ឥណ្ឌា៖  នារីម្នាក់ដែលរងការវាយប្រហារដោយការជះទឹកអាស៊ីតដាក់មុខ  នៅទីបំផុតបានជួបស្នេហ៍ពិត និងបានរៀបការជាមួយគ្នាទៀតផង ដែលនាងបានស្គាល់គ្នា តាមរយៈការច្រឡំលេខទូរស័ព្ទ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ដេលីម៉ែល កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧។

នាង Lalita Benbansi អាយុ២៦ឆ្នាំ  បានរងរបួសផ្ទៃមុខយ៉ាងដំណំ ក្នុងហេតុការណ៍ដ៏រន្ធត់កាលពីឆ្នាំ ២០១២ ដែលត្រូវបានបងប្រុសរបស់នាង យកទឹកអាស៊ីតមកជះផ្ទៃមុខ ប៉ុន្តែគេមិនបានដឹងមូលហេតុមកពីអ្វីទេ។

អស់រយៈពេលកន្លងមកនេះ នាង Lalita បានទៅធ្វើការវះកាត់ផ្ទៃមុខចំនួន ១៧ដងមកហើយ។  នាងជឿថា គ្មាននរណាម្នាក់ហ៊ានស្រលាញ់នាងទែ ហើយនាងក៏មិនអាចស្វែងរកសុភមង្គលបានដែរ។ ប៉ុន្តែអ្វីៗត្រូវបានផ្លាស់ប្តូរ បន្ទាប់ពីនាងបានចុចទូរស័ព្ទច្រឡំលេខទៅកាន់បុរសម្នាក់។ 

សកម្មភាពក្នុងថ្ងៃរៀបការរបស់នាង Lalita Benbansi
នាង Lalita Benbansi និងស្វាមី
នាង Lalita Benbansi និងគ្រូសារ ព្រមទាំងលោក Vivek Oberoi

ចាប់តាំងពីពេលនោះមក នាងក៏បានទាក់ទងជាមួយលោក Rahul Kumar ដែលរស់នៅក្នុងទីក្រុង Mumbai មានចម្ងាយជិត ២ ០០០គីឡូម៉ែត្រពីគ្នាឯណោះ។  បន្ទាប់ពីទាក់ទងតាមទូរស័ព្ទជជែកគ្នាលេង ពួកគេបានក្លាយជាមិត្តនឹងគ្នា  រហូតដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ ពួកគេក៏បានដឹកដៃគ្នាចូលរោងការ ក្រោយចាប់ផ្តើមស្រលាញ់គ្នាអស់រយៈពេល២ខែចុងក្រោយនេះ។

នាង Lalita បាននិយាយថា  “ខ្ញុំមិននឹកស្មានថា ការច្រឡំលេខទូរស័ព្ទតែមួយលេខសោះ អាចផ្លាស់ប្តូរជីវិតខ្ញុំទាំងស្រុងបែបនេះ។ ខ្ញុំមានអារម្មណ៍ថា ពិតជាសប្បាយរីករាយខ្លាំងណាស់ ព្រោះខ្ញុំមិនដែលគិតថា ខ្លួនខ្ញុំអាចរៀបការបែបនេះនោះទេ។ ប្តីរបស់ខ្ញុំមានបេះដូងដ៏ធំទូលាយ និងចិត្តគំនិតដ៏ស្រស់ថ្លា”។

Lalita បាននិយាយថា នាងធ្លាប់និយាយរឿងខូចមុខដោយសារទឹកអាស៊ីតឲ្យ Rahul Kumar ស្តាប់ ហើយគាត់ក៏ដឹងរឿងគ្រប់យ៉ាង សូម្បីតែសម្រស់មិនស្រស់ស្អាតរបស់នាង ប៉ុន្តែគាត់នៅតែរក្សាការសន្យារបស់គាត់ ថានឹងរៀបការជាមួយនាង។ នាង Lalita ពិតជាមានមោទនភាពខ្លាំងណាស់ ដែលបានបុរសម្នាក់នេះជាគូជីវិត។

រឿងរ៉ាវរបស់ពួកគេទាំង២នាក់ បានកក្រើកពេញទំព័រមុខរបស់កាសែតនៅក្នុងប្រទេសឥណ្ឌា មិនតែប៉ុណ្ណោះថែមទាំងមានតារា Bollywood ជាច្រើននាក់ ចូលរួមជួយជ្រោមជ្រែងនៅក្នុងថ្ងៃដ៏ពិសេសរបស់ពួកគេថែមទៀតផង។  ក្នុងនោះតារាសម្តែង Vivek Oberoi បានផ្តល់អាផាតមិន (ផ្ទះ) មួយដល់នាង Lalita ខណៈអ្នករចនាមូដ Abu Jani និង Sandeep Khosla បានរៀបចំរ៉ូបរៀបការយ៉ាងស្រស់ស្អាតជូននាង៕

នាង​ Vivek Oberoi និងគ្រួសារ
ពិធីរៀបការរបស់គូរស្នេហ៍ទាំង២
នាង Vivek Oberoi និងស្វាមី លោក Rahul Kumar
នាង Vivek Oberoi និងស្វាមី លោក Rahul Kumar

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]