(ភ្នំពេញ)៖ «ភាសា គឺជាបញ្ហាមួយគត់ ធ្វើឲ្យខ្ញុំ ពុំទាន់មានឱកាសបង្ហាញខ្លួនលើទីលាន នៃលីគលំដាប់ទី៣ របស់ជប៉ុន(J-League 3)ពេលនេះ» ។ នេះជាសម្ដីរបស់កីឡាករ ចាន់ វឌ្ឍនាកា ប្រាប់អ្នកសារព័ត៌មាន ពេលមកដល់កម្ពុជាកាលពីម្សិលមិញ ដើម្បីត្រៀមជួយក្រុមជម្រើសជាតិកម្ពុជា ដែលត្រូវជួបប្រកួតមិត្តភាពជាមួយឥណ្ឌូនេស៊ី និងប្រកួតជម្រុះពានរង្វាន់ AFC Asian Cup 2019 ពូលC ក្នុងពេលឆាប់ៗខាងមុខ ។

ចាន់ វឌ្ឍនាកា បានលើកឡើងថា ជាច្រើនខែដែលខ្លួនបានទៅរស់នៅលើទឹកដីជប៉ុន ជាមួយក្លឹប Fujieda MYFC ខ្លួនសម្របបានច្រើននៅទីនោះ ដូចជាទម្រង់លេងជាក្រុម ការបង្កើនកម្លាំង អាហារ និងអាកាសធាតុជាដើម ។ តែបញ្ហាប្រឈមមិនទាន់ធ្វើបាន គឺភាសា ។ វឌ្ឍនាកា និយាយថា «ខ្ញុំស្ទើរតែមានឱកាសបានលេងទៅហើយ តែភាសា គឺជាឧបសគ្គ…។ ពេលហ្វឹកហាត់មិនសូវចោទរឿងភាសាប៉ុន្មានទេ ព្រោះមានអ្នកបកប្រែ តែពេលលេងពិតជាពិបាក ព្រោះយើងត្រូវពិភាក្សា ដើម្បីយល់ចិត្តគ្នាភ្លាមៗ»

យ៉ាងណាមិញកីឡាករមានស្រុកកំណើតមកពីខេត្តកំពតរូបនេះ នៅតែមានជំនឿចិត្ត អាចនឹងចូលរួមជាមួយក្លឹប Fujieda MYFC ក្នុងពេលដ៏ខ្លីខាងមុខ ព្រោះឥលូវខ្លួនកំពុងរៀនភាសាជប៉ុនបានខ្លះៗ ហើយអាកាសធាតុក៏អំណោចផល ដោយសារជារដូវក្ដៅមានសីតុណ្ហភាពជាង ២០អង្សារ ។ ដូច្នេះក្រៅពីភាសា ខ្លួនគ្មានអ្វីគួរឲ្យបារម្ភទៀតឡើយ ស្របពេលសមត្ថភាពខ្លួន កំពុងរីកចម្រើនជាលំដាប់ រហូតទទួលបានការកោតសរសើរពីគ្រូបង្វឹកទៀតផង ។

ចាន់ វឌ្ឍនាកា ត្រូវបានគ្រូជម្រើសជាតិលោក Leonardo Vitorino កោះហៅមកប្រមូលផ្ដុំជាមួយក្រុមជម្រើសជាតិកម្ពុជា ដើម្បីត្រៀមជួយក្រុមរហស្សនាមគោព្រៃកម្ពុជា បើកទ្វាពហុកីឡដ្ឋានជាតិទទួលក្រុមឥណ្ឌូនេស៊ី ក្នុងជំនួបមិត្តភាពអន្ដរជាតិនាថ្ងៃទី០៨ ខែមិថុនាសប្ដាហ៍នេះ មុនបន្ដជួបក្រុមអាហ្វហ្គានីស្ថាន ក្នុងវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 នាថ្ងៃទី១៣ ខែមិថុនាខាងមុខ ៕

ចាន់ វឌ្ឍនាកា «ភាសា គឺជាបញ្ហាមួយគត់ ធ្វើឲ្យខ្ញុំ ពុំទាន់មានឱកាសបង្ហាញខ្លួនលើទីលាន នៃលីគលំដាប់ទី៣ របស់ជប៉ុន(J-League 3)ពេលនេះ»
កីឡាករមានស្រុកកំណើតមកពីខេត្តកំពតរូបនេះ នៅតែមានជំនឿចិត្ត អាចនឹងចូលរួមជាមួយក្លឹប Fujieda MYFC ក្នុងពេលដ៏ខ្លីខាងមុខ
ចាន់ វឌ្ឍនាកា ត្រូវបានគ្រូជម្រើសជាតិលោក Leonardo Vitorino កោះហៅមកប្រមូលផ្ដុំជាមួយក្រុមជម្រើសជាតិកម្ពុជា

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]