សុភមង្គលជិត ៣០ឆ្នាំរបស់ខ្ញុំត្រូវបានរលាយបាត់អស់ក្នុងមួយពព្រិចភ្នែក នៅពេលដែលដឹងថាម៉ាក់ ប៉ារបស់ខ្ញុំកំពុងតែលែងលះគ្នា

« ម៉ាក់ប៉ានិយាយអ្វីហ្នឹង? នៅសុខៗហេតុអ្វីក៏ត្រូវលែងគ្នា? ការរស់នៅរបស់ពួកយើងក្រែងល្អហើយតើ»

« រឿងខ្លះ កូនមិនយល់ទេ...ថ្ងៃក្រោយកូនគង់តែដឹង»

« យើងនៅតែស្រលាញ់កូនដូចដើម ហើយម៉ាក់ប៉ាក៏នៅតែរាប់អានគ្នាដូចមុន » ម៉ាក់ប៉ាជួយគ្នាលួងលោមខ្ញុំ ដែលកំពុងតែមិនអាចទទួលយកការពិតមួយនេះបាន។

បន្ទាប់ពីលោកយាយស្លាប់បានប្រហែលមួយខែ ម៉ាក់ប៉ាដែលធ្លាប់តែល្អូកល្អិននឹងគ្នា ក៏សម្រេចចិត្តលែងលះ ក្រោមហេតុផលអ្នកណាក៏ដឹងរួមទាំងខ្ញុំ។ លោកយាយធ្លាប់និយាយប្រាប់ខ្ញុំថា ការពិតកាលពីមុនម៉ាក់ប៉ារៀបការដោយមិនបានស្រលាញ់គ្នា។ លោកយាយគម្រាមផង សម្លុតផង អង្វរផង ទម្រាំតែម៉ាក់ប៉ាយល់ព្រមចំពោះចំណងអាពាហ៍ពិពាហ៍ក្លែងក្លាយមួយនេះ ដែលលាក់បង្កប់ផលប្រយោជន៍គ្រួសារទាំងសងខាង។  គ្រួសារខាងម៉ាក់និងប៉ា ជាគ្រួសារអ្នកជំនួញដ៏ជោគជ័យ ដូច្នេះហើយប្រពៃណីចាប់កូនៗរៀបការក្នុងគ្រួសារអភិជន ដើម្បីសម្ព័ន្ធភាពទ្រព្យសម្បត្តិបានកើតឡើងសឹងតែក្លាយជាទំនៀមទំលាប់មួយ     ដែលគេគ្រប់គ្នាដឹងតែមិនហ៊ាននិយាយ។ ចំណែកអ្នកដែលត្រូវទទួលរងការឈឺចាប់ចុងក្រោយបង្អស់ក្នុងការចាប់បង្ខំមួយនោះ គឺពួកកូនៗ រួមទាំងខ្ញុំម្នាក់ផង។

ខ្ញុំមិនយល់ពីអ្វីៗដែលចាស់ៗធ្វើ មិនយល់ពីលោកយាយ ហេតុអ្វីត្រូវចាប់បង្ខំកូនៗរៀបការទាំងគ្មានសេចក្តីស្នេហា? មិនយល់ហេតុអ្វីបានជាម៉ាក់ប៉ាមិនអាចបើកចិត្ត បង្កើតក្តីស្រលាញ់មួយបានក្រោមដំបូលអាពាហ៍ពិពាហ៍ បើមានឱកាសរស់នៅជាមួយគ្នា ស្និទ្ធស្នាលគ្នារាល់ថ្ងៃទៅហើយ? ហេតុអ្វីអាចរស់នៅជាមួយគ្នា ១០ ២០ ៣០ឆ្នាំ តែមិនអាចបន្តរស់នៅជាមួយគ្នារហូតទៅ? ហើយសំនួរមួយដ៏ឆោតល្ងង់របស់ខ្ញុំក្នុងនាមជាកូន បើពួកគាត់មិនស្រលាញ់គ្នា ហេតុអ្វីចាំបាច់បង្កើតខ្ញុំមក? ហេតុអ្វីមនុស្សលើលោកមិនអាចធ្វើអ្វីដើម្បីខ្លួនឯង? ហេតុអ្វីយើងត្រូវរស់នៅសព្វថ្ងៃគឺដើម្បីតែបំពេញចិត្តអ្នកដទៃ?

- លោកយាយសុខចិត្តបង្ខំកូនៗដើម្បីបង្កើនទ្រព្យសម្បត្តិគ្រួសារ និងមុខមាត់ក្នុងសង្គម

- ម៉ាក់ប៉ាលះបង់សុភមង្គលយុវវ័យខ្លួនឯង សុខចិត្តតាមការបង្ខំរបស់លោកយាយ ហើយរៀបការដោយគ្មានសេចក្តីស្នេហា។

ចុះអ្នកណាសុខចិត្តលះបង់ ដើម្បីសុភមង្គលរបស់ខ្ញុំនៅពេលនេះ???

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]