃទាំងគូរបស់ខ្ញុំ។ ខ្ញុំស្រែកទ្រហោយំខ្លាំងៗ ដោយមិនខ្វល់ពីសំឡេងសារ៉ែនប៉ូលីសដែលកំពុងតែធ្វើដំណើរមកកាន់តែជិតទៅៗ៕

គំនិត៖  ស្នេហាមិនមែនជាសង្គ្រាមទេ តែមានមនុស្សមួយចំនួនគិតខុស បែរជាលះបង់ខ្លួនឯង ហើយបំផ្លាញអនាគតខ្លួនឯងព្រោះតែស្នេហាបែបនេះទៅវិញ។ បែកបាក់ស្នេហាវាមិនធ្វើឱ្យយើងស្លាប់ទេ គ្រាន់តែធ្វើឱ្យយើងពិបាករស់បន្តិច។ តែបន្តិចទេ...បើសិនយើងទ្រាំឈឺចាប់ចំពោះរឿងពិបាកៗបាន ជឿថាអនាគតយើងនឹងមានជីវិតដ៏រីករាយមួយ។ កុំបោះបង់ខ្លួនឯង កុំធ្វើបាបខ្លួនឯង និងកុំបំផ្លាញអ្នកដទៃព្រោះតែការឈឺចាប់មួយពេល។ ជីវិតអ្នកនៅផ្លូវដើរខាងមុខវែងឆ្ងាយណាស់៕

 

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]