ចិន៖ ស្របពេលដែលប្រទេសចិន កំពុងតែជួបវិបត្តិភ្លៀងជន់លេចពេញទីក្រុង Foshan និងទីក្រុង Guangzhou ជាក់ស្តែង កាលពីពេលថ្មីៗកន្លងទៅនេះ គ្រូបង្រៀននៅសាលាបឋមមួយកន្លែង ត្រូវបានអ្នកនិយមលេងអ៊ីនធើណែតជាច្រើន កោតសរសើរយ៉ាងខ្លាំង ពីទឹកចិត្តលះបង់ សុខចិត្តអៀវកូនសិស្សរបស់ខ្លួន ដើរកាត់ភ្លៀង ទឹកជំនន់ ចូលដល់ក្នុងសាលាទាំងមិនរុញរា។

ហេតុការណ៍នេះត្រូវបានគេប្រទះឃើញ កាលពីព្រឹកថ្ងៃពុធកន្លងទៅ ស្ថិតក្នុងទីក្រុង Foshan ខេត្ត Guangdong ប្រទេសចិន។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មានចិន CGTN បានចុះផ្សាយ។

ប្រភពបានឲ្យដឹងថា រូបភាពជាច្រើនសន្លឹក របស់បុរសម្នាក់ត្រូវបានគេស្គាល់ឈ្មោះថា លោក Zhong Shigui គឺជានាយកគ្រប់គ្រងសាលាបឋមសិក្សា Luoxi Xinhchen Primary School ត្រូវបានអាណាព្យាបាលសិស្សជាច្រើន បង្ហោះចែកចាយរូបភាពរបស់គាត់ពេញបណ្តាញសង្គម ក្នុងរូបភាពដែលគ្រូប្រុសរូបនោះ បានឈរនៅក្នុងទឹកត្រឹមជង្គង់ ជន់លេចដោយសារទឹកភ្លៀង និងក្នុងដៃមានកាន់ឆ័ត្រមួយផងដែរ។

រូបភាព៖ លោកគ្រូ Zhong ឈរនៅក្នុងទឹកត្រឹមជង្គង់ ជន់លេចដោយសារទឹកភ្លៀង និងក្នុងដៃមានកាន់ឆ័ត្រមួយ

លើសពីនេះ រូបភាពផ្សេងទៀតគេឃើញថា លោកគ្រូ Zhong បានអៀវកូនសិស្សតូចៗជាច្រើននាក់ ដើរកាត់ទឹកថែមទៀតផង ដែលនេះគឺជាឥរិយាបថដ៏ល្អបំផុត ខណៈត្រូវបានមហាជនជាច្រើន បាននាំគ្នាកោតសរសើរ គោរពនិងឲ្យតម្លៃនូវទឹកចិត្តដ៏របស់គាត់។

លោកគ្រូ Zhong បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក ឲ្យដឹងថា «ខ្ញុំមិនចាំថា បានអៀវកូនសិស្សប៉ុន្មាននាក់នោះទេ។ តែបើតាមខ្ញុំស្មានទៅប្រហែលជា១០នាក់។ ដោយក្នុងនោះក៏មានគ្រូៗផ្សេងទៀត ចូលរួមជួយអៀវពួកគេផងដែរ»

តាមរយៈសកម្មភាពនេះ លោកគ្រូ Zhong បានលើកឡើងទៀតដែរថា វាគ្រាន់តែជាសកម្មភាពសាមញ្ញមួយ និងជាតួនាទីរបស់គ្រូតែប៉ុណ្ណោះ។ ប៉ុន្តែផ្ទុយទៅវិញ អាណាព្យាបាលជាច្រើនបានសម្តែងក្តីរំភើបចិត្ត ពេលបានឃើញសកម្មភាពដ៏ល្អ ទាំងអស់នេះរបស់លោកគ្រូ Zhong ។

អាណាព្យាបាលសិស្សម្នាក់ ឈ្មោះ Chen និយាយថា «ខ្ញុំពិតជារំជួលចិត្តខ្លាំងណាស់! ខ្ញុំឃើញគាត់ (លោកគ្រូ Zhong) អៀវកូនសិស្សតូចទាំងអស់នោះ ប្រៀបបីដូចជាអៀវកូនៗរបស់គាត់យ៉ាងអីុចឹង»

តើសម្រាប់ប្រិយមិត្តយល់យ៉ាងណាដែរ?  

សកម្មភាពលោកគ្រូ Zhong អៀវកូនសិស្ស
សកម្មភាពលោកគ្រូ Zhong អៀវកូនសិស្ស

ប្រភព៖ CGTN

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]