បរទេស៖  ក្មេងប្រុសជំទង់អាយុ ១៧ឆ្នាំម្នាក់ បាននាំលោកយាយដែលមានជំងឺមហារីកដំណាក់កាលចុងក្រោយ ទៅចូលរួមក្នុងកម្មវិធីជប់លៀងនៅសាលាជាមួយខ្លួន  ខណៈលោកយាយ អាចមានជីវិតរស់នៅបានប្រហែល ២ ទៅ៣ ខែទៀតប៉ុណ្ណោះ។

កាលពីថ្ងៃសៅរ៍កន្លងទៅ ក្មេងប្រុស Stephen Vigil បាននាំលោកយាយអាយុ ៩២ឆ្នាំ របស់គេ ឈ្មោះ Julia Jarman ទៅកាន់វិទ្យាល័យ Stafford ដែលមានទីតាំងនៅក្នុងទីក្រុង Fredericksburg រដ្ឋ Virginia សហរដ្ឋអាមេរិក។  មូលហេតុដែលគេនាំលោកយាយមកជាមួយ ដោយសារគាត់មានជំងឺមហារីកលំពែង ហើយពួកគេចង់មានពេលវេលាដ៏រីករាយ និងអនុស្សាវរីយ៍មិនអាចបំភ្លេចបានជាមួយគ្នា។

លោកយាយ Jarmen ជាស្ត្រីម្នាក់ដែលមិនធ្លាប់បានចូលរួមកម្មវិធីរបៀបនេះទាល់តែសោះពីមុនមក។   ក្នុងគ្រាដ៏មានអត្ថន័យនោះ លោកយាយបានស្លៀករូបពណ៌ខៀវ ជាមួយកម្រងផ្កាកុលាបពណ៌ក្រហមយ៉ាងស្រស់ស្អាត សាកសមតែម្តងជាមួយអាវធំរបស់ចៅប្រុស។ លើសពីនេះ នាយកសាលាបានបំពាក់ម្កុដពណ៌ប្រាក់ និងឆៀង ដែលមានអក្សរថា “Prom Court” ជូនលោកយាយ នៅពេលដែលលោកយាយដើរចូលក្នុងបន្ទប់កម្មវិធីផងដែរ។

លោកយាយអាយុ ៩២ឆ្នាំ រាំជាមួយចៅប្រុសអាយុ​ ១៧ឆ្នាំ
លោកយាយ Jarman​ កំពុងអង្គុយញ៉ាំភេសជ្ជៈក្នុងកម្មវិធី

លោកយាយ Jarman បានបង្ហាញអារម្មណ៍រំភើប និងនិយាយថា  “ពួកយើងបានសើចសប្បាយ ជជែកគ្នាលេង ញ៉ាំកាហ្វេ និងញ៉ាំទឹកផ្លែឈើជាដើម។ វាពិតជាអស្ចារ្យខ្លាំងណាស់”។ 

ចំនែកចៅប្រុសវិញ បាននិយាយថា “គាត់មិនមានពេលវេលានៅជាមួយខ្ញុំបានយូរទៀតទេ ដូច្នេះខ្ញុំមិនស្ទាក់ស្ទើរក្នុងការនាំគាត់ មកចូលរួមក្នុងកម្មវិធីមួយនេះឡើយ។ ខ្ញុំពិតជារីករាយណាស់ ដែលពួកយើងអាចមានពេលវេលាដែលមិនអាចបំភ្លេចបាននេះ ជាមួយគ្នា”។

គួរបញ្ជាក់ថា ដោយសារហេតុផលទាំងនេះហើយ ទើបបានជានាយកសាលាអនុញ្ញាតឲ្យក្មេងប្រុសម្នាក់នេះ នាំលោកយាយរបស់ខ្លួនចូលរួមក្នុងកម្មវិធីសាលា ព្រោះថាជាទូទៅកម្មវិធីប្រភេទនេះ សិស្សមិនត្រូវបានអនុញ្ញាតឲ្យនាំនរណាម្នាក់ដែលមានអាយុលើសពី ២០ឆ្នាំ មកចូលរួមនោះទេ៕

លោកយាយអាយុ ៩២ឆ្នាំ និងចៅប្រុសអាយុ​ ១៧ឆ្នាំ
លោកយាយ និងចៅប្រុស ថតរូបលេងជាមួយគ្នា
លោកយាយ និងចៅប្រុស កំពុងធ្វើដំណើរទៅចូលរូមកម្មវិធី
លោកយាយ និងចៅប្រុស ថតសេហ្វីជាមួយគ្នា

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]