ភ្នំពេញ៖ រឿងរ៉ាវដែលមិននឹកស្មានដល់មួយ នៅក្នុងខ្សែជីវិត របស់តារាចម្រៀងស្រី ដែលធ្លាប់ល្បីឈ្មោះ ដោយសារតែការឡើង ច្រៀងស្លៀកពាក់ដ៏សិចស៊ី គឺអ្នកនាង អ៊ុំ គន្ធា អតីតភរិយាតារាចម្រៀងដែលចូលចិត្ដ ច្រៀងបទ ពីដើមៗបានពីរោះ គឺលោក ផាន សុផាត នោះ ត្រូវបានបែកធ្លាយ ធ្វើឱ្យមជ្ឈដ្ឋាន អ្នកដែលធ្លាប់ ស្គាល់ពីជីវិតហ៊ឺហា របស់នាង ស្ទើរតែនាំគ្នាមិនជឿសោះឡើយថា តារាចម្រៀងដែល ធ្លាប់រស់នៅក្នុងជីវភាព ធូរធារថ្កុំថ្កើង ស្គាល់តែពាក្យចូលហាង តុបតែងខ្លួនស៊ីវីល័យ ទៅណាមក ណាជិះរថយន្ដ និងដើរស៊ីចាយ ហ៊ឺហានោះ បែរជាធ្លាក់ខ្លួនរហូតដល់ថ្នាក់ ស្ទើរតែរកលុយចិញ្ចឹមជីវិតខ្លួនឯង មិនរស់ដល់ថ្នាក់ដើររើសខ្យងខ្ចៅ និងបេះត្រកួន ព្រលឹត នៅក្នុងបឹងទឹកស្អុយ ដើម្បីយកទៅលក់ចិញ្ចឹមជីវិតទៅវិញ។

រឿងរ៉ាវដ៏សែនកំសត់ របស់តារាចម្រៀង អ្នកនាង អ៊ុំ គន្ធា ដែលធ្លាប់តែច្រៀងសើច សប្បាយនៅលើឆាកនោះ ត្រូវបានទម្លាយ ចេញឱ្យដឹងដោយ ទស្សនាវដ្ដីអង្គរធំ ដែលបានចេញផ្សាយកាលពី ថៃ្ងទី៨ ខែតុលា ឆ្នាំ ២០១២ កន្លងទៅនេះ ដោយរួមមានទាំងថត រូបភាព និងធ្វើបទសម្ភាសន៍ដោយផ្ទាល់យក មកធ្វើការចុះផ្សាយទៀត នោះ បានបង្កឱ្យមានការភ្ញាក់ផ្អើល ដោយម្នាក់ៗនឹកហួសចិត្ដ ថា ជីវិតហ៊ឺហានិងជីវិតដឹងតែពីសប្បាយរបស់ នាងបែរជាធ្លាក់ខ្លួនដល់ថ្នាក់នេះសោះឡើយ។

យោងតាមការចុះផ្សាយរបស់ទស្សនាវដ្ដីអង្គរធំ បានឱ្យដឹងថា តារាចម្រៀងអ្នកនាង អ៊ុំ គន្ធា ដែលបច្ចុប្បន្នមាន អាយុ៣២ឆ្នាំ ជាម្ដាយមានកូនប្រុស២នាក់ បានធ្លាក់ខ្លួន រហូតដល់សុំផ្ទះម្ដាយមីងជ្រក ហើយជ្រើសរើសយក មុខរបរ ដើររើសខ្យងខ្ចៅ និងបេះត្រកួន ព្រលឹតនៅក្នុងបឹងបាយ៉ាប ស្ថិតនៅក្បែរផ្ទះ ដែលនាងរស់នៅដើម្បី លក់ចិញ្ចឹមជីវិត ហើយ កូនប្រុសទាំងពីររបស់នាងបានធ្លាក់ខ្លួនដល់ថ្នាក់ ដើររើសអេតចាយ ដើម្បីលក់យក លុយទៅរៀន។

ថ្លែងប្រាប់ទស្សនាវដ្ដីអង្គរធំ អ្នកនាង អ៊ុំ គន្ធា បានរៀបរាប់ទាំងក្ដុកក្ដួលនិងទឹកភ្នែកពី ប្រវត្ដិរបស់នាងថា រូបនាងជាកូនរបស់ឈ្មោះ អ៊ុំ សុផាត អតីតជាមន្ដ្រីក្រសួងពាណិជ្ជកម្ម និងម្ដាយឈ្មោះ អ៊ុង ស៊ីនួន ដែលមាន បងប្អូន ទាំងអស់ចំនួន ៦នាក់ ដោយនាងគឺជាកូនទី៥ ។ នៅតូចដោយរស់នៅក្នុងបន្ទុកឪពុក ម្ដាយដែលជា មន្ដ្រីរាជការ នាងរៀនបានត្រឹមថ្នាក់ទី៥ ប៉ុណ្ណោះ ក៏ឈប់រៀន រួចហើយចូល ច្រៀងនៅក្នុងវង់តន្ដ្រីមួយ នៅ ភោជនីយដ្ឋានឈ្មោះ ផ្ការាំទឹករាំ ដែលកាលណោះទើបតែមាន អាយុ១៥ឆ្នាំ ប៉ុណ្ណោះ ។ លុះនៅ ឆ្នាំ១៩៩៦ នាងបានដាក់ពាក្យចូលប្រឡងចម្រៀង ជាមួយបងស្រីភ្លោះ ដែលសព្វថៃ្ងកំពុងរស់ នៅប្រទេសកាណាដា ហើយបានជាប់ចំណាត់ ថ្នាក់លេខ១ រហូតដល់ផលិតកម្មតូចធំ និងស្ថានីយទូរទស្សន៍នានា អញ្ជើញឡើង ច្រៀង និងថតបទចម្រៀងកាយវិការ ហើយតាំងពី ពេលនោះមក នាងក៏បានក្លាយជាតារាចម្រៀង ល្បីយ៉ាង ឆាប់រហ័ស រហូតដល់ជាប់ឈ្មោះ ជាតារាចម្រៀងសិចស៊ី ដោយសារតែនាងហ៊ាន លះបង់តាមរយៈការស្លៀក ពាក់លេចលើ លេចក្រោមទៀតផង។

ក្រោយល្បីឈ្មោះបានរយៈពេល ៣ឆ្នាំ នាងក៏បានជួបនឹងតារាចម្រៀងប្រុសម្នាក់ គឺលោក ផាន សុផាត ហើយ តាំង ពីពេលនោះមក ក៏មានទំនាក់ទំនងស្នេហា ជាមួយគ្នា រហូតក្លាយជាប្ដីប្រពន្ធឥតខាន់ស្លា ។ ក្នុងចំណងដៃ រស់នៅជាមួយគ្នា នាងបង្កើតបានកូនប្រុសចំនួន២នាក់។ ប៉ុន្ដែក្រោយពី រស់នៅជាមួយគ្នាអស់រយៈពេល៨ឆ្នាំ ជីវិតជាប្ដីប្រពន្ធឥតខាន់ស្លាក៏បានបែកប្រេះឆា រហូតឈានដល់ការលែងលះគ្នា តែម្ដងទៅ។

នាងអ៊ុំ គន្ធា បានរៀបរាប់ទាំងក្ដុកក្ដួលទៀតថា ការរស់នៅជួបជុំគ្នាជាប្ដីប្រពន្ធ គឺពួកនាងទាំងពីរនាក់ ដើរច្រៀង និងរកស៊ីរហូតដល់មានលុយកាក់ទិញបានផ្ទះ២កន្លែង ហើយមានរថយន្ដហុងដាស៊េរីឆ្នាំ៩៦ជិះយ៉ាងសង្ហា ទៀតផង។ ក្រៅពីនេះនាងក៏មានសល់ប្រាក់ កាក់ធ្វើជំនួញផងដែរ តែក្រោយពីការលែងលះគ្នា ទ្រព្យសម្បត្ដិ លុយកាក់ដែលមាន បានចាប់ផ្ដើមរលាយដូចអំបិលត្រូវទឹក ដោយផ្ទះនិងដីធ្លីត្រូវលក់ចែកគ្នា លុយដែលនៅ សល់ នាងក៏យកទៅទិញផ្ទះមួយកន្លែងទៀត នៅម្ដុំផ្សារមាន់អាំង តែក្រោយមកក៏ចាញ់ បោកបុរសម្នាក់អស់ ប្រាក់រាប់ម៉ឺនដុល្លារ។

នាង អ៊ុំ គន្ធា បានលើកឡើងថា សព្វថ្ងៃ ឆាកជីវិតនាង និងកូនប្រុសទាំង២ធ្លាក់ខ្លួន ស្ទើរតែរកអង្ករច្រកឆ្នាំង គ្មាន ជ្រកកោនក្នុងផ្ទះគេ ណាមួយខ្លួននាងមានជំងឺផង មិនអាច ធ្វើការធ្ងន់បានទេ។ ប្រឈមនឹងបញ្ហាជីវិត នាងត្រូវបង្ខំចិត្ដនាំកូនចុះរាវខ្ចៅខ្យង និងដកព្រលឹតបេះត្រកួនក្នុងបឹងបាយ៉ាបយកទៅលក់។ នាងតូចចិត្ដ នឹងវាសនាណាស់ថា តើពីជាតិមុននាងបានសាងកម្មពៀរអ្វី បានជាជាតិនេះ ធ្លាប់ល្បីល្បាញឡើងកប់ពពក បែរជាជ្រកអាចម៍ជន្លេនយ៉ាងនេះ។ ដោយឡែកពាក់ព័ន្ធទៅនឹងអតីតស្វាមីត្រូវបាននាងអះអាងថា នាងមិន អង្វរឱ្យមេត្ដាដល់រូបនាងនោះទេ តែនាងអាណិតកូន បើសិនជានាងស្លាប់ពីលើលោកនេះទៅ តើវាសនាពួកគេ នឹងក្លាយជាយ៉ាងណា ! និយាយមកដល់ត្រឹមនេះ ស្រាប់តែអតីតតារាចម្រៀងធ្លាប់សិចស៊ី ខាងលើខ្ទប់មុខយំ ដែលគេមើលទៅគួរឱ្យ សង្វេគជាពន់ពេក ហើយក៏និយាយលែងចេញ។

ដោយឡែកកូនប្រុសរបស់នាងដែលមាន ឈ្មោះ ផាត សុពេជ្រ អាយុ១២ឆ្នាំ និងម្នាក់ទៀតឈ្មោះ ផាត សុវណ្ណ អាយុ១១ឆ្នាំ បានយំរៀបរាប់ប្រាប់ភ្នាក់ងារអង្គរធំ គួរឱ្យស្លុតចិត្ដថា “ពូអើយ! គ្រួសារខ្ញុំសព្វថៃ្ងរកលុយទិញអង្ករ ដាំបាយញ៉ាំស្ទើរមិនបានផង ព្រោះម៉ាក់គាត់ឈឺ ធ្វើការធ្ងន់មិនកើតបានត្រឹមចុះ រាវខ្ចៅខ្យងប៉ុណ្ណោះ សព្វថ្ងៃ ពួកខ្ញុំដើររើស អេត ចាយផង ចុះបេះត្រកួនផង រាវខ្ចៅផង ដើម្បីផ្សែផ្សំយកលុយទិញអង្ករ និងទុកទៅ រៀន។ សព្វថ្ងៃម៉ាក់នាំពួកខ្ញុំ មកសុំផ្ទះមីងជ្រកកោន ទម្រាំមានផ្ទះនៅខ្លួនឯង ជីវិតបង ប្អូនខ្ញុំអភ័ព្វណាស់ពូ”។ កុមារ សុពេជ្រ បានបញ្ជាក់ដោយឡែកថា “ខ្ញុំគ្មានសង្ឃឹមថា មានផ្ទះនៅវិញទេ ព្រោះម៉ាក់ឈឺធ្ងន់ ទើបនឹងចេញពី ពេទ្យរបេងប៉ុន្មានថៃ្ងនេះ។ ខ្ញុំធ្លាប់ ទូរស័ព្ទទៅប៉ាដែរ តែគាត់មិនព្រមលើក ទូរស័ព្ទសោះ ប្រហែលជាគាត់ស្អប់ ខ្ញុំនិងប្អូនបានជាមិនព្រមឆ្លើយឆ្លង ជាមួយកូន តើពួកខ្ញុំមានកំហុសអ្វី បានជាប៉ាមិនរាប់រកបែបនេះ ខ្ញុំខ្មាសគេ ណាស់ពូ ស្ទើរតែលែងហ៊ានទៅ រៀនទៅហើយ”។

ទស្សនាវដ្ដីអង្គធំ ក៏បានដកស្រង់សម្ដី លោកតា អ៊ុំ សុផាត និងលោកយាយ អ៊ុង ស៊ីនួន ដែលត្រូវជាឪពុកម្ដាយ របស់នាង អ៊ុំ គន្ធា ដោយអ្នកទាំងពីរ បានឱ្យដឹងស្របគ្នាថា ពួកគាត់មិនបន្ទោសកូនប្រសាទេ ផាន សុផាត )  ចំពោះរឿងរ៉ាវកន្លងមក ។ ទោះជាយ៉ាងនេះក្ដី សព្វថ្ងៃពួកគាត់ចាស់ៗណាស់ ហើយ ឯកូនស្រី អ៊ុំ គន្ធា ក៏មាន ជំងឺរកស៊ី ចិញ្ចឹមកូនលែងបាន ដូច្នេះគួរតែ ផាន សុផាត ជួយមើលការខុសត្រូវតំណក់ឈាមរបស់ខ្លួនផង ។ ពួកគាត់មិនទាមទារឱ្យកូនទាំងពីរជួប ជុំគ្នាវិញទេ គ្រាន់តែសុំឱ្យកូនប្រសានោះ តាំងខ្លួន ជាឪពុកប្រកបដោយ ព្រហ្មវិហាធម៌ផង ព្រោះចៅទាំងពីរគ្មានកំហុសទេ បើខឹង ស្អប់ប្រពន្ធ គួរកុំខឹងដល់កូន។

ពាក់ព័ន្ធទៅនឹងការអះអាងរបស់គ្រួសារខាងនាង អ៊ុំ គន្ធា ខាងលើ នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១២ ដើមអម្ពិលបានទូរស័ព្ទ ទាក់ទងទៅលោក ផាន សុផាត ដើម្បីសុំការ បំភ្លឺត្រូវបានលោកធ្វើការអះអាងថា លោក មិនបានផ្ដាច់មនោសញ្ចេតនា ជាមួយនឹងកូន ប្រុសនោះទេ ដោយឡែកចំពោះអតីតប្រពន្ធ របស់លោក គឺមនោ សញ្ចេតនាបានបញ្ចប់ តាំងពីក្រោយលែងលះគ្នាមកម្ល៉េះ ព្រោះ គ្រួសាររបស់នាង បានមើលងាយ មើលថោក ចំពោះខ្លួន គឺធ្វើឱ្យឆ្អែតចិត្ដមិនតិចឡើយ។ ក្នុងនោះលោក ផាន សុផាត បានបកស្រាយបន្ដថា កន្លងមកកូន ប្រុសរបស់លោកបាន ទូរស័ព្ទមករកលោក ហើយលោកតែងតែលើកទទួល និងនិយាយលេងជានិច្ច ហើយក៏ ឧស្សាហ៍ផ្ដល់លុយកាក់ទិញអង្ករ រហូតដល់ ទិញកង់ឱ្យជិះទៅរៀនទៀតផង ហើយនៅពេលថ្មីៗនេះ កូនរបស់ លោកទាំងពីរទើបនឹង មកលេងជាមួយលោក ដោយលោកបានផ្ដល់ លុយកាក់ឱ្យជាធម្មតា បើមិនជឿទេ មាន អ្នកជិតខាងជាសាក្សីដឹងឮ តែមួយរយៈនេះ លោកមិនសូវលើក ព្រោះរាល់ពេលតេមក ម្ដាយរបស់គេតែងតែ និយាយត្អូញត្អែររបៀបមនោសញ្ចេតនាចង់ជានាគ្នាវិញ តែលោកគ្មាន មនោសញ្ចេតនាជាមួយទៀតទេ។ ប៉ុន្ដែ ចំពោះការជួយឧបត្ថម្ភ ជាប្រចាំខែទៀងទាត់នោះ គឺលោកមិនបានជួយនោះទេ ដោយសារតែ ជីវភាពរបស់ លោកសព្វថ្ងៃ គ្រាន់តែជាអ្នកចម្រៀង តាមរង្គសាលពេលរាត្រី គ្រាន់តែចិញ្ចឹមជីវិតខ្លួនឯងមួយរស់ប៉ុណ្ណោះ។

ដោយឡែកពាក់ព័ន្ធនឹងការចង់ឱ្យយក កូនទៅចិញ្ចឹមកូននោះ ត្រូវបានលោក ផាន សុផាត លើកឡើងថា ក្រោយលែងលះគ្នា លោកបានទាមទារយកកូនទៅនៅជាមួយ តែម្ដាយរបស់គេមិនឱ្យជាដាច់ខាត សូម្បីតែ ទៅលេងក៏មិនឱ្យជួបមុខផង។ ដូច្នេះឥឡូវប្រសិនបើគេ អ៊ុំ គន្ធា អស់លទ្ធភាពចិញ្ចឹម ចង់ប្រគល់ឱ្យលោក គឺ លោកទទួល តែមុននឹងទទួល គឺលោកសុំពិនិត្យ ឌីអិនអេ ជាមុនសិន ព្រោះមិនដឹងជាកូនលោក ឬមិនមែន ដោយសារកន្លងមក លោកចាកចេញទៅ ច្រៀងនៅក្រៅប្រទេស ពេលវិលត្រឡប់មក វិញ ប្រពន្ធរបស់លោកក៏ ពោះធំ ដូចនេះលោក មិនទុកចិត្ដមួយរយភាគរយនោះទេ។

រៀបរាប់ពីប្រវត្ដិអតីតកាលដ៏ផ្អែមល្ហែម និងឈានទៅដល់ជូរចត់ នៅក្នុងគ្រួសារអ្នក សិល្បៈនេះ លោក ផាន សុផាត បានរៀបរាប់ឱ្យដឹងថា ក្រោយបានគ្នាជាប្ដីប្រពន្ធ លោក រកស៊ីធូរធារ ទាំងការចេញច្រៀង និងបើកស្ទូឌី យោ ដើម្បីថតបទចម្រៀងឱ្យផលិតកម្ម រៃមាស និងតោមាស រកលុយមួយខែៗបាន រាប់ពាន់ដុល្លារ ចិញ្ចឹម គ្រួសារ មិនឱ្យប្រពន្ធ ចេញទៅច្រៀងខាងក្រៅ មិនឱ្យលំបាកនោះទេ ហើយឪពុកម្ដាយក្មេក ក៏ស្រឡាញ់ចូល ចិត្ដរហូតដល់ហៅលោកកូនទៀតផង ហើយការនិយាយនេះ គឺលោកមានសាក្សី។ ប៉ុន្ដែ តាំងពីស្ទូឌីយោផ្អាក អាជីវកម្ម ដោយសារផលិតកម្មគេមានខ្លួនឯងនោះ លោករកលុយ លែងបាន ម្ដាយក្មេកនិងប្រពន្ធចាប់ផ្ដើមរក រឿងពីមួយថៃ្ងទៅមួយថ្ងៃ រហូតដល់ពេល ខ្លះម្ដាយក្មេករបស់លោកដៀលលោកថា "សុទ្ធតែអាអត់កំណើត អារកលុយមិនបាន" ។

ចំណែកភរិយាដែលធ្លាប់តែល្អូកល្អិនចាប់ ផ្ដើមសោះអង្គើយ ហើយក៏ចាប់ផ្ដើមចេញ ទៅច្រៀងខាងក្រៅ ដោយ កាលនោះអះ អាងថា ទៅច្រៀងនៅបារមេគង្គ ជាកន្លែងចាស់ តែពេលទៅច្រៀងបាន៥-៦ខែ ប្រពន្ធ របស់ លោកក៏ចាប់ផ្ដើមប្រែប្រួលចិត្ដ ហើយ សុំលោកលែងលះគ្នាតែម្ដងទៅ ទោះបីជា លោកអង្វករយ៉ាងណា ក៏នាងមិនព្រមដែរ គឺដាច់ខាតត្រូវតែលែងគ្នា។ កាលណោះពេល លែងគ្នា ផ្ទះវីឡាមួយនៅផ្សារដីហុយ លោក មិនទាមទារចែកនោះទេ គឺប្រគល់ឱ្យប្រពន្ធ និងកូន តែក្រោយមកនាងក៏លក់ ដោយកាលនោះឮថា លក់បាន ជាង ១០ម៉ឺនដុល្លារ តែឥឡូវផ្ទះនោះមិនក្រោម ១លានដុល្លារទេ។

លោក ផាន សុផាត ក្រោយទទួលបាន ព័ត៌មានពីជីវិតកំសត់របស់អតីតភរិយា តាំងពីមានផ្ទះវីឡា ផ្ទះល្វែង នៅមានរថយន្ដជិះ មានលុយចាយមិនខ្វះ រហូតដល់ធ្លាក់ខ្លួនសុំសំយាបផ្ទះគេ នៅបែបនេះ ត្រូវបានលោក លើកឡើងថា ដោយសារតែជីវិតភ្លើតភ្លើនរបស់នាង ហើយអំពើរបស់នាងមកលើរូប លោក បើគិតតាមកម្មផល អ្នកណាសាង អំពើអ្វី នឹងទទួលបានផលបែបនោះ ហើយ លោកក៏សូមអំពាវនាវ និងផ្ដាំផ្ញើដល់អ្នកសិល្បៈ ដូច រូបលោកមួយចំនួនតូចណានោះ ដែល ចូលចិត្ដភ្លើតភ្លើន សូមឱ្យគិតឡើងវិញ ហើយ ក្រឡេកមើលអតីត ភរិយារបស់លោកជា គំរូស្រាប់។

ពាក់ព័ន្ធទៅនឹងការធ្លាក់ខ្លួនក្រីក្ររហេមរហាមខាងលើនេះ ត្រូវបានអ្នកដឹងរឿង អះអាងថា បើនាង អ៊ុំ គន្ធា កុំភ្លើតភ្លើនហ៊ឺហា និងចាញ់បោកគេនោះ ក៏នាងមិនធ្លាក់ខ្លួនដល់ ថ្នាក់នេះដែរ។ អ្នកដឹងរឿងបានបង្ហើបឱ្យដឹង បន្ដថា ក្រោយលែងលះនិងលក់ផ្ទះវីឡានាង ក៏បានមកទិញផ្ទះល្វែង នៅខាងក្រោយ វិទ្យាល័យបុរី១០០ខ្នង ស្ថិតក្នុងសង្កាត់ទឹកថ្លា រស់នៅដោយមានជីវភាពសមរម្យ មាន រថយន្ដជិះហ៊ឺហា១-២គ្រឿង នៅឡើយនោះ ទេ ចន្លោះឆ្នាំ ២០០៨-២០០៩។ ប៉ុន្ដែកាល ណោះគេដឹងថា នាងមានទំនាក់ទំនងជាមួយ បុរសម្នាក់ ដែលបុរស នោះក៏ដូចជាក្រុមគ្រួសារ របស់នាងនិយាយប្រាប់អ្នកជិតខាងថា បុរស ខាងលើជាអ្នកមាន មានហាងនៅ សៀមរាប និងរកស៊ីឈើគ្រញូងនៅខេត្ដកោះកុងថែម ទៀតផង។ អ្នកជិតខាងក៏បានជឿតាម ដោយ សារតែ រាល់ពេលបុរសនោះមកម្ដងៗ ជិះសុទ្ធតែរថយន្ដអេស្កាឡែត មានកូនចៅហែ ហម ។ ប៉ុន្ដែមួយរយៈក្រោយមក បន្ទាប់ពី បាត់មុខបុរសនោះ ទើបលេចឮព័ត៌មានថា បុរសនោះជាមនុស្សបោកប្រាស់ បោកយក លុយរបស់ នាងអស់រលីង ដោយឱ្យនាងបញ្ចាំ ផ្ទះយកលុយទៅរកស៊ីឈើគ្រញូងបានចំណេញ ច្រើន តែក្រោយពីយក លុយទៅបាត់ក៏ប្រាប់ថា ឈើត្រូវសមត្ថកិច្ចចាប់អស់ តាមពិតសូម្បីតែរថយន្ដអេស្កាឡែត ដែលជិះមកផ្ទះក៏ បុរសនោះជួលគេជិះដែរ ។ ក្រោយពីធ្លាយ រឿងបុរសនោះបោកប្រាស់បានប្រមាណ១ឆ្នាំ ក្រោយមកស្រាប់តែ នាងលក់ផ្ទះមួយជុង នៅក្រោយសាលាបុរី១០០ខ្នង ចាកចេញបាត់ទៅ ហើយអ្នកជិតខាងក៏លែងបានទទួល ដំណឹងពីនាងរហូតមក។ ឥឡូវពេលឮព័តមាន ទើបដឹងថា ក្រុមគ្រួសាររបស់នាងមិនគួរ ធ្លាក់ខ្លួនដល់ ថ្នាក់នេះទេ ។

ពាក់ព័ន្ធទៅនឹងព័ត៌មានចុងក្រោយនេះ ដើមអម្ពិលនៅមិនទាន់សុំការបំភ្លឺពីនាង អ៊ុំ គន្ធា បាននៅឡើយទេ ហើយដើមអម្ពិល ស្វាគមន៍រង់ចាំធ្វើការចុះផ្សាយបំភ្លឺរហូត៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ដោយ៖ ដើមអម្ពិល(DAP)

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]