យោងតាមវេជ្ជបណ្ឌិត Peter J. D’Adamo ដែលជាអ្នកនិពន្ធសៀវភៅ Eat Right 4 Your Type បានលើកឡើងថា ប្រសិនបើអ្នកចង់បានរូបរាងស្អាត និងសុខភាពល្អនោះ អ្នកត្រូវតែទទួលទាន និងហាត់ប្រាណឲ្យបានត្រឹមត្រូវ ទៅតាមប្រភេទឈាមរបស់អ្នក។

ហេតុនេះ ចង់ដឹងថា ប្រភេទឈាមរបស់អ្នកគួរទទួលទានអ្វី គួរចៀសវាងអ្វី និងគួរហាត់ប្រាណបែបណានោះ សូមតាមដានទាំងអស់គ្នា ដូចខាងក្រោមនេះ ៖ 

ប្រភេទឈាមទាំង ៤ ក្រុម

១. ប្រភេទឈាម O

• របបអាហារ ៖ អ្នកមានឈាមប្រភេទ O គឺមានជាប់ពូជអំបូរពីមនុស្សប្រមាញ់ជំនាន់ដើម ដែលត្រូវការប្រូតេអ៊ីនពីសាច់សត្វជាចំបង។

• អាហារគួរបរិភោគ ៖ សាច់គោ សាច់ចៀម សាច់មាន់ សាច់ត្រី សារាយ គ្រឿងសមុទ្រ និងអាហារមានជាតិប្រៃ (តែមិនមែនប្រៃខ្លាំងពេកទេ) ដែលអាហារទាំងនេះអាចកាត់បន្ថយកម្រិតជាតិអ៊ីយ៉ូត និងជួយឲ្យក្រពេញទីរ៉ូអ៊ីតដំណើរការបានល្អប្រសើរ។

• អាហារគួរចៀសវាង ៖ អ្នកមានឈាម O មិនគួរទទួលទានផលិតផលទឹកដោះគោ ស៊ុត និងផលិតផលស្រូវសាលី ដូចជានំប៉័ងឡើយ ពីព្រោះអ្នកមានប្រព័ន្ធរំលាយអាហារខ្សោយ។  រីឯពពួកសណ្តែក  ពពួកស្ពៃក្តោប  និងផ្កាខាត់ណាវិញ អាចបង្កផលប៉ះពាល់ដល់ការរំលាយអាហារ ធ្វើឲ្យរាងកាយលើសជាតិទឹក និងរារាំងដំណើរការប្រព័ន្ធទីរ៉ូអ៊ីតថែមទៀតផង។

• លំហាត់ប្រាណ ៖ អ្នកត្រូវតែហាត់ប្រាណឲ្យបានជាប្រចាំ ពីព្រោះការហាត់ប្រាណ អាចជួយសម្រួលបញ្ហាក្រពះ  និងពោះវៀន ដែលអ្នកមានឈាម O ភាគច្រើនកំពុងតែប្រឈម។ លំហាត់ប្រាណដែលបែកញើសបានច្រើន និងល្អសម្រាប់អ្នកគឺ រត់ ហែលទឹក ជិះកង់ និងលើកដុំដែក។

២. ប្រភេទឈាម A

• របបអាហារ ៖ អ្នកមានឈាមប្រភេទ A មានអង់ហ្ស៊ីមរំលាយអាហារបន្លែ និងធញ្ញជាតិ បានល្អជាជាងអ្នកមានប្រភេទឈាមដទៃ ហេតុនេះអ្នកពឹងផ្អែកលើបន្លែនិងផ្លែឈើច្រើន។

• អាហារគួរបរិភោគ ៖ អ្នកគួរតែទទួលទានផ្លែឈើ និងបន្លែឲ្យបានច្រើន ដូចជា ផ្លែប៊ឺរី ផ្លែប័រ ប៉ោម សារី ខាត់ណា ការ៉ុត បន្លែស្លឹកបៃតង -ល-។ សាច់ត្រី និងសាច់មាន់ ត្រូវទទួលទានក្នុងបរិមាណកំណត់ ពីព្រោះអ្នកមានឈាម A មានអង់ហ្ស៊ីមរំលាយសាច់ កម្រិតទាប។ ជាងនេះទៅទៀត ដើម្បីទទួលបានវីតាមីន និងប្រូតេអ៊ីនគ្រប់គ្រាន់ អ្នកអាចទទួលទាន Cereal ឬនំប៉័ង និងមី Pasta បានច្រើនដោយមិនបាច់បារម្ភឡើយ។

• អាហារគួរចៀសវាង ៖ ដើម្បីរក្សាតុល្យភាពអរម៉ូន Cortisol (អរម៉ូន Cortisol កម្រិតខ្ពស់ អាចបណ្តាលឲ្យអ្នកមានបញ្ហាគេងមិនលក់ ខ្សោយសាច់ដុំ និងឡើងជាតិខ្លាញ់) អ្នកគួរទទួលទាន ស្ករ ភេសជ្ជៈមានជាតិកាហ្វេអ៊ីន និងគ្រឿងស្រវឹងក្នុងបរិមាណតិច។ ជាពិសេស មិនត្រូវអត់អាហារពេលព្រឹកជាដាច់ខាត។ ទន្ទឹមនឹងនោះដែរ អ្នកគួរចៀសវាងសកម្មភាពដែលនាំឲ្យមានអារម្មណ៍ស្រ្តេសឲ្យបាន។

• លំហាត់ប្រាណ ៖ ដោយសារតែអ្នកមានឈាម A ងាយនឹងមានអារម្មណ៍ស្រ្តេស នោះការហាត់យូហ្គា គឺជាជម្រើសល្អបំផុត។

៣. ប្រភេទឈាម B

• របបអាហារ ៖ អ្នកមានឈាមប្រភេទ B ពឹងផ្អែលលើសាច់សត្វ និងផលិតផលទឹកដោះគោ ជាចំបង ហេតុនេះ អ្នកគួរបញ្ចូល យ៉ាអួ ឈីស(Cheese) ឬទឹកដោះគោ ក្នុងរបបអាហារជារៀងរាល់ថ្ងៃ។

• អាហារគួរបរិភោគ ៖ ដូចដែលបានលើកឡើងខាងលើដែរ អ្នកគួរទទួលទានសាច់គោ សាច់ជ្រូក សាច់មាន់ សាច់ត្រី និងផលិតផលទឹកដោះគោ ឲ្យបានជារៀងរាល់ថ្ងៃ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏គួរតែទទួលទានបន្លែបៃតង និងផ្លែឈើ ដូចជាចេក ទំពាំងបាយជូរ និងម្នាស់ ឲ្យបានច្រើនផងដែរ។

• អាហារគួរចៀសវាង ៖ អ្នកមិនគួរទទួលទាន ពពួកគ្រាប់ធញ្ញជាតិ ពោត សណ្តែកដី និងស្រូវសាលីច្រើនទេ ពីព្រោះវាអាចប៉ះពាល់ដល់ ដំណើរការបំលែងអាហារ ក្នុងរាងកាយ។

• លំហាត់ប្រាណ ៖ ការរក្សាតុល្យភាពផ្លូវចិត្ត និងផ្លូវកាយ ជារឿងសំខាន់សម្រាប់អ្នកមានឈាម B ហេតុនេះអ្នកគួរជ្រើសរើសលំហាត់ប្រាណបែបប្រកួតប្រជែងដូចជា វាយសី វាយកូនបាល់ ជិះកង់ ឬវាយកូនហ្គោល។

៤. ប្រភេទឈាម AB

• របបអាហារ ៖ ប្រភេទឈាម AB ជាប្រភេទឈាមកម្របំផុត ដែលមានត្រឹមតែ ៥% ក្នុងចំណោមមនុស្សជុំវិញពិភពលោក។ អ្នកពឹងផ្អែកលើបន្លែ គ្រឿងសមុទ្រ សាច់មាន់ និងផលិតផលទឹកដោះគោជាចំបង រីឯសាច់គោមិនអាចទទួលទានញឹកញាប់ពេកទេ។

• អាហារគួរបរិភោគជាចំបង ៖ អ្នកគួរតែទទួលទានអាហារដែលសំបូរបន្លែ និងសំបូរជាតិកាបូអ៊ីដ្រាត រួមទាំងផ្លែឈើស្រស់ដូចជា ឈឺរី ទំពាំងបាយជូរ និងឪឡឹក (ប៉ុន្តែ សម្រាប់អាហារមានជាតិអាស៊ីតដូចជា ផ្លែក្រូច គឺពិបាកនឹងរំលាយបន្តិច)។ សម្រាប់គ្រឿងសមុទ្រ ដូចជាត្រីសាល់ម៉ុង ត្រីធូណា ត្រីសាឌីន គឺល្អបំផុតសម្រាប់អ្នក។

• អាហារគួរចៀសវាង ៖ អ្នកមានឈាមប្រភេទ AB មិនគួរទទួលទានពោត និងពពួកស្រូវសាលីទេ ពីព្រោះវាអាចបណ្តាលឲ្យពិបាករំលាយអាហារ។ មួយវិញទៀត អ្នកមិនត្រូវបរិភោគសាច់មាន់ សាច់គោ សាច់ជ្រូកដែលអាំង និងមានជាប់ខ្លាញ់នោះទេ។ ជាពិសេស នៅពេលដែលអ្នកស្រ្តេស អ្នកមិនគួរទទួលទានភេសជ្ជៈមានជាតិកាហ្វេអ៊ីន ឬគ្រឿងស្រវឹងនោះឡើយ។

• លំហាត់ប្រាណ ៖ ដោយសារតែអ្នកមានឈាមប្រភេទ A និងឈាមប្រភេទ B ផងនោះ អ្នកគួរតែហាត់ប្រាណទាំងរបៀបសមាធិ (ដូចជា យូហ្គា) និងរបៀបសកម្មខ្លាំង (ដូចជា រត់ ឬជិះកង់) ឲ្យបានជាប្រចាំ។ សម្រាប់អ្នកដែលអង្គុយធ្វើការពេញមួយថ្ងៃ អ្នកគួរតែមានពេលហាត់ប្រាណខ្លះ ដើម្បីរក្សាកម្លាំងថាមពល ក្នុងរាងកាយបានល្អប្រសើរ៕ 

ប្រសិនបើអ្នកចង់បានរូបរាងស្អាត និងសុខភាពល្អនោះ អ្នកត្រូវតែទទួលទាន និងហាត់ប្រាណឲ្យបានត្រឹមត្រូវ ទៅតាមប្រភេទឈាមរបស់អ្នក

ប្រភព៖ Men's Fitness

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]