រាជធានី​ភ្នំពេញ ៖ អតីត​កីឡាករ​ប្រដាល់សេរី​ ដែល​រង​របួស​ប្រកួត​លែង​កើត​បាន​ចាប់​អាជីព​​ជា​អ្នកលក់​ទឹកត្រី ហើយ​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ គឺ​គាត់​និង​ប្រពន្ធ​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​កាន់​សាលាសង្កាត់​ចោម​ចៅ ដើម្បី​ប្ដឹង​លែងលះ​គ្នា ថែម​ទាំង​ដណ្តើម​គ្នា​យក​កូនស្រី​អាយុ​២​ឆ្នាំ​ទៀត​ផង កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០១៧ ដែល​មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

អតីត​កីឡាប្រដាល់​រូប​នេះ​ ឈ្មោះ ថៃ ប៊ុ​ន​ហាន អាយុ​ជាង​៣០​ឆ្នាំ សព្វថ្ងៃ​ស្នាក់​នៅ​ក្នុងភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជា​អតីត​កីឡាប្រដាល់​នៅ​ក្លឹ​ប​ឫ​ទ្ធី​ពោធិ៍​សែន​ជ័យ និង​ជា​កូនសិស្ស​លោកគ្រូ ឯម ចាន់ សុផល មាន​ប្រពន្ធ​ឈ្មោះ រ៉ា​យ សុខ​នៅ អាយុ​២៧​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​កាត់ដេរ ស្នាក់​នៅ​ជាមួយ​គ្នា​ក្នុងភូមិ​ខាងលើ​។

ស្ត្រី​ជា​ប្រពន្ធ​បាន​ឲ្យ​ដឹង​ថា នាង​រៀប​ការ​ជាមួយ​គាត់​ជា​ប្ដី​រយៈពេល​ជាង​៤​ឆ្នាំ​មក​ហើយ ប៉ុន្តែ​មិន​បាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ឡើយ ហើយ​មានកូន​ស្រី​ម្នាក់​អាយុ​២​ឆ្នាំ​។ ជីវិត​ជា​ប្ដី​ប្រពន្ធ​ដំបូង​ឡើយ​គឺ​ស្រឡាញ់​គ្នា​ណាស់ ថ្វី​ដ្បិតតែ​ប្ដី​ធ្លាប់​មាត់ធំ​ដាក់​នាង​ខ្លះ​ៗ​មែន ប៉ុន្តែ​មិន​ដែល​មាន​ទំនាស់​ធំដុំ​នោះ​ឡើយ​។ លុះ​ជាង​១​ឆ្នាំ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​ប្ដី​ឡើង​ប្រកួត ហើយ​គ្រោះថ្នាក់​បាក់ដៃ​ម្ខាង​ប្រកួត​លែង​កើត គឺ​គាត់​តែង​មួរ​ម៉ៅ​ជា​និច្ច ហើយ​គាត់​បោះបង់​ចោល​អាជីព និង​ចាប់​យកមុខរ​បរជា​អ្នកលក់​ទឹកត្រី​វិញ ដោយ​ដឹក​ទឹកត្រី​បោះ​ដុំ​ឲ្យ​ម៉ូយ គឺ​ចេញពី​ព្រឹក​រហូត​ដល់​ល្ងាច​ទើប​ចូល​ផ្ទះ​។

ពេល​ចូល​ដល់​ផ្ទះ​ស្រវឹង​រាល់ថ្ងៃ និង​រករឿង​នាង​ជា​បន្តបន្ទាប់ ថែម​ទាំង​វាយដំ​លើ​នាង​២​ដង​រួច​មក​ហើយ ទើប​ធ្វើ​ឲ្យ​ការ​រស់​ចេះ​តែ​មាន​ភាព​រកាំរកូស​រាល់ថ្ងៃ ក៏​សម្រេចចិត្ត​ត្រូវ​តែ​លែងលះ​គ្នា​។ ដំបូង​គិត​ថា លែងលះ​គ្នា​ដោយ​ការ​យល់ព្រម​រៀង​ៗ​ខ្លួន​មិន​ចង់រ​ត់រក​អាជ្ញាធរ​ទេ ប៉ុន្តែ​ក្រោយមក​ប្ដី​ក៏​ចង់បាន​កូន ចំណែក​នាង​ក៏​ចង់បាន​កូន​ដូច​គ្នា ទើប​មិន​ទាន់​លែង​គ្នា​ដាច់ ក៏​នាំ​គ្នា​ទៅ​កាន់​សាលាសង្កាត់​ចោម​ចៅ ដើម្បី​រក​អាជ្ញាធរ​ឲ្យ​ជួយ​ដោះស្រាយ​បែប​នេះ​តែ​ម្ដង​។

ចំណែក​កីឡាករ ថៃ ប៊ុ​ន​ហាន រូប​នោះ​ក៏​បាន​បដិសេធន៍​រាល់​ការ​ចោទប្រកាន់​ខាងលើ ហើយ​គាត់​និយាយ​ថា គាត់​ក៏​បាន​ឡើង​ប្រដាល់​ប្តូរជីវិត​យក​ប្រាក់​មក​ចិញ្ចឹម​ប្រពន្ធ​កូន​ដែរ រហូត​របួស​បាក់ដៃ​ទៀត​ផង ហើយ​ថែម​ទាំង​រស់នៅ​មិន​ចុះសម្រុង​គ្នា​ទៀត​។

ដោយឡែក​អាជ្ញាធរ​បាន​និយាយ​ថា ការ​លែងលះ​ប្ដី​ប្រពន្ធ​មាន​តែ​តុលាការ​មួយ​ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​សម្រេច​ថា​ឲ្យ​លែងលះ ឬ​មិន​ឲ្យ​លែង និង​ការ​សម្រេច​ឲ្យ​កូន​ទៅ​ខាង​ប្រពន្ធ ឬ​ប្ដី ចំណែក​អាជ្ញាធរ​សង្កាត់​គ្មាន​សិទ្ធិ​សម្រេច​ឡើយ បើ​មាន​គឺ​សិទ្ធិ​ត្រឹមតែ​ធ្វើការ​សម្រុះសម្រួល​មិន​ឲ្យ​លែងលះ និង​ណែនាំ​បញ្ឈប់​ការ​ប្រើ​ហិង្សា​តែ​ប៉ុណ្ណោះ​៕

អតីត​កីឡាករ​ប្រដាល់ ថៃ​ប៊ុ​ន ហាន ត្រូវ​ប្រពន្ធ​ចោទ​ថា ប្រើ​ហិង្សា
រូបភាព៖ នារីរងគ្រោះជាភរិយា
អតីត​កីឡាករ​ប្រដាល់ ថៃ​ប៊ុ​ន ហាន ត្រូវ​ប្រពន្ធ​ចោទ​ថា ប្រើ​ហិង្សា

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]