« កូនអកតញ្ញូ » ជាពាក្យដែលខ្ញុំស្តាប់ឡើងសាំ ពេលដែលខ្ញុំបដិសេធ រាល់សំណើររបស់ប្រុសម្នាក់ដែលមានឈ្មោះថា « ប៉ា » ។ មនុស្សប្រុសដែលមានឈ្មោះថា មេគ្រួសារ មនុស្សប្រុសដែលមានឈ្មោះថាម្ចាស់ភាគហ៊ុនធំនៅក្នុងក្រុមហ៊ុន មនុស្សប្រុសដែលចូលចិត្តប្រើ អំណាចផ្តាច់ការ មនុស្សប្រុសដែលចូលចិត្តបញ្ជា ឱ្យខ្ញុំធ្វើតាមរាល់ពាក្យដែលគាត់ប្រាប់។

ខ្ញុំចាំថាពេលវេលាដែលខ្ញុំមានក្តីសុខក្នុងគ្រួសារពិតប្រាកដ មានត្រឹមតែរយៈពេល ១០ ឆ្នាំតែប៉ុណ្ណោះ។ តាំងពីម៉ាក់ស្លាប់ទៅ ប៉ាប្រឹងប្រែងធ្វើការទាំងថ្ងៃទាំងយប់ ប៉ាមិនដែលបានមើលថែខ្ញុំក្នុងនាមជាកូនម្នាក់ដូចគេឯងទេ។ តាំងពីការសិក្សារៀនសូត្រ ការរាប់អានមិត្តភក្តិ ការដើរលេងជិតឆ្ងាយ សុទ្ធតែស្ថិតក្នុងក្រសែភ្នែករបស់គាត់ទាំងអស់។ ខ្ញុំចាំថាកាលពីអាយុ ១៥ ឆ្នាំខ្ញុំសន្សំលុយខ្លួនឯងទិញវីយ៉ូឡុង ព្រោះខ្ញុំស្រលាញ់ខាងតន្ត្រីណាស់។ តែពេលដែលប៉ាដឹង ប៉ាបោកឧបករណ៍តន្រ្តីមួយនោះចោល ខ្ញុំខឹងប៉ារហូតដល់បង្អត់បាយ ៣ ថ្ងៃ។ ខ្ញុំត្រូវទ្រាំរៀនសាលា និងមុខវិជ្ជា ដែលខ្ញុំមិនចូលចិត្ត ខ្ញុំត្រូវបែកពីមនុស្សដែលខ្ញុំស្រលាញ់ ព្រោះតែបំពេញបំណង និងសេចក្តីត្រូវការរបស់គាត់។ ពេលដែលខ្ញុំកាន់តែធំ បញ្ហារវាងឪពុកកូនយើង ក៏កើតមានរឹតតែខ្លាំងឡើងៗ ព្រោះរយៈពេលកន្លងមកនេះខ្ញុំធ្វើតាមគាត់គ្រប់យ៉ាង។ ពេលនេះខ្ញុំគិតថាវាល្មមគ្រប់គ្រាន់ហើយ។

« ឯងគិតថាយើងក្រដល់ថ្នាក់ឱ្យឯង ដើរលេងតន្ត្រីតាមផ្លូវ តាមផ្សារអ៊ីចឹងហ្ហេ? »

« ប៉ា.....ហេតុអ្វីមិនឱ្យតម្លៃអ្វីដែលខ្ញុំកំពុងតែធ្វើ? ប៉ាគួរមានមោទកភាពនឹងកូនប៉ាម្នាក់នេះ ដែលត្រូវបានគេជ្រើសក្នុងចំណោមមនុស្សក្នុងប្រទេសរាប់ពាន់ រាប់ម៉ឺននាក់ មិនមែនមកស្តីថាឱ្យខ្ញុំដូចពេលនេះទេ »

« យើងមិនឱ្យតម្លៃ? ចុះអាអាហារូបករណ៍តន្ត្រីឆ្កួតយោ៍ហ្នឹងហ្ហេសដែលឯងគិតថាមានតម្លៃ? ការងារក្រុមហ៊ុននៅក្នុងស្រុកមិនទៅធ្វើទេ ចង់ណាស់អារឿងចេញក្រៅស្រុកដើររាំច្រៀង លេងភ្លេង ហ្នឹងនោះ ឯងគិតថាវាអាចឱ្យឯងមានអនាគតអ៊ីចឹងហ្ហេស? »

ក្រដាសអាហារូបករណ៍ដែលខ្ញុំទើបយកមកបង្ហាញប៉ា ត្រូវបានប៉ាហែកចោលខ្ទេចខ្ទី ស្របពេលដែលប៉ានិយាយចប់។ ទឹកភ្នែកកូនប្រុសមួយតក់ស្រក់ចុះមក តែខ្ញុំក៏ប្រញាប់ជូតចេញ ព្រោះមិនចង់បង្ហាញភាពទន់ខ្សោយឱ្យគាត់បានឃើញ។ ខ្លួនប្រាណខ្ញុំញ័រអស់ហើយ កែវភ្នែកបង្ហាញភាពអស់សង្ឃឹមចំពោះមនុស្សប្រុសដែលនៅចំពោះមុខ រួចឱនរើសក្រដាស ដែលត្រូវបានហែកជាបំណែកៗនៅលើដី។

« បានហើយប៉ា ល្មមហើយ ខ្ញុំមិនអាចទទួលយកទង្វើដែលប៉ាធ្វើបានទៀតទេ ប៉ាផ្តាច់ការពេកហើយ ប៉ាចូលចិត្តតែគាបសង្កត់បង្ខំឱ្យខ្ញុំធ្វើអ្វីដែលប៉ាបញ្ជា ចុះប៉ាមានសួរខ្ញុំអត់ ថាខ្ញុំចង់ធ្វើវាទេ? ខ្ញុំពេញចិត្តនឹងវាអត់? ហើយមានសួរអត់ថារាល់ថ្ងៃនេះខ្ញុំមានសេចក្តីសុខទេ? អត់ទេ....ប៉ាមិនដែលខ្វល់ពីអ្នកណាក្រៅពីខ្លួនប៉ាទេ បែបនេះមែនទេដែលម៉ាក់ទៅចោលពួកយើងនោះ ? » ស្រាប់តែប៉ាទះកំភ្លៀងខ្ញុំមួយដៃ។ ខ្ញុំញញឹមតិចៗយកដៃជូតឈាមដែលជាប់នឹងគែមមាត់។

« ពេញចិត្តហើយ សមចិត្តប៉ាហើយមែនទេ? » រួចខ្ញុំក៏រត់ចេញពីផ្ទះ។

មែនហើយបន្ទាប់ពីជម្លោះថ្ងៃនោះមក ខ្ញុំមិនដែលត្រលប់មកម្តងទៀតទេ។ ខ្ញុំបានចាកចេញពីផ្ទះមួយនេះ កន្លែងដែលខ្ញុំធ្លាប់រស់នៅរយៈពេលជិត ២០ ឆ្នាំ។ តែពេលនេះខ្ញុំរកកន្លែងដែលសាកសមឃើញហើយ។ ខ្ញុំសប្បាយចិត្តជាមួយការសិក្សា និងការងារថ្មីរបស់ខ្ញុំ នៅក្រៅប្រទេស ដែលកំពុងតែជោគជ័យ។ ប៉ុន្មានឆ្នាំនេះ ប៉ាឃើញមែនទេ? ប៉ាប្រាកដជាបានឃើញថា កូនប្រុសប៉ាម្នាក់នេះពិតជាអាចធ្វើបាន។

« អ្នកណាថាតន្ត្រីករមិនអាចក្លាយជាអ្នកមាន និងមិនអាចក្លាយជាជនល្បីឈ្មោះ? » ខ្ញុំពិតជាចង់ឮចេញពីមាត់ប៉ាមួយម៉ាត់ខ្លាំងណាស់ ថាកូនជាមនុស្សពូកែប៉ាមានមោទនភាពចំពោះកូនណាស់។ ប៉ុន្តែអ្វីដែលនៅចំពោះមុខខ្ញុំគ្រាន់តែជា ផ្នូរបុរសផ្តាច់ការម្នាក់នៅក្នុងអតីកាល។ បុរសម្នាក់ដែលលង់លក់លើធរណី ក្រោយពេលដែលខ្ញុំចាកចេញទៅក្រៅប្រទេសតែប៉ុន្មានខែ ហើយបន្សល់តែសំបុត្រមួយច្បាប់ និងប្រអប់ធំមួយជំនួសហេតុផលគ្រប់យ៉ាងក្រោមភាពផ្តាច់ការរបស់គាត់ ៖

«កូនអាចនឹងស្អប់ប៉ា ខឹងប៉ា និងមិនចង់ជួបមុខប៉ាទៀត ។ តែពេលដែលកូនបានអានសំបុត្រមួយនេះ ប្រហែលជាប៉ាមិនបានជួបមុខកូនបានទៀតទេ។ វីយ៉ូឡុងមួយនេះជារបស់ដែលម៉ាក់កូនស្រលាញ់បំផុតពេល ដែលម៉ាក់កូននៅរស់ ហើយប៉ាក៏មានបំណងចង់ប្រគល់វាឱ្យកូន តែប៉ាមិនមានសេចក្តីក្លាហាន នឹងឱ្យកូន សំលេងវាធ្វើឱ្យប៉ាឈឺចាប់ រូបភាពដែលកូនលួចរៀនលេងវា ធ្វើឱ្យបេះដូងប៉ាខ្ទេចខ្ទាំ វាមិនមែនជាភាពស្អប់ខ្ពើម តែវាបានធ្វើឱ្យប៉ានឹកដល់ម៉ាក់កូនបំផុត។ ប៉ាគ្រាន់តែចង់រស់នៅ ជាមួយកូនឱ្យបានយូរបំផុតដែលប៉ាអាចធ្វើបាន តែពេលនេះប៉ាមិនអាចស៊ូទ្រាំនឹងវាទៀតទេ។ ប៉ាគ្រាន់តែចង់ប្រាប់កូនថា កូននិងម៉ាក់កូនជារបស់ដ៏មានតម្លៃបំផុតក្នុងជីវិតប៉ា។

ប៉ាមានមោទនភាពចំពោះកូនបំផុត !!!! កូនសម្លាញ់ប៉ា! »

ប៉ាឯកា ប៉ាត្រូវទ្រាំធ្វើការធ្ងន់ម្នាក់ឯង ថែមទាំងត្រូវតតាំងពីជំងឺមហារីកកាចសាហាវពេលដែលវាធ្វើទុក្ខម្តងៗ។ ប៉ាត្រូវធ្វើជាមនុស្សប្រុសរឹងមាំដើម្បីជាគំរូដល់កូន ប៉ាលះបង់ទាំងពេលវេលា និងកំលាំងកាយចិត្តដើម្បីរកអ្វីគ្រប់យ៉ាងសំរាប់ទុកឱ្យកូនមុននឹងគាត់ចាកចេញ រហូតមានរឿងយល់ច្រលំកើតឡើង។

ឪពុកកូនយើង គ្មានអ្នកណាខុសទេ ដែលខុសគឺដោយសារតែយើងមិនដែលបាននិយាយគ្នា យើងមិនក្លាហាននឹងបើកចិត្តឱ្យគ្នា។ ព្រោះតែបែបនេះហើយ បានជាម្នាក់ៗត្រូវសោកស្តាយអស់មួយជីវិតនូវអ្វីដែលខ្លួនឯងមិនទាន់បានធ្វើ។

ពេលវេលាជាមួយមនុស្សជាទីស្រលាញ់របស់យើងសំខាន់ណាស់ ព្រោះយើងមិនដឹងថាថ្ងៃស្អែកនឹងមានរឿងអ្វីកើតឡើងទេ មានរឿងខឹងគ្នាត្រូវនិយាយគ្នា មានរឿងយល់ច្រលំត្រូវបកស្រាយ កុំចាំឱ្យអ្វីៗកន្លងហួសទើបស្តាយក្រោយនោះ៕

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]