ភ្នំពេញ៖ គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក Leonardo Vitorino បាននិយាយថា រូបលោកកំពុងធើ្វការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងគម្រោងមួយដែលមានរយៈពេលវែងសម្រាប់ក្រុមជម្រើសជាតិ។

គ្រូបង្វឹកសញ្ជាតិប្រេស៊ីល បានពន្យល់ថា ការដែលលោកជ្រើសយកកីឡាករកម្ពុជាវ័យក្មេងមួយចំនួន សម្រាប់ការប្រកួតមិត្ដភាពអន្តរជាតិ គឺដោយសារ «ធើ្វនេះ គឺសម្រាប់ថ្ងៃអនាគត» ហើយលោកក៏បានស្នើឲ្យឲ្យអ្នកគាំទ្រមានការអត់ធ្មត់ចំពោះចំណុចនេះ។

«ពួកយើងមិនមែនចាំតែឈ្នះការប្រកួត All Stars ដើម្បីឲ្យអ្នករាល់គ្នាសប្បាយចិត្ដ ពេលទៅផ្ទះ ហើយឆ្នាំក្រោយ  មកប្រកួតម្តងទៀត ហើយចាញ់នោះទេ » លោក Leonardo និយាយក្នុងសន្និសិទសារព័ត៌មាន សម្រាប់ជំនួបទល់នឹងឥណ្ឌូនេស៊ី។

រូបលោកបន្ដថា «ពួកយើងរង់ចាំការអភិវឌ្ឍន៍មួយដ៏វែង សម្រាប់យុវជនក្រោមអាយុ២០, ១៧, និង១៥ឆ្នាំ សម្រាប់អនាគតបាល់ទាត់របស់ប្រទេសកម្ពុជា។ ប៉ុន្ដែ ខ្ញុំសូមសំណូមពរដល់អ្នកគាំទ្រ មេត្ដាមានការអត់ធ្មត់។ កីឡាករខ្លះនៅក្មេង មិនមានបទពិសោធន៍ ដូច្នេះហើយដំណើរការនេះនឹងត្រូវការពេលវេលា»។

លោក Leonardo Vitorino បន្ថែមទៀតថា «ឥណ្ឌូនេស៊ី គឺជាក្រុមខ្លាំង យើងមិនដែលឈ្នះពួកគេរយៈពេលជាង២០ឆ្នាំមកហើយ ដូច្នេះខ្ញុំជ្រើសយកកីឡាករវ័យក្មេងសម្រាប់ស្ទង់មើលនូវរបៀប ក៏ដូចជាការលេងរបស់ក្រុម»  ៕

លោក Leonardo Vitorino គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា

ប្រភព៖ Football-tribe

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]