ភ្នំពេញ៖ បច្ចុប្បន្នយើងសង្កេតឃើញថា យុវវ័យកម្ពុជាយើងចូលចិត្តបរិភោគ នូវអាហារតាមផ្លូវដែលមានលក្ខណៈប្លែកៗថ្មីៗ និងជាពិសេសនោះគឺមានតម្លៃថោកតែម្តង ដោយហេតុនេះហើយ ទើបជម្រុញចិត្តឲ្យអ្នកលក់ តែងតែរិះរកនូវអ្វីដែលថ្មីៗ និងប្លែកដើម្បីបំពេញនូវតម្រូវការ របស់សង្គមនាពេលបច្ចុប្បន្នផងដែរ។

ជាការពិតណាស់ ហើយថ្ងៃនេះផងដែរ ខ្មែរឡូតក៏សូមលើកយកនូវ អាហារសម្រន់លក់តាមផ្លូវ ចំនួន៥មុខ ដែលថ្មីៗនេះកំពុងល្បីឈ្មោះ និងទទួលបានការគាំទ្រចូលចិត្ត យ៉ាងច្រើនពីសំណាក់មិត្តៗយុវវ័យផងដែរ ពីព្រោះថា វាមិនត្រឹមតែមានរសជាតិឈ្ងុយឆ្ងាញ់នោះទេ ប៉ុន្តែវាថែមទាំងមានតម្លៃថោកសមរម្យ ដោយអ្នកចំណាយត្រឹមតែ៥,០០០រៀលតែប៉ុណ្ណោះ ក៏ទទួលបានអាហារដ៏ឆ្ងាញ់ៗទាំងនេះភ្លាម។

ដោយអាហារទាំង៤មុខនេះមានដូចជា៖

១) នំបុ័ងអាំងអំបិលម្ទេស

ឈ្មោះស្តាប់ទៅរាងប្លែក ចំណែកឯរសជាតិវិញ ក៏រឹតតែប្លែកឆ្ងាញ់ទៅទៀត នំបុ័ងអាំងអំបិលម្ទេសនេះ ត្រូវបានយកទៅអាំងជាមួយនឹងប័រ និងទឹកគ្រឿងផ្សំ ក្រៅពីនេះក៏មានដាក់ជាមួយនឹង សាច់ផាត់ សាច់ប៉ាតេ ប្រហិតក្រហម បង្គាក្រៀម ព្រមជាមួយនឹង ទឹកម៉ាយ៉ានណែស (mayonnaise) និងទឹកម្ទេស ដែលធ្វើឲ្យមានរសជាតិឈ្ងុយឆ្ងាញ់ជាប់ចិត្តខ្លាំងមែនទែន។

បើនិយាយពីតម្លៃវិញ គឺ១ដើមត្រឹមតែ ៣,៥០០រៀលតែប៉ុណ្ណោះ។ រីឯទីតាំងគឺស្ថិតនៅពីមុខសាលាសង្កាត់ផ្សារដេប៉ូតែម្តង។

២) នំបុ័ងប្រហិតសន្ធរម៉ុក

ចំពោះប្រិយមិត្តដែលរៀននៅសាលាសន្ធរម៉ុក ប្រាកដជាស្គាល់ច្បាស់ ពូនំបុ័ងប្រហិតល្បីឈ្មោះនិងមានតែមួយគត់ ដែលលក់នៅឯទីនោះ ។ ដោយតម្លៃចាប់ពី២,០០០ រៀលឡើងទៅ ញុំាឆ្អែតហើយឆ្ងាញ់ទៀត មានទីតាំងគឺស្ថិតនៅក្រោយវិទ្យាល័យសន្ធរម៉ុក។

៣) មីស៊ុបតាមផ្សារ

ប្រិយមិត្តអាចរកបាននៅតាមផ្សារ ពេលល្ងាចឡើងគឺសម្បូរណាស់។ ប៉ុន្តែបើសិនជាប្រិយមិត្តចង់ដឹងថានៅកន្លែងណាឆ្ងាញ់ ខ្មែរឡូតសូមណែនាំប្រិយមិត្តនូវតូបលក់ មីស៊ុប គុយទាវ មីស៊ុប ដ៏មានរសជាតិឆ្ងាញ់ ស្ថិតនៅក្នុងផ្សារគីឡូម៉ែត្រលេខ៤ ដែលជាផ្សារណាត់ ក្រោយវិទ្យាល័យ ជាស៊ីមសន្ធរម៉ុកតែម្តង។ បើនិយាយពីតម្លៃវិញគឺ ៤,០០០រៀល តែប៉ុណ្ណោះ ថែមទាំងមានសាច់ច្រើនៗទៀតផង។ ជាពិសេស មីស៊ុបទួលទំពូង ក៏មិនធម្មតាដែរ តម្លៃក៏៤,០០០រៀល ដូចគ្នា។

៤) មីឆាព្រះអង្គ អេង

មីឆា ដែលមានរសជាតិ ឈ្ងុយឆ្ងាញ់ ជាមួយនឹង សាច់ប៉ាតេបន្ទះចៀនស្រួយ ញុំាហើយធ្វើឲ្យមានអារម្មណ៍ល្អ ដែលមានទីតាំងស្ថិតនៅ ផ្លូវ ២៩២ ជិតសាលាបឋមសិក្សា ព្រះអង្គអេង នៅក្រោយគីរីរម្យ រីឯតម្លៃត្រឹមតែ៥,០០០រៀលតែប៉ុណ្ណោះ។

៥) មុះស្រ៊ី (មីស្រុះ)

ប្រិយមិត្តមួយចំនួនប្រាកដជាស្គាល់ហើយ ហាងលក់មីស្រុះ ល្បីឈ្មោះ មានទីតាំងនៅជិតសាលាទួលស្វាយព្រៃ ដែលទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ សិស្សានុ សិស្ស និងមិត្តៗយុវវ័យ  ពីព្រោះថាឆ្ងាញ់ហើយ តម្លៃក៏សមរម្យផងដែរ ពោលគឺតម្លៃត្រឹមតែ៤,០០០រៀលតែប៉ុណ្ណោះ។ ជារៀងរាល់ថ្ងៃ ហាងមួយនេះ គឺមនុស្សចូលពេញៗ រកតែកន្លែងអង្គុយស្ទើរតែមិនចង់បានផង។

ចុះប្រិយមិត្ត មានបានសាក ជាមួយនឹង អាហារសម្រន់ទាំងនេះ ហើយឬនៅ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]