ភ្នំពេញៈ ​ក្រុម​ហ៊ុន​ដឹក​អ្នក​ដំណើរ​ទៅ​ទិសដៅ​ខេត្ត​ព្រះសីហនុ​គ្រោង​នឹង ដំឡើង​ថ្លៃ​សំបុត្រ​រថយន្ត​២០​ភាគរយ ​ក្នុង​ឱកា​ស​បុណ្យ​សមុទ្រ​នៅ​សប្តាហ៍​ក្រោយ​នេះ​។

មន្ត្រី​ក្រុម​ហ៊ុន​ដឹក​អ្នក​ដំណើរ​បាន​និយាយ​ថា​ ដោយ​សារ​មាន​កំណើន​អ្នក​ដំណើរ​ទៅ​កម្សាន្ត​សមុទ្រ​នៅ​ថ្ងៃ​បុណ្យ​សមុទ្រ​ នោះ ​ក្រុម​ហ៊ុន​នឹង​ដំឡើង​ថ្លៃ​ក្នុង​ការ​ធ្វើ​ដំណើរ​នេះ​។

លោក​ ផាន់​ ណា​ អគ្គ​នាយក​ក្រុម​ហ៊ុន​សូរិយា​ដឹក​អ្នក​ដំណើរ​ បាន​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន​នេះ​អាច​នឹង​ឡើង​ថ្លៃ​២០​ភាគ​រយ ពី​លើ​តម្លៃ​ធម្មតា​។

បច្ចុប្បន្ន​សំបុត្រ​រថយន្ត​ក្រុង​ទៅ​ខេត្ត​ព្រះសីហនុ​មួយ​តម្លៃ​២​ម៉ឺន​រៀល ​ហើយ​បន្ទាប់​ពី​ការ​ដំឡើង​ថ្លៃ​២០​​ភាគរយ​តម្លៃ​នឹង​កើន​ដល់ ២៤ ០០០​ រៀល​។

លោក​បន្ត​ថា ​ក្រុម​ហ៊ុន​ក៏​បង្កើន​ចំនួន​ជើង​នៃ​ការ​ដឹក​ជញ្ជូន​ភ្ញៀវ​ផង​ដែរ ពី​៨​លើក ​ទៅ​១០​លើក​ក្នុង​មួយ​ថ្ងៃ​។ លោក​ថ្លែង​ថា​៖ «​មនុស្ស​អាច​ទៅ​ច្រើន​ព្រោះ​គេ​មាន​ពិធីបុណ្យ​សមុទ្រ​យើង​នឹង​មើល​ទៅ​តាម​ស្ថាន​ភាព​ជាក់​ស្តែង»។

លោក ​ស៊ុន ​លី ​ម្ចាស់​រថយន្ត​ក្រុង​សម្រាប់​ជួល​នៅ​ម្តុំ​ផ្សារ​នាគ​មាស​ក្រុង ភ្នំពេញ​បាន​និយាយ​ថា លោក​មាន​រថយន្ត​ជួល​ទាំង​អស់​ជិត​២០​គ្រឿង​ មាន​ទាំង​ពីរ​ប្រភេទ​ ២៥ កៅអី ​រហូត​ដល់ ៤៥​ កៅអី​ហើយ​រថយន្ត​ទាំង​នោះ​ត្រូវ​បាន​ជួល​អស់​ហើយ។

លោក​បន្ត​ថា​ លោក​បាន​ដំឡើង​ថ្លៃ​រថយន្ត​មួយ​គ្រឿង​ពី​ជាង​១០​ដុល្លារ​ ដល់​ ២០​ដុល្លារ​នៅ​ពេល​ខាង​មុន​នេះ។​ តម្លៃ​ជួល​រថយន្ត​ក្នុង​ថ្ងៃ​ធម្មតា​គឺ​២៥០​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ​សម្រាប់រ​ថយន្ត​ ៤៥ ​កៅអី ​ប៉ុន្តែ​តម្លៃ​នេះ​នឹង​កើន​ដល់​២៧០ ដុល្លារ​។

ក្រសួង​ទេសចរណ៍​បាន​រៀប​ចំ​ពិធីបុណ្យ​សមុទ្រ ​សម្រាប់​បង្កើន​ការ​ទាក់​ទាញ​អ្នក​ទេសចរ​បន្ថែម​ទៀត​ឲ្យ​មក​កាន់​តំបន់​ ឆ្នេរ​ បន្ទាប់​ពី​ឆ្នេរ​កម្ពុជា​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​សមាជិក​ក្លិប​ឆ្នេរ​ ស្អាត​បំផុត​ក្នុង​ពិភព​លោក។​

បន្ទប់​ផ្ទះ​សំណាក់​ និង​សណ្ឋាគារ​ត្រូវ​កក់​អស់​ហើយ ​ហើយ​ក្រសួង​ក៏​បាន​សម្រេច​បោះ​តង់​ជួល​បន្ថែម​ទៀត សម្រាប់​បំពេញ​តម្រូវ​ការ​កន្លែង​ស្នាក់​នៅ​របស់​ភ្ញៀវ​ទេសចរ​។

ស្ថាន​ភាព​បែប​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​ដឹក​អ្នក​ដំណើរ​ក៏​សម្រេច​ដំឡើង​ថ្លៃ​សំបុត្រ​ផង​ដែរ​។​

កញ្ញា​ គង់ ​កញ្ញា ​ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ក្រុម​ហ៊ុន​ដឹក​អ្នក​ដំណើរ​ GST​និយាយ​ថា ​រថយន្ត​ក្រុម​ហ៊ុន​ត្រូវ​បាន​ម្ចាស់​សណ្ឋាគារ និង​ផ្ទះ​សំណាក់​ជួល​នៅ​ពេល​ថ្ងៃ​បុណ្យ​ខាង​មុខ​នេះ។

ទោះ​បី​យ៉ាង​នេះ​ក្តី​តម្លៃ​សំបុត្រ​រថយន្ត​ក្រុង​នៅ​ក្រុម​ហ៊ុន​នេះ​នៅ​មិន ​ទាន់​កំណត់​ថា​ឡើង​ថ្លៃ​ប៉ុន្មាន​នោះ​ទេ​ ព្រោះ​នៅ​រង់​ចំា​ដល់​កៀក​ថ្ងៃ​បន្តិច​ទៀត​ ហើយ​ក្រុម​ហ៊ុន​នឹង​បង្កើន​ចំនួន​រថយន្ត អាស្រ័យ​ទៅ​តាម​ចំនួន​អ្នក​ដំណើរ​ជាក់​ស្តែង​។

កញ្ញា គង់ ​កញ្ញា ​បាន​និយាយ​ទៀត​ថា​៖ «ខ្ញុំ​នៅ​មិន​ទាន់​អាច​ប្រាប់​បាន​ប្រាកដ​ទេ​នៅ​ពេល​នេះ​ដោយ​រង់​ចាំពីរ​ បី​ថ្ងៃ​ទៀត​ នៅ​ពេល​មាន​ការ​សម្រេច​ពី​មេ​»៕

ដក​ស្រង់​ពី​គេហទំព័រ​ភ្នំពេញ​ប៉ុស្តិ៍ 

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]