(ភ្នំពេញ)៖ ក្រោយឃ្លាតឆ្ងាយពីសង្វៀតប្រយុទ្ធជិត ១០ឆ្នាំ អតីតកំពូលអ្នកប្រដាល់កម្ពុជាលោក អេ ភូថង បានមកអង្រួនសង្វៀនជាថ្មី និងបានយកឈ្នះលើអ្នកលេងឆ្លងដែនមកពីថៃ កីឡាករ Kanong Saklek ដោយពិន្ទុ នាជំនួបមិត្តភាពអន្ដរជាតិលក្ខណៈសប្បុរសធម៌ នៅលើសង្វៀនទូរទស្សន៍ PNN កាលពីល្ងាចថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ម្សិលមិញ ។

លោក អេ ភូថង បានលើកឡើងថា នេះគឺជាការប្រកួតលាសង្វៀនលើកចុងក្រោយ ហើយលោកពិតជាសប្បាយចិត្ត ព្រោះវាជាការប្រកួត ដើម្បីសម្រេចក្ដីនូវស្រម៉ៃរបស់ខ្លួន នៅក្នុងការស្វែងរកថវិកាសប្បុរសធម៌ជួយដល់មន្ទីរពេទ្យគន្ធបុប្ឋា ។ អធិរាជកែងឆេះជង្គង់ហោះនិយាយថា «ថវិកាបានពីការប្រកួតនេះ ខ្ញុំមិនប៉ះពាល់នោះទេ ខ្ញុំយកទៅជួយគន្ធបុប្ឋា តែចំនួនប៉ុន្មានខ្ញុំមិនទាន់ច្បាស់ទេ រង់ចាំការខលហៅពីក្រុមការងារ PNN សិន ។ តែបើខ្ញុំស្មានប្រហែលជាខ្ទង់ ២,០០០ដុល្លារអីហ្នឹង» ។

គួរបញ្ជាក់ថា ការប្រកួតលាសង្វៀនរបស់គ្រូបង្វឹកក្រុមជម្រើសជាតិប្រដាល់គុនខ្មែរវ័យ ៤៣ឆ្នាំខាងលើ គឺធ្វើឡើងរយៈពេល ៣ទឹកប៉ុណ្ណោះ ប៉ុន្ដែលោក អេ ភូថង នៅតែធ្វើបានល្អ មិនឲ្យការរង់ចាំទស្សនារបស់អ្នកគាំទ្រចិត្តឡើយ បន្ទាប់ពីលោកបានបង្ហាញស្នៀតប្រយុទ្ធពិសេសៗជាច្រើន ដើម្បីយកឈ្នះលើកីឡាករថៃ Kanong Saklek ហើយក៏សម្រាប់ទុកជាគំរូដល់សិស្សគុន និងសិស្សប្អូនជំនាន់ក្រោយផងដែរ ៕

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]