ការផិតក្បត់ ភាពឈឺចាប់កាលពីមុន   បានប្រែក្លាយ   ខ្ញុំក្លាយជាមនុស្សស្រី    ចិត្តដាច់ រាយមាយ និងសោះអង្គើយចំពោះសេចក្តីស្នេហា។       នៅពីមុខខ្ញុំគឺជាក្មេងប្រុសម្នាក់ដែលបញ្ចេញកែវភ្នែក ផ្អែមល្ហែម និងញញឹមញញែម។ ខ្ញុំលើកកែវកាហ្វេក្រេបបន្តិចទាំងធុញទ្រាន់។ ក្មេងប្រុសនោះភ្ញាក់ទាំងឆ្ងល់ ពេលខ្ញុំទំលាក់កែវកាហ្វេចុះរាងធ្ងន់ដៃ

« ចង់មើលខ្ញុំយូរដល់ណាទៀត? មានរឿងអីនិយាយ និយាយឱ្យលឿនៗមក នេះខ្ញុំត្រូវចោលការងារ ដើម្បីចេញមកផឹកកាហ្វេដ៏សែនអន់បែបហ្នឹង? »

« បងមិនចូលចិត្តកាហ្វេនៅក្នុងហាងនេះទេ?»

« មិនចូលចិត្ត »

« តែខ្ញុំឃើញបងមកនេះញឹកញាប់តើ»

« មិនចូលចិត្តគឺមិនចូលចិត្តហើយ ចេះដឹងច្រើនម្ល៉េះ?»

« សុំទោសផង » មិនបាច់ខំធ្វើមុខគួរឱ្យអាណិតដាក់ខ្ញុំទេ ខ្ញុំមិនចាញ់បោក។ គ្រាន់តែជាក្មេងម្សិលម្ញ៉ៃ តែបែរជាថ្លើមធំហ៊ានមកតាមញ៉ែខ្ញុំផង។

កុំយល់ច្រលំ ការពិតទៅគេមិនមែនជាក្មេងប្រុសអីណាស់ណាទេ ដែលខ្ញុំហៅគេបែបនេះព្រោះគេអាយុតិចជាងខ្ញុំដល់ទៅ ៥ ឆ្នាំ។ ខ្ញុំជាប្រធានផ្នែកធនធានមនុស្ស គេគឺជាប្រធានផ្នែក  Design គិតៗទៅផ្នែកនេះសឹងតែគ្មានការងារពាក់ព័ន្ធគ្នាផង តែការជួបគ្នាចៃដន្យមួយ    ធ្វើឱ្យគេចាប់ផ្តើមយកលេសការងារមករកខ្ញុំ    និងណាត់ខ្ញុំចេញក្រៅជាច្រើនដង។ គេគ្មានអ្វីអាក្រក់ទេ រូបរាងក៏សង្ហា ឬកពារួសរាយ  តំណែងរួមផ្សំរូបសម្បត្តិរបស់គេ    គឺជាទីទាក់ទាញរបស់មនុស្សស្រីជុំវិញ    ជាពិសេសស្រីៗនៅក្នុងក្រុមហ៊ុន លើកលែងតែខ្ញុំ ។   តាមធម្មតាគេជាមនុស្សហ្មត់ចត់     និងមានទំនួលខុសត្រូវចំពោះការងារណាស់ តែពេលនៅជាមួយខ្ញុំគេចូលចិត្តធ្វើខ្លួន   ដូចជាក្មេងប្រុសទើបនឹងមានស្នេហា។ បាច់ផ្កា អំណោយនៅថ្ងៃសំខាន់ៗ សារដ៏គួរឱ្យព្រឺសម្បុរ ស្នាមញញឹមពេញដោយក្តីស្រលាញ់បែបនេះធ្វើឱ្យខ្ញុំធុញទ្រាន់។ ស្រីៗពេញក្រុមហ៊ុនសុទ្ធតែច្រណែនខ្ញុំ តែចំពោះខ្ញុំគ្រាន់ជាការរំខានមួយប៉ុណ្ណោះ។

មនុស្សស្រីអាយុជាង   ៣០    ឆ្នាំទៅហើយបែរជាគ្មានសង្សារ  មិនទាន់រៀបការ ហើយមានឬកពាឆ្មើងឆ្មៃបែបនេះ     បែរជាអាចទាក់ចិត្តមនុស្សប្រុសដែលគេគ្រប់គ្នាហៅថា Perfect Man។ គ្រាន់តែគ្មានសង្សារ មិនទាន់រៀបការ   មិនមែនមានន័យថាខ្ញុំគ្មានដៃគូបណ្តើរនោះទេ។ ហេតុអ្វីត្រូវចងសេរីភាពខ្លួនឯងជាមួយនឹងឋានៈជាសង្សារ រឺប្តីប្រពន្ធ បើរាល់ថ្ងៃ ការងារល្អក៏មាន   លុយកាក់ក៏មិនខ្វះខាត    ជីវិតក៏មិនបានលំបាកអី។   បើអផ្សុកគ្រាន់តែរកប្រុសម្នាក់កំដរផឹក   កំដរមើលកុនដើរលេង រួចហើយក៏ចែកផ្លូវគ្នាទៅបានហើយ។ ខ្ញុំធ្លាប់ប្រាប់គេ       ពីរឿងរបស់ខ្ញុំទាំងអស់    ដើម្បីឱ្យគេឈប់មករវីរវល់ជាមួយខ្ញុំ ។ តែគេមិនគ្រាន់តែទទួលយកបានទេ     នៅទះទ្រូងធានាថាគេនឹងធ្វើឱ្យខ្ញុំផ្លាស់ប្តូរ

« ខ្ញុំជឿថាក្តីស្រលាញ់ និងភាពស្មោះត្រង់របស់ខ្ញុំ នឹងធ្វើឱ្យបងកែប្រែបាន ខ្ញុំនឹងបង្ហាញឱ្យបងដឹងថា ខ្ញុំអាចធ្វើបាន » ។

តាំងពីខ្ញុំស្គាល់គេ ការងារកាន់តែរវល់ឡើង ទោះជាស្ត្រេសបន្តិចតែមនុស្សមានទំនួលខុសត្រូវដូចជាខ្ញុំ នៅតែធ្វើការបានល្អ ។ ជាពិសេសអារម្មណ៍ប្លែកៗក៏ចាប់ផ្តើម   ។   ពេលដែលខ្ញុំនឿយហត់មានកាហ្វេក្តៅៗហុយៗមកនៅចំពោះមុខ    ពេលឃ្លានក៏មានអ្នកកំម៉ុងមីយកមកដល់បន្ទប់ ពេលឈឺរោយឆ្អឹងខ្នងទើបដឹងថាកៅអីប្រធានរបស់ខ្ញុំនេះមិនដឹងថាត្រូវគេប្តូរតាំងពីពេលណា មានបន្ថែមឧបករណ៍ម៉ាស្សាខ្នងទៀតផង។ ក្រឡេកមើលលើតុធ្វើការ    និងរបស់ជុំវិញខ្លួនក៏ត្រូវបានគេរៀបចំឱ្យមាន ថូផ្កា  ដើមឈើ និងរបស់តុបតែងទាក់ភ្នែកខ្លះៗ។ គិតថាវាមិនល្អជាងមុនណាស់ណាទេ តែវាធ្វើឱ្យខ្ញុំធូរស្រាលចិត្តបានខ្លះ ហើយក៏ចាប់ផ្តើមចេះញញឹម។ ខ្ញុំបែរមើលទៅមាត់ទ្វារក៏ឃើញក្មេងម្នាក់នោះឈរញញឹម លាអណ្តាតដាក់ខ្ញុំ រួចក៏ប្រញាប់ដើរចេញទៅបាត់។ ខ្ញុំលួចសើច ហើយភាពកក់ក្តៅក៏កើតមានឡើង។

គំរោងការងារបានបញ្ចប់អស់ ទំលាប់ដើមក៏បានត្រលប់មកវិញ។ យប់នេះខ្ញុំមានណាត់ជួប ជាមួយប្រុសៗទៀតហើយ។ រ៉ូបពណ៌ក្រហម និងការផាត់មុខក្រាស់ៗធ្វើឱ្យខ្ញុំស៊ិចស៊ីលើសដើម។ ទោះជាអាយុជាង៣០ តែខ្ញុំដឹងថាគ្រប់គ្នាហៅខ្ញុំថាស្រីស្អាត។ បន្ទាប់ពីមើលកុនស្នេហារ៉ូមែនទិក និងញ៉ាំអាហារពេលល្ងាចក្រោមពន្លឺភ្លើងទៀន ពួកយើងក៏បានថើបគ្នា នៅពេលដៃគូណាត់ជូនខ្ញុំមកដល់ផ្ទះ។ ពេលចុះពីលើឡាន ខ្ញុំក្រឡេកឃើញគេកំពុងតែសម្លឹងមកខ្ញុំទាំងភ្នែកឈឺចាប់។

« ម៉េចចូលចិត្តធ្វើខ្លួនថោកទាបបែបនេះ?» ខ្ញុំស្រឡាំងកាំង និងភ្ញាក់ផ្អើលនឹងសំដីគេយ៉ាងខ្លាំង ម្រាមដៃរបស់ខ្ញុំបោះត្រាលើថ្ពាល់គេពេញមួយទំហឹង។ គេសើចតិចៗចំអក ឱ្យខ្លួនឯង

« នឹកស្មានថាអំពើល្អ  និងក្តីស្រលាញ់ស្មោះរបស់ខ្ញុំអាចកែប្រែនាងបានហើយ  តែមិននឹកស្មានថា នាងបែរជានៅតែធ្វើបែបនេះ។ មានខ្មាសខ្លួនឯងខ្លះអត់? »    ខ្ញុំជាមនុស្សស្រីពូកែ និងក្លាហានណាស់ តែក្នុងស្ថានភាពបែបនេះ ខ្ញុំបែរជានិយាយមិនចេញ  ដឹងត្រឹមថាខ្លួនប្រាណ ដៃជើងខ្ញុំញ័រអស់ហើយ។

« គ្មានពាក្យត្រូវបកស្រាយមែនទេ?    ខ្ញុំយល់ហើយ      កុំបារម្ភខ្ញុំមិនរំខាននាងទៀតទេ ហើយក៏មិនចង់ឃើញមុខនាង ក្នុងជីវិតខ្ញុំទៀតដែរ» គេស្រែកដាក់ខ្ញុំ    ខ្ញុំដឹងថាបើសិនជាខ្ញុំនៅតែឈរនៅទីនេះ ទឹកភ្នែកដែលខំទប់ប្រាកដជាស្រក់នៅមុខគេមិនខាន។ ខ្ញុំក៏រត់ចេញពីទីនេះ    ឡើងទៅបន្ទប់ហើយខ្ទប់មុខយំទាំងឈឺចាប់។    ធ្លាប់ប្រាប់ខ្លួនឯងហើយថា កុំមានស្នេហាទៀត ព្រោះមុននិងក្រោយប្រាកដជាធ្វើឱ្យយើងឈឺចាប់បែបនេះ តែខ្ញុំបែរជាហាមបេះដូងខ្លួនឯងមិនបាន។

ក្រោកពីគេង    អ្វីដែលត្រូវធ្វើមុនគេ   គឺដាក់ច្បាប់ការងារ ព្រោះសភាពភ្នែកហើម សក់ ក្បាលកន្ទ្រីងកន្ទ្រើងនៅពេលនេះ    ប្រាកដជាមិនអាចឱ្យខ្ញុំជួបអ្នកណាបានទេ ។   អ្វីដែលខ្ញុំភ្ញាក់ផ្អើល    គឺពេលដែលយកទូរស័ព្ទមកមើល   ខ្ញុំបានឃើញសារដែលមិនទាន់បានអានជាង ២០ សារ និង Missed Call ជាង ២០០។ ភាពឈឺចាប់បានកើតឡើងជាថ្មី មិនចង់ឃើញមុខខ្ញុំហេតុអ្វីផ្ញើសារ ហើយទូរស័ព្ទមកខ្ញុំធ្វើអ្វី?   ខ្ញុំសឹងតែបោះទូរស័ព្ទចោលហើយ កុំតែចៃដន្យបានឃើញសារមួយដោយចៃដន្យ។

ខ្ញុំប្រញាប់ងូតទឹកស្លៀកពាក់ទៅមន្ទីរពេទ្យ។    ក្មេងប្រុសក្បាលរឹងម្នាក់ញញឹមញញែម ទាំងមុខស្លេកស្លាំង គ្មានកម្លាំងកំហែងលើគ្រែអ្នកជំងឺ ពេលឃើញខ្ញុំឈរសម្លក់នៅនឹងមុខ

« ឆ្កួតទេ មកឈរហាលសន្សើមនៅមុខផ្ទះគេ?»

« ខ្ញុំចង់សុំទោស ព្រោះខ្ញុំដឹងថាទោះជាខំស្រែកហៅ ឫគោះទ្វារយ៉ាងណា ក៏មនុស្សស្រីមានៈម្នាក់នោះ ប្រហែលជាមិនបើកទ្វារឱ្យខ្ញុំចូលដែរ បានជា....»

«បានជាមានរឿងឱ្យរវល់ដូចពេលនេះ? »  គេគ្រុនក្តៅយ៉ាងខ្លាំង រហូតបានអ្នកជិតខាងខ្ញុំឃើញក៏យកអាសាជួយជូនមកមន្ទីរពេទ្យ។ យប់មិញ  បន្ទាប់ពីខ្ញុំរត់ចេញទៅ គេប្រុងនឹងមកតាមខ្ញុំដែរ តែឡានមិត្តភក្តិដែលនៅបរទេសរាប់ឆ្នាំរបស់ខ្ញុំក៏បកត្រលប់មកវិញ ព្រោះខ្ញុំភ្លេចរបស់សំខាន់មួយនៅក្នុងឡានរបស់គេ។ វាឆ្កួតខ្លាំងណាស់ដែលរឿងរ៉ាវដែល ខ្ញុំសរសេរ និងអំណោយដែលខ្ញុំត្រៀមជូនគេនៅថ្ងៃខួបកំណើត ត្រូវគេបានដឹងមុនយ៉ាងនេះ។

« ការពិតបងក៏ចេះ Sweet ដែរតើ ហើយចេះអៀនទៀត »

«ឈប់និយាយភ្លាម » ខ្ញុំវ៉ៃដៃគេ ទាំងខ្នាញ់។

កាលពិតយប់នោះ ខ្ញុំពឹងមិត្តរបស់ខ្ញុំឱ្យជូនទៅរើសអំណោយសំរាប់ថ្ងៃកំណើតគេតើ ព្រោះខ្ញុំដឹងថាការពិតខ្ញុំស្រលាញ់គេហើយ។   មនុស្សដែលធ្លាប់តែស្រលាញ់   និងយកចិត្តទុកដាក់ចំពោះអ្នកដទៃកាលពីមុនដូចជាខ្ញុំ, នៅពេលនេះពេលដែលមានមនុស្សមក ស្រលាញ់ និងហ៊ានធ្វើអ្វីទាំងអស់ដើម្បីខ្ញុំ ខ្ញុំម៉េចនឹងអាចចិត្តដាច់ ធ្វើចិត្តថ្មបានទៅ។  ពេលនេះ   ខ្ញុំបានក្លាយជាមនុស្សស្រីដែលមានសេចក្តីសុខពេញលេញ     ព្រោះមានមនុស្សប្រុសល្អម្នាក់នៅក្បែរ។       ពាក្យចាស់ពោលថាមានរបស់ល្អគួរចេះថែក្សា ថ្ងៃក្រោយមិនប្រាកដថា  អាចជួបប្រុសដែលល្អបែបនេះទៀតទេ។    ត្រូវចេះចាប់ឱកាស ឱបក្រសោប និងរក្សាឱកាសល្អៗដែលនៅចំពោះមុខ ទើបយើងមិនសោកស្តាយនៅថ្ងៃក្រោយ៕ 

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]