ហុងឌូរ៉ាស៖ ជារឿងមួយគួរឲ្យតក់ស្លុត ដែលអ្នកគាំទ្របាល់ទាត់ចំនួន៤នាក់ បានស្លាប់បាត់បង់ជីវិតដោយសារករណីរត់ជាន់គ្នា ក្នុងការប្រកួតបាល់ទាត់វគ្គផ្ដាច់ព្រ័តពានរង្វាន់ Honduran Clausura រវាងក្រុម Motagua និងក្រុម Progreso ក្នុងតំបន់ Tegucigalpa នៃប្រទេស ហុងឌូរ៉ាស កាលពីថៃ្ងអាទិត្យកន្លងទៅ។

សំបុត្រដែលដាក់លក់ក្នុងកីឡដ្ឋាន The Estadio Tiburcio Carias Andino ដែលរៀបចំការប្រកួតនេះ ត្រូវបានលក់អស់គ្មានសល់ ប៉ុន្ដែគេជឿថា ក្រុមអ្នកគាំទ្ររបស់ក្រុម Motagua បានចូលលើសចំនួន ដោយសារតែពួកគេត្រូវបានទិញនូវសំបុត្រក្លែងក្លាយដើម្បីបានចូលមើលក្នុងការប្រកួត។  

បន្ទាប់ពីរឿងនេះបានកើតឡើង ក្លិប Motagua បានចេញនូវសេចក្ដីរំលែកទុក្ខដោយមានខ្លឹមសារថា៖ «ក្លិបទាំងមូលសូមចូលរួមរំលែកទុក្ខដល់មិត្ដភក្ដិ និងក្រុមគ្រួសាររបស់ជនរងគ្រោះទាំង៤នាក់ ដែលបានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ មុនពេលចាប់ផ្ដើមការប្រកួតនេះ។ ក្លិបសូមជូនពរដល់អ្នកដែលមានរបួស សូមឲ្យឆាប់ជាសះស្បើយ»។

គួរឲ្យដឹងផងដែរថា បុគ្គលិករបស់ក្លិប Motagua បានដឹងអំពីការលក់សំបុត្រក្លែងក្លាយសម្រាប់ចូលមើលការប្រកួតនេះ ហើយក៏បានជូនដំណឹងដល់អាជ្ញាធរផងដែរ។ សំបុត្រក្លែងក្លាយត្រូវបានគេរកឃើញក្នុងកីឡដ្ឋាន ហើយអាជ្ញាធរបានប្រមូលសំបុត្រទាំងនោះដើម្បីទុកជាភស្តុតាង ក្នុងការចាត់វិធានការតាមផ្លូវច្បាប់។  

ជនរងគ្រោះក្នុងករណីរត់ជាន់គ្នាក្នុងការប្រកួតបាល់ទាត់មួយ ក្នុងប្រទេសហុងឌូរ៉ាស
ជនរងគ្រោះត្រូវបានគេបញ្ចូនទៅមន្ទីរពេទ្យ
អ្នកគាំទ្រមានការសោកស្ដាយចំពោះសោកនាដកម្មនេះ

បន្ទាប់ពីដឹងនូវដំណឹងនេះ ខែ្សការពាររបស់ក្រុមអធិរាជស Real Madrid កីឡាករ Sergio Ramos ក៏បានចូលរួមរំលែកទុក្ខផងដែរ ដោយបានសរសេរក្នុងបណ្ដាញសង្គមថា៖ «ពិតជារន្ធត់ចំពោះសោកនាដកម្មនេះ ដែលកើតឡើងក្នុងពិភពបាល់ទាត់។ អារម្មណ៍របស់ខ្ញុំ គឺស្ថិតនៅជាមួយជនរងគ្រោះ» ៕

ប្រភព៖ Goal

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]