អាហ្គានីស្ថាន៖  សារព័ត៌មានមីរ័រ បានចុះផ្សាយកាលពីយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ថា មានការវាយប្រហារមួយ ដោយបំផ្ទុះគ្រាប់បែកក្នុងរថយន្តអត្តឃាត នៅទីក្រុងកាប៊ុល ដោយបានសម្លាប់មនុស្សអស់ចំនួន ៨០នាក់  ក្នុងនោះមានអ្នកបើករថយន្តរបស់ទូរទស្សន៍ BBC ផងដែរ។

ប្រភពព័ត៌មានបានឲ្យដឹងថា លោក Mohammed Nazir ដែលជាបុគ្គលិក BBC បានបើករថយន្តដឹកអ្នកកាសែត និងក្រុមការងារ ត្រឡប់ទៅកាន់ការិយាល័យធ្វើការរបស់ពួកគេវិញ នៅពេលដែលពួកគេរងការបំផ្ទុះដោយគ្រាប់បែកក្នុងរថយន្តអត្តឃាត។   នៅរសៀលថ្ងៃកើតហេតុ ក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម អាយស៊ីស (ISIS) បានចេញមុខអះអាងថាខ្លួននៅពីក្រោយការវាយប្រហារនេះ។

អ្នកការសែត BBC ចំនួន ៤នាក់បានរងរបួស នៅក្នុងការវាយប្រហារនេះ ក្បែរស្ថានទូតអាល្លឺម៉ង់  នាពេលព្រឹកចំម៉ោងដ៏មមារញឹកបំផុត។  អ្នកយាមស្ថានទូតម្នាក់បានស្លាប់  និងរបួសបុគ្គលិកមួយចំនួនទៀត  នេះបើយោងតាមការឲ្យដឹងរបស់រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ លោក Sigmar Gabriel។

ប្រភពព័ត៌មានបានឲ្យដឹងថា ការបំផ្ទុះនេះបានបង្កឲ្យមានអ្នករងរបួសសរុបជាង ៣៥០នាក់  និងបង្កឲ្យខូចខាតអគារក្បែកន្លែងផ្ទុះរាប់រយម៉ែត្រឯណោះ។  ដោយឡែកសាកសពអ្នកស្លាប់មួយចំនួនបានឆេះខ្លោច  និងមួយចំនួនទៀតខ្ទិចមើលលែងស្គាល់។

ផ្សែងខ្មៅងងឹតត្រូវបានគេមើលឃើញរសាត់ពាសពេញមេឃ ​ ក្បែរតំបន់វិមានប្រធានាធិបតី  និងស្ថានទូតបរទេស។  ខណៈអ្នកនាំពាក្យប៉ូលិសក្រុងកាប៊ុល លោក Basir Mujahid បានថ្លែងថា  គ្រាប់បែកបានផ្ទុះឡើងនៅក្បែរច្រកចូលស្ថានទូតអាល្លឺម៉ង់  ហើយក្រោយមកបានបញ្ជាក់បន្ថែមថា ស្ថានទូតតួកគី បារាំង អ៊ីរ៉ង់ និង ចិន ក៏បានរងការខូចខាតពីការវាយប្រហារខាងលើនេះដែរ៕

ប្រភព៖ Mirror

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]