ភ្នំពេញ៖ កាលពីប៉ុន្មានម៉ោងមុននេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានចេញសេចក្តីសម្រេចផ្លូវការមួយស្តីអំពី ការដាក់ពិន័យទៅលើ កីឡាករ ទូច បញ្ចរ៉ុង ដោយសារសមាជិករបស់ក្រុមបឹងកេតរូបនេះបានបង្កហិង្សាទៅលើអាជ្ញាកណ្តាល អំឡុងពេលការប្រកួត បឹងកេត ចាញ់ ភ្នំពេញក្រោន ២-១ ។

យោងតាមសេចក្តីប្រកាសរបស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានឲ្យដឹងថា កីឡាករ ទូច បញ្ចរ៉ុង នឹងត្រូវពិន័យមិនឲ្យចូលរួមលេងព្រឹត្តការណ៍កីឡាបាល់ទាត់រយៈពេលចំនួន៨ខែ គិតចាប់ពីថ្ងៃនេះតទៅ និងត្រូវពិន័យជាទឹកប្រាក់សរុបចំនួន ១លានរៀល។ 

គួររំលឹកផងដែរថា ក្នុងការប្រកួតនេះមានភាពចម្រូងចម្រាស់ ពោលគឺក្នុងនាទី៣០ អំឡុងពេលដែលភ្នំពេញក្រោនកំពុងនាំមុខ ១-០ ខែ្សការពាររបស់ក្រុមបឹងកេត កីឡាករ ទូច បញ្ចារ៉ុង ទទួលបានកាតក្រហម ក្រោយពីសមាជិករបស់ក្រុមជម្រើសជាតិរូបនេះ បានឈូសយកបាល់ចំជើងកីឡាករ ប្រាក់ ធីវ៉ា របស់ភ្នំពេញក្រោន ធើ្វឲ្យអាជ្ញាកណ្ដាលសម្រេចផ្ដល់កាត បណ្តេញចេញពីការប្រកួត។

ដោយមិនអស់ចិត្ដនឹងទង្វើរបស់ខ្លួន បញ្ចរ៉ុង បានដើរសំដៅទៅអាជ្ញាកណ្ដាលរួចក៏បាននិយាយជាមួយអាជ្ញាកណ្ដាល តែរួបគេទប់កំហឹងមិនបានក៏បានអុកក្បាលចំច្រមុះ ធើ្វឲ្យអាជ្ញាកណ្ដាលដួលនៅលើទីលានខ្ទប់មុខតែម្ដង។

យ៉ាងណាមិញ ទូច បញ្ចរ៉ុង ក៏បានបង្ហោះសារសុំទោសក្រោយចប់ការប្រកួតផងដែរ ដោយរូបគេបាននិយាយថា «ពិតជាសោកស្ដាយណាស់ដែលខ្ញុំបាទបានធ្វើឲ្យមានកំហុស និងមិនអាចជួយក្រុមយកជ័យជំនះបាន ហើយក៏សុំទោសដល់បណ្ដាអ្នកគាំទ្រទាំងអស់នូវភាពឆេវឆាវមួយពេល នៅក្នុងទីលានបែបនេះ។ ខ្ញុំនឹងកាត់បន្ថយភាពឆេវឆាវមួយនេះ សង្ឃឹមថា បងប្អូននឹងបន្តគាំទ្របឹងកេត ដើម្បីជាកម្លាំងចិត្តដល់ពួកយើងឲ្យប្រឹងប្រែងតទៅទៀត» ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]