មិនដឹងជាខ្ញុំគិតត្រូវ ឬខុស ដែលជ្រើសរើសសង្សារខ្ញុំនៅពេលនោះ ព្រោះពេលនេះខ្ញុំមានអារម្មណ៍ថាជីវិតគូរបស់ខ្ញុំ  មានការខ្វះខាតជាខ្លាំង   នៅពេលដែលភាពសោះកក្រោះរបស់ គាត់កាន់តែបង្ហាញចេញមក ពីមួយថ្ងៃទៅមួយថ្ងៃ។​ ហេតុអ្វីបានជាគូស្នេហ៍ដែលនៅជុំវិញខ្ញុំ គេអាចផ្អែមល្ហែមបាន? ហេតុអ្វីបានជាគូស្នេហ៍ដទៃអាចមានពេលវេលាឱ្យគ្នារាល់ថ្ងៃ? ហេតុអ្វីបានជាគូស្នេហ៍គេឯទៀតឱ្យតម្លៃលើថ្ងៃសំខាន់ និងវត្ថុអនុស្សាវរីយ៍? ហេតុអ្វីបានជាអ្វីទាំងអស់នេះ   ខ្ញុំមិនដែលទទួលបានពីគាត់សូម្បីតែម្តង?

« បងហ្ហា!! ដឹងអត់ថាថ្ងៃនេះជាថ្ងៃអ្វី? »

« ថ្ងៃសុក្រ » គាត់ឆ្លើយចេញមកដោយមិនបាច់គិត ហើយភ្នែកនៅតែសម្លឹងមើល ទូរទស្សន៍ដែលនៅពីមុខ ។  មែនហើយ  គាត់មិនដែលខ្វល់ពីថ្ងៃសំខាន់របស់ពួកយើងទេ។ រាល់ខែ រាល់ឆ្នាំ មានតែខ្ញុំម្នាក់ឯងដែលតែងតែចងចាំរាល់ថ្ងៃ រាល់ពេលសំខាន់ៗ ហើយដើររកអំណោយជូនគាត់។ ខ្ញុំងើបចេញពីសាឡុង បង្ហាញភាពមិនសប្បាយចិត្ត ឱ្យគាត់ឃើញ តែគាត់មិនខ្វល់ហើយនៅតែមិនរវល់ទៀត។ ខ្ញុំចាប់ផ្តើមធុញទ្រាន់នឹងស្នេហាគ្មានរសជាតិមួយនេះហើយ។ រាល់ពេលដែលខ្ញុំជួបជុំក្រុមមិត្តភក្តិស្រីៗម្តងៗ ខ្ញុំតែងតែឱនមុខចុះ ពេលឮមិត្តឯទៀត អួតគ្នារឿងភាពមានបានរបស់សង្សារ អំណោយថ្ងៃសំខាន់ៗ ភាពរ៉ូមែនទិក ការដើរកម្សាន្តទាំងក្នុងនិងក្រៅប្រទេសរបស់ពួកគេ។

« ម្សិលមិញ សង្សារគ្នាជូនចិញ្ចៀនពេជ្រនេះដល់គ្នា ពួកឯងឃើញទេ? ស្អាតទេនេះ?»

ខ្ញុំពេបមាត់ជ្រេញមិត្តពូកែអួតម្នាក់នេះ អាការអន់ចិត្តចំពោះសង្សារក៏កើតមានឡើងភ្លាមៗ។ ពេលមកដល់ផ្ទះ ខ្ញុំក៏ចាប់ផ្តើមរករឿងគាត់

« ស្អែកពួកយើងទៅដើរលេងទៅ »

« បងមិនទំនេរ »

« មិនទំនេរ? ព្រោះរវល់តែជាមួយកំព្យូរទ័រ ទូរស័ព្ទរបស់បងហ្នឹងហ្ហេស? បងគិតថាវាសំខាន់ជាងអូនមែនទេ? »

«មែន!!! » គ្រាន់តែលឺភ្លាមខ្ញុំបើកភ្នែកធំៗ ប្រឹងទប់ទឹកភ្នែកដែលស្រក់។

« បើបងមិនធ្វើការមានលុយឯណា បង់ថ្លៃទឹក ថ្លៃភ្លើង ថ្លៃអាហារ សាំងឡានសាំងម៉ូតូ ហើយនៅចំណាយផ្សេងៗទៀត។ ហេតុអ្វីសុខៗមករករឿងបង? បងគ្មានពេលឈ្លោះជាមួយអូនទេ » ទឹកភ្នែកខ្ញុំស្រក់ចុះទាំងគ្មានសំឡេង នេះប្រហែលជាលើកដំបូងដែលគាត់និយាយជាមួយខ្ញុំនូវប្រយោគវែងបំផុតហើយ ហើយវាក៏ធ្វើឱ្យខ្ញុំសម្រេចចិត្តបានច្បាស់នៅពេលនេះ ថ្ងៃនេះ 

« មែនហើយ ការងាររបស់បងសំខាន់ណាស់ សំខាន់ដល់ថ្នាក់គ្មានចំណែកមួយណាធ្វើដើម្បីអូនខ្លះទេ។ វាសុទ្ធតែជាការងារដែលបងធ្វើដើម្បីខ្លួនឯងតែទាំងអស់ហ្នឹង។ បានហើយ ខ្ញុំមិនចង់រស់នៅជាមួយ មនុស្សដែលគិតតែប្រយោជន៍ផ្ទាល់ខ្លួនដូចជាបងទេ។ ខ្ញុំគ្រាន់តែចង់បានមនុស្សប្រុសធម្មតាម្នាក់ ដែលមានពេលវេលាឱ្យខ្ញុំ ចេះផ្អែមល្ហែមដូចគូគេឯទៀត ស្រលាញ់និងគិតគូរដល់ខ្ញុំ ។ បាន ! យើងបែកគ្នាទៅ »  ខ្ញុំឃើញកែវភ្នែកគាត់បង្ហាញ ភាពភ្ញាក់ផ្អើលបន្តិច ក្រោយមកវាក៏ក្លាយជាកែវភ្នែកទទេស្អាត រួចគាត់ក៏បែរខ្នងចេញ។ ពេលនេះកាន់តែច្បាស់ហើយ ថាខ្ញុំមិនដែលមានក្នុងកែវភ្នែកគាត់ទេ។ ខ្ញុំក៏រត់ចូលទៅបន្ទប់បិទទ្វារមួយទំហឹង។ ខ្ញុំគេងយំឡើងហើមភ្នែកអស់ ២ម៉ោង ការពិតខ្ញុំស្រលាញ់គាត់ណាស់ ខ្ញុំនៅក្នុងបន្ទប់នេះដើម្បីរង់ចាំគាត់មកលួងលោម ហើយខ្ញុំសន្យាថានឹងអភ័យទោសឱ្យគាត់គ្រប់យ៉ាង។ ប៉ុន្តែសូម្បីតែសម្លេងគោះទ្វារបន្តិចក៏មិនឮផង រហូតដល់ខ្ញុំគេងលក់ទាំងទឹកភ្នែកដល់ព្រឹក។

ជូតទឹកភ្នែកចាប់ផ្តើមជីវិតថ្មីជាអ្វីដែលខ្ញុំត្រូវធ្វើវានៅព្រឹកនេះ។ វ៉ាលីសរៀបចំរួចរាល់ហើយប៉ុន្តែសូម្បីតែស្រមោលគាត់ក៏ខ្ញុំមិនបានឃើញផង មិនដឹងថាគាត់ចេញទៅក្រៅតាំងពីពេលណា។ ក៏ល្អដែរនឹងមិនបាច់ប្រឈមមុខដាក់គ្នាទៀត។

ទឹកភ្នែកខ្ញុំស្រក់ទៀតហើយ នៅពេលដែលអង្គុយចាំឡើងឡានក្រុង។ ស្រាប់តែរូបរាងបុរសម្នាក់ ដែលជាដើមហេតុបានបង្ហាញនៅមុខខ្ញុំ គ្រាន់តែឃើញមុខគាត់ទឹកភ្នែកខ្ញុំស្រាប់តែ ស្រក់ចុះរឹតតែខ្លាំង។ ខ្ញុំសម្រេចចិត្តហើយ ខ្ញុំមិនបកក្រោយទេ ខ្ញុំក៏ក្រោកឡើងដើរគេចចេញ ស្រាប់តែគាត់និយាយ៖

« ចង់ទៅណា ? មានលុយទិញសំបុត្រឡានអត់ហ្នឹង? » ខ្ញុំបែរមើលគាត់ទាំងកំហឹង។ នេះគាត់មើលងាយខ្ញុំ? ខ្ញុំលូកដៃចូលក្នុងកាតាបស្ពាយ ស្រាប់តែខ្ញុំដឹងថាខ្ញុំបាត់កាបូបលុយហើយ ទោះខំរើកកាយយ៉ាងណាក៏មិនឃើញ។ ស្រាប់តែគេលើកកាបូបលុយគ្រវីដាក់មុខខ្ញុំ។ ខ្ញុំស្រវាឆក់យកកាបូបមកវិញ ស្រាប់តែគាត់ទាញចេញរួចនិយាយ៖

« និយាយគ្នាមិនទាន់ដឹងរឿងហេតុអ្វីក៏ចេញពីផ្ទះ? ដឹងអត់ថាបងខំដើររកអូនយ៉ាងណា » ពេលគេនិយាយខ្ញុំក៏ចាប់សង្កេតឃើញទឹកមុខព្រួយបារម្ភ និងញើសដែលហូរជោគមុខ និងខ្នងរបស់គាត់។ ខ្ញុំមិនអាចទន់ចិត្តទេ

« ចង់ដឹងទេហេតុអ្វីបានជាការងាររបស់បងសំខាន់ជាងអូន? ចង់ដឹងទេហេតុអ្វីបានជាបងត្រូវស្រលាញ់ខ្លួនឯង ជាងអូន? »

« ព្រោះតែ...បើបងមិនខំធ្វើការមានលុយឯណា ញ៉ាំបាយ? ហើយបើបងមិនបានញ៉ាំបាយឆ្អែតជើងបងឯណាមានកំលាំងដើររកអូនពេលដែលអូនខឹង ហើយដៃបងឯណាអាចមើលថែនិងបីអូនបានពេលអូនឈឺម្តងៗ ។ ហើយបើបងឃ្លានខួរក្បាលមិនសូវចងចាំបានល្អទេ អ៊ីចឹងបងម៉េចនឹងអាចជួយតឿនគ្រប់រឿងដែលអូនភ្លេចទៅ ដូចកាបូបលុយមួយនេះអ៊ីចឹង។ ហើយដែលសំខាន់បើបងគ្មានលុយតើម៉ាក់ប៉ាអូន ព្រមលើកអូនឱ្យបងដែរអត់? បងដឹងថាបងមិនចេះនិយាយច្រើន បងមិនចេះផ្អែមល្ហែមដូចគេ។ តែបើវាជាការចង់បានរបស់អូន...ប្រុសម្នាក់នេះនឹងព្យាយាមធ្វើខ្លួនជាបុរសពេញលក្ខណៈដើម្បីអូន បើទោះបីជាវាពិបាកបន្តិចមែន។ បងស្រលាញ់អូន! ផ្តល់ឱកាសឱ្យបងបានមើលថែអូនម្តងទៀតបានទេ? » ទឹកភ្នែកខ្ញុំស្រក់ព្រោះរំភើបចិត្ត ខ្ញុំស្រាប់តែមានអារម្មណ៍ផ្អែមល្ហែមឡើងមក។ ការពិតមនុស្សយើងមើលឃើញឆ្ងាយ តែបែរជាមើលរំលងរបស់ដែលនៅជិត មនុស្សយើងចាប់អារម្មណ៍ និងច្រណែនអ្នកដទៃ តែការពិតរបស់ដែលនៅជិតដៃមានតម្លៃបំផុតសំរាប់យើង។សុភមង្គលនៅចំពោះមុខ ហេតុអ្វីយើងត្រូវខ្វល់ពីអ្នកដទៃ? ខ្ញុំស្ទុះឱបកមនុស្សដែលស្រលាញ់ខ្ញុំបំផុតជំនួសឱ្យចម្លើយគ្រប់យ៉ាង៕

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]