ប្រហែលមួយឆ្នាំមុន នៅពេលរថយន្ត Rolls-Royce បានបង្ហាញឲ្យពិភពលោកបានឃើញនូវរថយន្ត 103EX បាននាំឲ្យគេនឹកដល់មរតកនៃការកសាងនាវា ដែលជាការបំផុសគំនិតសម្រាប់អតិថិជនរបស់ខ្លួននាពេលអនាគត ។ រថយន្តបែបចក្ខុនិមិត្តនេះ នឹកស្រមៃដល់ពិភពនៃការធ្វើដំណើរមានលក្ខណៈប្រណីតទាំងស្រុង ដែលក្នុងនោះបច្ចេកវិទ្យាថ្មីៗនឹងអនុញ្ញាតឲ្យគ្រប់រថយន្ត Rolls-Royce ទាំងអស់អាចរចនាឡើងទៅតាមការគិតឃើញរបស់ម្ចាស់រថយន្ត ពោលគឺទៅតាមការប៉ងប្រាថ្នារបស់ពួកគេ ។ រថយន្ត Rolls-Royce បែបនេះ នឹងបង្ហាញឲ្យឃើញនូវអត្ថន័យពិតប្រាកដបំផុតនៃពាក្យថា ប្រណីត ពោលគឺរថយន្តបែប Bespoke ដែលផលិតទៅតាមបុគ្គលនានា ហើយខុសប្លែកពីរថយន្តផ្សេងទៀត សម្រាប់អតិថិជនដែលកុម្ម៉ង់រថយន្តនីមួយៗ ។ 

បើទោះបីជាដូច្នេះក្តី គោលគំនិតនៃការផលិតរថយន្ត Rolls-Royce ផ្អែកតាមគំនិតនៃការកសាងនាវានាសម័យទំនើប នៅតែមិនទាន់គ្រប់គ្រាន់នៅឡើយទេសម្រាប់អតិថិជនរបស់រថយន្ត Rolls-Royce ។ បុគ្គលម្នាក់នេះ បានមកជួបជាមួយនឹងក្រុមហ៊ុន ជាមួយនឹងគំនិតផ្ទាល់ខ្លួន ដែលចង់បានរថយន្ត Rolls-Royce កៅអីពីរ ដែលត្រូវផលិតក្នុងពេលនេះ ។ រថយន្តនេះផលិតរួចហើយពេលនេះ ហើយត្រូវបានដាក់ឈ្មោះថា ‘Sweptail’ ។ ដោយយកគំរូតាមរថយន្ត Rolls-Royce មួយចំនួននាទសវត្សរ៍ 1920 ដែលទទួលបានការកោតសរសើរខ្លាំងពី អតិថិជនរូបនោះ គាត់ក៏បានស្នើសុំឲ្យក្រុមហ៊ុនរថយន្ត Rolls-Royce ឲ្យនឹកស្រមៃដល់រូបរាងនេះឡើងវិញ សម្រាប់រថយន្តរបស់គាត់ដែលមានផលិតតែមួយគ្រឿងប៉ុណ្ណោះ ។  

រថយន្ត Rolls-Royce បានបង្ហាញឲ្យពិភពលោកបានឃើញនូវរថយន្ត 103EX បាននាំឲ្យគេនឹកដល់មរតកនៃការកសាងនាវា

នៅក្នុងពិធីបង្ហាញរថយន្តនេះដល់អ្នកសារព័ត៌មាននៅឯ Concorso d’Eleganza នៅក្រុង Villa d’Este កាលពីថ្ងៃសៅរ៍ ទី 27 ខែឧសភា ឆ្នាំ 2017 លោក Torsten Müller-Ötvös អគ្គនាយកក្រុមហ៊ុនរថយន្ត Rolls-Royce មានប្រសាសន៍ថា៖ “រថយន្ត Sweptail គឺជារថយន្តដ៏អស្ចារ្យ ។ រថយន្តនេះបង្កើតនូវមន្តស្នេហ៍នៃការធ្វើដំណើរ ហើយធ្វើឲ្យរថយន្ត Sweptail ស្ថិតក្នុងបញ្ជីនៃរថយន្តដ៏អស្ចារ្យរបស់ពិភពលោក ។ ប្រវត្តិរបស់រថយន្ត Rolls-Royce ក្នុងនាមជាអ្នកកសាងនាវាកម្សាន្តឈានមុខគេរបស់ពិភពលោក គឺជាស្នូលនៃអត្តសញ្ញាណរបស់ម៉ាកយីហោរថយន្តប្រណីតឈានមុខគេរបស់ពិភពលោក។ ការបង្ហាញខ្លួននូវរថយន្ត 103EX បានបំភ្លឺផ្លូវទៅអនាគតរបស់រថយន្ត Rolls-Royce ហើយរថយន្ត ‘Sweptail’ នាថ្ងៃនេះ គឺជាតឹកតាងបង្ហាញថា រថយន្ត Rolls-Royce នៅតែឈរក្នុងលំដាប់កំពូលនៃការផលិតដោយដៃ ប្រៀបបាននឹងការកសាងនាវា ។ យើងស្ដាប់យោបល់អតិថិជនពិសេសបំផុតរបស់យើងយ៉ាងយកចិត្តទុកដាក់ ហើយវាយតម្លៃលើចំណាប់អារម្មណ៍របស់ពួកគាត់ ក្នុងការវិនិយោគលើផលិតផលឯកផលិតដោយដៃទាំងស្រុងបែបនេះ ។ ព្រមជាមួយគ្នានេះ យើងក៏ត្រូវពិនិត្យមើលលើធនធាន ដែលអនុញ្ញាតឲ្យយើងផ្ដល់នូវសេវាពិសេសឯកបែបនេះ ដល់អតិថិជនដែលគាំទ្រផលិតផលប្រណីតផងដែរ” ។

រថយន្តម៉ូដែល ‘Sweptail’ - ក្តីស្រមៃក្លាយជាការពិត

លោក Giles Taylor នាយកផ្នែករចនាម៉ូតរបស់ក្រុមហ៊ុនរថយន្ត Rolls-Royce ថ្លែងថា៖ “រថយន្ត Sweptail គឺជារថយន្តដែលប្រៀបបាននឹងសម្លៀកបំពាក់ប្រណីត ។ នេះជារថយន្ត Rolls-Royce ដែលត្រូវបានរចនា និងបង្កើតដោយដៃដើម្បីតម្រូវទៅតាមការចង់បានរបស់អតិថិជនម្នាក់ ។ អតិថិជនរូបនេះ បានមកកាន់រោងចក្ររថយន្ត Rolls-Royce ជាមួយនឹងគំនិតមួយ ដែលគាត់យកមកចែករំលែកក្នុងដំណើរការប្រកបដោយភាពច្នៃប្រឌីត ហើយយើងបានផ្ដល់យោបល់ដល់គាត់ប្រៀបបាននឹងការកាត់ដេរសម្លៀកបំពាក់ដល់រូបគាត់ ហើយបន្ទាប់មកយើងបានដេរខោអាវនោះដល់គាត់ ។ អ្នកអាចនិយាយបានថា យើងបានកាត់កំណាត់សម្រាប់សម្លៀកបំពាក់ ដែលគេអាចវាយតម្លៃលើរូបគាត់ពេលគាត់ស្លៀកពាក់” ។

ដោយនឹកដល់រថយន្ត Rolls-Royce ស្អាតៗ ដែលបង្កើតដោយដៃកាលពីទសវត្សរ៍ 1920 និង 1930 ក្តីប្រាថ្នារបស់អតិថិជនរូបនេះ គឺចង់បានរថយន្តកៅអីពីរដែលបង្កើតដោយដៃ ដែលមានបំពាក់ដំបូលកញ្ចក់ដ៏ធំមួយផ្ទាំង ។ ក្នុងនាមជាអតិថិជនគាំទ្ររថយន្ត Rolls-Royce គាត់បានចាប់ចិត្តនឹងរថយន្តជាច្រើនពីម៉ាកយីហោនេះតាំងពីយុគមាសរបស់ក្រុមហ៊ុននៅដើមសតវត្សទី 20 មកម្លេះ ហើយក៏បានចាប់ចិត្តនឹងនាវាកម្សាន្តបែបបុរាណ និងសម័យទំនើបជាច្រើនផងដែរ ។

ក្នុងរយៈកាលជាច្រើនឆ្នាំកន្លងមកនេះ លោក Taylor និងក្រុមការងារអ្នករចនាម៉ូតរបស់លោក បានជួបទាក់ទងជាមួយនឹងអតិថិជនរូបនេះ នៅក្នុងដំណើរដ៏អស្ចារ្យ ខណៈដែលពួកគេធ្វើការរួមគ្នាដើម្បីសម្រេចឲ្យបានទៅតាមសេចក្តីប្រាថ្នាពិសេសរបស់អតិថិជននេះ ហើយផ្ដល់ជីវិតឡើងវិញដល់រថយន្តមួយគ្រឿងនោះ ។ លទ្ធផលនៃគម្រោងផលិតដោយដៃតែមួយគ្រឿងនេះ គឺរថយន្ត Rolls-Royce ‘Sweptail’ ដែលខុសប្លែកគេទាំងស្រុង ។

រថយន្ត ‘Sweptail’ - ចក្ខុវិស័យប្លែក

‘Sweptail’ គឺជារថយន្ត Rolls-Royce ដែលផលិតឡើងស្របតាម DNA របស់ម៉ាកយីហោ ។ ការចាប់អារម្មណ៍ដំបូងគឺផ្នែកខាងមុខរថយន្តដែលមានរូបរាងប្រកបដោយជំនឿជាក់ និងរឹងមាំ ដោយសង្កត់ធ្ងន់លើការរចនាថ្មីទៅលើប៉ាណារថយន្ត Rolls-Royce ។ ប៉ាណាខាងមុខមានទំហំធំជាងប៉ាណាសម្រាប់រថយន្ត Rolls-Royce នាសម័យទំនើបនេះ ហើយត្រូវបានផលិតឡើងពីសារធាតុអាលុយមីញ៉ូមរឹង មុនពេលប៉ូលាដោយដៃរហូតភ្លឺដូចកញ្ចក់ ។ នៅជុំវិញផ្ទៃខាងមុខរបស់រថយន្ត Sweptail ត្រូវបានបំពាក់ដោយជាតិអាលុយមីញ៉ូម ។

នៅពេលដើរទៅផ្នែកចំហៀងរថយន្ត Sweptail គេនឹងឃើញស្រមោលដ៏ទាក់ទាញ ដែលបញ្ជាក់ឲ្យឃើញពីលក្ខណៈពិសេសប្លែករបស់រថយន្តនេះ ។ រាងរថយន្តកោងចុះពីផ្នែកខាងមុខ ហើយបន្ទាត់ភ្លីកោងរបស់រថយន្ត Sweptail រត់ចុះក្នុងសណ្ឋានយ៉ាងស្រស់ស្អាត ។ ទំហំរូបរាង និងសម្រស់នៃរថយន្តទ្វារពីរនេះ គឺអាចកត់សម្គាល់ឃើញយ៉ាងច្បាស់ ។ ផ្ទៃដំបូលមានលំហូចាប់តាំងពីចំហៀងកញ្ចក់មុខ ទៅផ្នែកខាងក្រោយនៃតួរថយន្ត ដោយរំលងពីលើគែមគម្របគូថរថយន្ត ដើម្បីបង្ហាញឲ្យឃើញពីប្រវែងបណ្ដោយរថយន្តនេះ។

ផ្នែកសំខាន់បំផុតនៃផ្ទៃខាងក្រោយរថយន្តគឺជាការរំលឹកដល់ពិភពនាវាប្រណាំង ដែលបានបំផុសទឹកចិត្តអតិថិជន ជាមួយនឹងគូថរថយន្តប្រៀបបាននឹងកន្សៃនាវា ។ នៅពេលមើលចំពីក្រោយ កម្រិតមុំផ្នែកខាងក្រោយឆ្លុះគ្នានឹងផ្នែកខាងមុខ ដែលបង្កើតបានជាគំនិតថ្មីទាំងស្រុងនៃរថយន្ត Rolls-Royce ទ្វារពីរដ៏អស្ចារ្យ ។

ផ្នែកសំខាន់បំផុតនៃផ្ទៃខាងក្រោយរថយន្តគឺជាការរំលឹកដល់ពិភពនាវាប្រណាំង ដែលបានបំផុសទឹកចិត្តអតិថិជន ជាមួយនឹងគូថរថយន្តប្រៀបបាននឹងកន្សៃនាវា ។ នៅពេលមើលចំពីក្រោយ កម្រិតមុំផ្នែកខាងក្រោយឆ្លុះគ្នានឹងផ្នែកខាងមុខ ដែលបង្កើតបានជាគំនិតថ្មីទាំងស្រុងនៃរថយន្ត Rolls-Royce ទ្វារពីរដ៏អស្ចារ្យ ។

ផ្ទៃខាងក្នុងដូចដំណាក់ស្ដេច ប៉ុន្តែទំនើបទាន់សម័យ

ភាពស្អាត និងភាពសម្បើមនៃរាងរៅរថយន្តពេលមើលពីចំហៀង កញ្ចក់ចំហៀងវែង និងដំបូលកញ្ចក់ ផ្សំគ្នា ដើម្បីផ្ដល់ពន្លឺដល់អ្នកជិះទាំងពីរនាក់ដែលស្ថិតនៅក្នុងរថយន្ត Rolls-Royce ដែលមានតែមួយគ្រឿងគត់នេះ ព្រមជាមួយនឹងផ្ទៃខាងក្នុងធ្វើដោយដៃ ដែលមានភាពទំនើបទាន់សម័យ និងសមញ្ញ ។ ការបង្កើតកៅអីតែពីរនៅក្នុងរថយន្តនេះ បង្កើតឲ្យមាននូវមន្តស្នេហ៍នៃការធ្វើដំណើរ ហើយធ្វើឲ្យរថយន្ត Sweptail ជាប់ក្នុងបញ្ជីរថយន្តដ៏អស្ចារ្យរបស់ពិភពលោក ។

វាជាទិដ្ឋភាពដ៏អស្ចារ្យនៅពេលអ្នកធ្វើដំណើរសំឡឹងតាមកញ្ចក់មុខ ចំហៀង និងដំបូលកញ្ចក់ធំៗ មើលទៅកាន់ពិភពលោកខាងក្រៅ ។ ផ្ទៃខាងក្នុងត្រូវបានរៀបចំដោយអនុវត្តតាមទស្សនវិជ្ជានៃភាពសមញ្ញ និងលម្អិត ដែលនាំទៅរកការចម្រាញ់នូវគ្រឿងបង្គំ និងការបន្សុតរាល់ធាតុដែលរប៉ាត់រប៉ាយ ។ ឈើរខ្មៅខាត់រលោង Macassar Ebony និងឈើ Paldao ជាច្រើនបានជួយលម្អផ្ទៃខាងក្នុងរថយន្ត ដែលបង្កើតបានជាទិដ្ឋភាពឆ្លុះគ្នា សម្រាប់ម្ចាស់រថយន្ត ដែលទិដ្ឋភាពនេះមានលក្ខណៈបុរាណផង និងទាន់សម័យផង ។ ភាព ឆ្លុះគ្នានេះចាប់ផ្ដើមដោយពន្លឺឆ្លុះគ្នានៃស្បែកពណ៌ Moccasin និងពណ៌ Dark Spice ដែលលម្អកៅអី ធ្នាក់ដៃ និងផ្ទៃខាងលើនៃតាប្លូខាងមុខ ។ ដោយផ្អែកគោលការណ៍នៃរថយន្ត GT ដែលរថយន្ត Rolls-Royce បានបង្កើតឡើងនៅទសវត្ស 1920 និង 1930 បន្ទះឈើត្រូវបានបំពាក់ជំនួសឲ្យកៅអីខាងក្រោយ ដែលបង្កើតបានជាធ្នើកញ្ចក់ភ្លឺ ។ ធ្នើដាក់មួក គឺជាគ្រឿងលម្អសម្រស់ ដែលត្រូវបានប៉ូលារលោងយ៉ាងយកចិត្តទុកដាក់ ហើយមានបញ្ចូលនូវចង្អើរដាក់ឥវ៉ានផងដែរ ដែលស្ថិតនៅផ្នែកខាងក្រោយ ដែលអាចលូកដៃយកបាន ។

នៅពីក្រោយអ្នកជិះ គ្រឿងបំពាក់មួយឈ្មោះថា Passarelle លាតសន្ធឹងពីគែមខាងក្រោយនៃកញ្ចក់មុខហើយភ្ជាប់ទៅកាន់ធ្នើរដាក់មួក ។ តាប្លូរថយន្តនេះ ជាតាប្លូស្អាតជាងគេបំផុតរបស់រថយន្ត Rolls-Royce នាពេលបច្ចុប្បន្ន ។ ក្រមសីលធម៌នៃការផ្ចិតផ្ចង់បានតម្រូវឲ្យមានប្រព័ន្ធបញ្ជាតែមួយប៉ុណ្ណោះដែលស្ថិតនៅលើតាប្លូនេះ ខណៈដែលកុងតាក់ផ្សេងទៀត ត្រូវបានផ្លាស់ទៅបំពាក់នៅទីតាំងផ្សេង ។ ចំណែកឯនាឡិកាវិញត្រូវបានបំពាក់យ៉ាងល្អឥតខ្ចោះ ។ មុខនាឡិកាលើរថយន្ត Rolls-Royce មួយគ្រឿងនេះក៏ត្រូវបានផលិតដោយដៃ ចេញពីបន្ទះឈើ Macassar ស្ដើងជាទីបំផុត ដែលបង្កប់នាឡិកាទៅក្នុងផ្ទៃតាប្លូរបស់រថយន្ត ហើយដែលមានទ្រនិចដែលធ្វើពីជាតិទីតាញ៉ូម ។ សារធាតុទីតាញ៉ូមនេះក៏ត្រូវបានប្រើប្រាស់លើកុងតាក់បញ្ជាទាំងបីដែលផ្គុំដោយដៃផងដែរ ។

គ្រឿងបំពាក់ដ៏គួរឲ្យភ្ញាក់ផ្អើល និងរំជួលចិត្តពីរចុងក្រោយត្រូវបានបញ្ចូលទៅក្នុងរថយន្ត Sweptail ។ គ្រឿងបំពាក់ទាំងពីរនោះ ត្រូវបានបិតបាំងនៅក្នុងជញ្ជាំងទាំងសងខាងស្ថិតនៅពីក្រោយទ្វារ គឺហិបពីរដូចគ្នា ដែលដាក់កាតាបពីរធ្វើដោយដៃ ដែលអាចយកមកប្រើបានដោយគ្រាន់តែចុចប៊ូតុងបញ្ជា ។ កាតាបទាំងនេះ ត្រូវបានធ្វើឲ្យស៊ីគ្នានឹងសំណុំវ៉ាលីដែលបង្កើតឡើងដោយ Rolls-Royce Bespoke សម្រាប់រថយន្ត Sweptail នេះ ។

ផ្នែកសំខាន់នៃរថយន្តឯកតែមួយគ្រឿងនេះ ព្រមជាមួយនឹងគ្រឿងបំពាក់ផ្សេងទៀត គឺមានលក្ខណៈបុគ្គលឯកជនសម្រាប់ម្ចាស់របស់រថយន្ត Sweptail ។ ស្នូកកណ្ដាលទាំងមូល នៅពេលនេះមានបំពាក់នូវបរិក្ខាដែលផ្ទុកដបស្រាសាំប៉ាញដែលអតិថិជនចូលចិត្ត និងកែវស្រាសំប៉ាញគ្រីស្តាល់ចំនួនពីរ។ នេះជារថយន្តដែល Rolls-Royce ដែលផលិតដោយដៃ និងតម្រូវទៅតាមបុគ្គលជាអតិថិជនតែម្នាក់គត់ ហើយរាល់សមាសធាតុនៃគ្រឿងបំពាក់ទាំងអស់របស់រថយន្ត Sweptail បង្ហាញឲ្យឃើញគុណភាពទឹកដៃ និងការផ្ចិតផ្ចង់ ។ និយាយដោយខ្លី នេះជារថយន្ត Rolls-Royce ដែលមិនដូចរថយន្តមុនៗឡើយ ។ 

រថយន្ត Sweptail គឺជារថយន្តដែលប្រៀបបាននឹងសម្លៀកបំពាក់ប្រណីត
គ្រឿងបំពាក់ដ៏គួរឲ្យភ្ញាក់ផ្អើល និងរំជួលចិត្តពីរចុងក្រោយត្រូវបានបញ្ចូលទៅក្នុងរថយន្ត Sweptail
គ្រឿងបំពាក់ដ៏គួរឲ្យភ្ញាក់ផ្អើល និងរំជួលចិត្តពីរចុងក្រោយត្រូវបានបញ្ចូលទៅក្នុងរថយន្ត Sweptail
រថយន្ត Sweptail គឺជារថយន្តដែលប្រៀបបាននឹងសម្លៀកបំពាក់ប្រណីត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]