ជីវិតមនុស្សគួរអោយអស់សំណើចណាស់ មានរឿងសើច យំ សប្បាយ កើតទុក្ខគ្មានអ្វីទៀងទាត់នោះទេ។ នៅមុខខ្ញុំជាទន្លេដ៏ធំល្ហល្ហេវ ជាទីកន្លែងអនុស្សាវរីយ៍រយៈពេលជាង៥ឆ្នាំរវាងខ្ញុំនិងគាត់ តែបែរជាបញ្ចប់ដោយហេតុផលមិនចំជាហេតុផល។

មនុស្សស្រីដែលជោគជ័យគ្រប់រឿង ទាំងការសិក្សា ការងារ និងការរកស៊ី តែបែរជាបរាជ័យរឿងស្នេហាគួរអោយអាម៉ាស់បែបនេះ។ គ្មានអ្នកណាដឹងនោះទេថា តើជីវិតខ្ញុំបានជួបប្រទះ និង ឆ្លងកាត់រឿងអ្វីខ្លះពីមុនមកនោះ។ មនុស្សដែលខ្ញុំសល់តែម្នាក់ក្នុងជីវិតក៏ទៅចោលខ្ញុំទៀត តើមានអ្វីទៀតទៅដែលអាច ផ្តល់កំលាំងចិត្តឱ្យខ្ញុំរស់នៅលើលោកនេះបាន???

ខ្ញុំ......តាំងពីកើតមកមានតែម៉ាក់ប៉ាដែលតែងតែរវល់ការងាររកស៊ី មិនដែលបានផ្តល់ក្តីស្រលាញ់ ផ្តល់ភាពកក់ក្តៅ មើលថែថ្នាក់ថ្នមដូចកូនគេឯទៀតនោះទេ។ បើកភ្នែកពេលណាឃើញតែស្រមោលម៉ាក់ប៉ាចាកចេញទៅក្រៅបាត់ និងលុយដែលពួកគាត់ទុកអោយរាល់ថ្ងៃ ដែលសឹងតែប្រមូលមកអាចទិញបានផ្ទះវីឡា ដ៏ធំស្កឹងស្កៃមួយបានទៅហើយ។ ម៉ាក់ប៉ាគាត់គិតតែរឿងការងាររកស៊ី និងបោះលុយមកចិញ្ចឹមកូនដោយគ្មានការស្រលាញ់ និងភាពកក់ក្តៅ ពេលទៅរៀនមានតែមេដោះ និងអ្នកបើកឡានជូនទៅមិនដូចគេឯងមានម៉ាក់ប៉ាជូនទៅមក។ ពេលមកផ្ទះអង្គុយញុំាបាយ នៅតុធំវែងកណ្តោចកណ្តែង បន្ទាប់មកក៏ដើរទៅបន្ទប់គេងដ៏កម្សត់ម្នាក់ឯងទៀត។ ខ្ញុំឯការរហូតដល់ឃុំខ្លួនឯងមិនរវីរវល់នឹងមនុស្សជុំវិញ ព្រោះតែតូចចិត្តនឹងជីវិតខ្លួនឯងដែលមានតែគេឯងច្រណែននឹងភាពថ្កុំថ្កើងតែសម្រកក្រៅ តែក្នុងចិត្តពិតជារងារណាស់ ឈឺចាប់ណាស់ ឯកាខ្លាំងណាស់ គ្មានអ្នកណាម្នាក់យល់ពីខ្ញុំនោះទេ។ ដោយសារតែចង់ទាមទារការចាប់អារម្ម្មណ៍ពីម៉ាក់ប៉ា និងអ្នកជុំវិញខ្លួនខ្ញុំខិតខំរៀនខ្លាំងណាស់ ខ្ញុំចង់ឱ្យម៉ាក់ប៉ាសប្បាយចិត្ត ងាកមករវល់នឹងខ្ញុំខ្លះ។ ប៉ុន្តែទោះជាខ្ញុំរៀនពូកែយ៉ាងណា បានទទួលការសសើរ រឺពានរង្វាន់យ៉ាងណាក៏ពួកគាត់មិនដែលមានពេលមកផ្តល់កំលាំងចិត្ត និងមើលឃើញភាពជោគជ័យរបស់ខ្ញុំនោះទេ មានតែពាក្យជូនពរ អបអរតាមទូរស័ព្ទ និងបញ្ជូនមនុស្សយកកាដូរមកឱ្យខ្ញុំ តែពួកគាត់មិនដឹងទេថាវត្តមានរបស់ពួកគាត់មានតម្លៃជាងរបស់អស់ទាំងនោះទៅទៀត....។

ពេលខ្ញុំធំឡើងមនុស្ស និងមិត្តភក្តិដែលចូលមកក្នុងជីវិតខ្ញុំ ក៏មើលឃើញសំលឹងតែភាពថ្កុំផ្កើង និងទ្រព្យសម្បត្តិរបស់ខ្ញុំ គ្មានមនុស្សណាចូលមករាប់អានខ្ញុំដោយស្មោះត្រង់នោះទេ។ ក្រោយមក គាត់...គាត់បានចូលក្នុងជីវិតរបស់ខ្ញុំ ធ្វើឱ្យខ្ញុំស្គាល់នូវភាពកក់ក្តៅ ការយកចិត្តទុកដាក់ ទឹកចិត្តដ៏ស្មោះត្រង់ និងបង្រៀនអោយខ្ញុំស្គាល់ក្តីស្រលាញ់ រហូតដល់ពួកយើងក្លាយជាគូរស្នេហ៍ដែលធ្វើឱ្យមនុស្សជុំវិញច្រណែនគ្រប់ៗគ្នា។ តែពេលនេះអ្វីៗរលាយបាត់ក្នុងមួយប៉ប្រិចភ្នែក។ ខ្ញុំឈឺចាប់ ខ្ញុំចង់ស្លាប់។

...................................................................................................................................

សំណាងដែលខ្ញុំនៅរស់រានមានជីវិត។ អារម្មណ៍ដែលទើបរួចផុតពីស្លាប់ ធ្វើឱ្យខ្ញុំគិតឃើញច្រើនយ៉ាង។ ទឹកភ្នែករបស់ម៉ាក់ កែវភ្នែកបារម្ភ ស្នាមជ្រួញលើថ្ងាស និងសភាពមិនបានគេងប៉ុន្មានថ្ងៃរបស់ប៉ា ធ្វើឱ្យខ្ញុំមានអារម្មណ៍ថាខ្លួនឯងខុស និងយល់ច្រលំនឹងក្តីស្រលាញ់របស់ម៉ាក់ប៉ា ។ ទោះជាពេលនេះខ្ញុំមិនចាំថាខ្ញុំមានគ្រោះថ្នាក់ដោយឧប្បត្តិវហេតុ ឬ ខ្ញុំពិតជាលោតទឹកសម្លាប់ខ្លួនពិតមែនក៏ដោយ ពេលនេះវាលែងសំខាន់ហើយ ដែលសំខាន់ពេលនេះខ្ញុំមិនចង់ស្លាប់ទេ។ ខ្ញុំចង់រស់នៅជាមួយក្តីស្រលាញ់របស់ម៉ាក់ប៉ា ខ្ញុំចង់ឃើញស្នាមញញឹមម៉ាក់ប៉ា ខ្ញុំចង់នៅជិតនិងមើលថែលោកទាំងពីរ។ ពេលនេះហើយដែលខ្ញុំយល់ច្បាស់ពីទំហំក្តីស្រលាញ់របស់ម៉ាក់ប៉ា ហើយក៏គ្មានក្តីស្រលាញ់ណាធំធេងជាងក្តីស្រលាញ់របស់ម៉ាក់ប៉ាចំពោះកូនឡើយ។ ។ ពេលនេះគ្រួសាររបស់ខ្ញុំរស់នៅជួបជុំគ្នាពោរពេញដោយសំណើចរាល់ថ្ងៃ ម៉ាក់ប៉ាបោះបង់ចោលការងារទាំងឡាយចោល ពួកយើងសុខចិត្តរស់នៅក្នុងជីវភាពសាមញ្ញ មានលុយសមល្មម តែមានតែសេចក្តីសុខ ព្រោះលុយអាចរកបាន តែសុភមង្គលគ្រួសារ និងជីវិតមនុស្សមិនអាចយកលុយមកទិញបាននោះទេ។

អរគុណការឈឺចាប់ទាំងឡាយ ដែលបានបង្រៀនឱ្យខ្ញុំកាន់តែរឹងមាំឡើងថែមមួយកម្រិតទៀត។ ការស្លាប់ពិតជាមិនអាចដោះស្រាយបញ្ហាបានគ្រប់យ៉ាងបាននោះដែរ ខ្ញុំសំណាងណាស់ដែលអាចស្ពាយជីវិតបានមកវិញ បើខ្ញុំពិតជាបាត់បង់ជីវិតនៅពេលនោះមែន ខ្ញុំពិតជាសោកស្តាយខ្លាំងណាស់ហើយក៏មិនអាចមានពេលមករៀបរាប់ឱ្យទាំងអស់គ្នាបានដឹងដែរ តែសំណាងក៏មិនមែនចេះតែមានរហូតនោះទេ សំខាន់យើងត្រូវតែស្រលាញ់ជីវិតរបស់ខ្លួនឯង។ អ្នកណាដែលមិនចេះខុសនោះ សំខាន់ពេលដែលធ្វើខុសយើងត្រូវចេះកែប្រែ ឱកាសមិនមែនសុទ្ធតែមានឱ្យយើងកែប្រែទេ អ៊ីចឹងហើយមុននឹងធ្វើអ្វីយើងត្រូវគិត និងពិចារណាឱ្យបានច្បាស់សិន។ កុំភ្លេចថាពេលដែលយើងមានរឿង មនុស្សដែលឈឺចាប់ខ្លាំងបំផុតគឺសាច់ញាតិ ក្រុមគ្រួសារ និងមនុស្សដែលស្រលាញ់យើង៕

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]