(ភ្នំពេញ)៖ ទន្ទឹមនឹងការបង្ហាញបញ្ជីឈ្មោះកីឡាករជម្រើសជាតិកម្ពុជាទាំង ២៥នាក់កាលពីម្សិលមិញ លោក Leonardo Vitorino បានបញ្ជាក់ពីមូលហេតុមួយចំនួន ជុំវិញការកោះហៅកីឡាករ ចាន់ វឌ្ឍនាកា ដែលកំពុងលេងឲ្យក្លឹប Fujieda MYFC ស្របពេលខ្សែប្រយុទ្ធចេញពីខេត្តកំពតរូបនេះ ពុំទាន់បានបង្ហាញវត្តមានលើកដំបូង ក្នុងការប្រកួតក្របខណ្ឌលីគលំដាប់ទី៣ របស់ជប៉ុននៅឡើយក៏ដោយ។

លោក Leonardo បាននិយាយថា «ពួកយើងប្រហែលជាមិនបានដឹងថា អ្វីខ្លះដែល វឌ្ឍនាកា បានធ្វើនៅទីនោះ? ប៉ុន្ដែគាត់បានធ្វើរឿងជាច្រើន បើទោះបីគាត់មិនបានលេងក្ដី តែគាត់បានព្យាយាមក្នុងការហ្វឹកហាត់យ៉ាងខ្លាំង ដើម្បីការប្រកួតរបស់គាត់ក្នុងលីគ និងការប្រកួតជម្រើសជាតិដូចគ្នា។ តែអ្វីដែលជាផលលំបាកសម្រាប់គាត់ពេលនេះ គឺការស៊ាំជាមួយនឹងការរស់នៅ ការប្រកួត និងបរិយាកាសជុំវិញខ្លួននៅជប៉ុន»

ការលើកឡើងដូច្នេះ គឺបន្ទាប់ពីគ្រូបង្វឹកសញ្ជាតិប្រេស៊ីលខាងលើ បានទាក់ទងជាមួយគ្រូបង្វឹកផ្ទាល់របស់ ចាន់ វឌ្ឍនាកា នៅជប៉ុន។ លោកបន្ដថា វឌ្ឍនាកា មានការហ្វឹកហាត់ខុសប្លែកពីកីឡាករផ្សេងៗ ដោយមានការហ្វឹកហាត់ទាំងព្រឹក និងល្ងាច ដែលមានការរីកចម្រើនជាងមុន ពិសេសគឺគេបានត្រៀមខ្លួនហើយជាស្រេច ដើម្បីត្រឡប់មកជួយក្រុមជម្រើសជាតិគោព្រៃកម្ពុជា។

គួរបញ្ជាក់ថា ពេលនេះក្រុមជម្រើសជាតិកម្ពុជា កំពុងត្រៀមធ្វើការប្រមូលផ្ដុំហ្វឹកហាត់នាដើមខែក្រោយ ដើម្បីបើកទ្វារពហុកីឡដ្ឋានជាតិទទួលក្រុមឥណ្ឌូនេស៊ី ក្នុងជំនួបមិត្តភាពអន្ដរជាតិនាថ្ងៃទី៨ ខែមិថុនា នឹងជួបក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន ក្នុងវគ្គជម្រុះពានរង្វាន់ AFC Asian Cup 2019 ប្រចាំពូល C នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ នៅលើទីលានពហុកីឡដ្ឋានជាតិ ស្ថិតក្នុងរាជធានីភ្នំពេញដូចគ្នា៕

ពេលនេះក្រុមជម្រើសជាតិកម្ពុជា កំពុងត្រៀមធ្វើការប្រមូលផ្ដុំហ្វឹកហាត់នាដើមខែក្រោយ ដើម្បីបើកទ្វារពហុកីឡដ្ឋានជាតិទទួលក្រុមឥណ្ឌូនេស៊ី
មូលហេតុមួយចំនួន ជុំវិញការកោះហៅកីឡាករ ចាន់ វឌ្ឍនាកា ដែលកំពុងលេងឲ្យក្លឹប Fujieda MYFC
បញ្ជីឈ្មោះកីឡាករជម្រើសជាតិកម្ពុជាទាំង ២៥នាក់

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]