ហ្វីលីពីន៖  បុរសអភ័ព្វជនជាតិហ្វីលីពីនម្នាក់ កើតមានជំងឺដ៏កម្រម្យ៉ាង បណ្តាលឲ្យស្បែកមានសភាពមិនប្រក្រតី បែកប្រេះដូចដុំថ្មគួរឲ្យខ្លាច រហូតធ្វើឲ្យអ្នកស្រុកភ័យខ្លាច មើលងាយមើលថោក និងហៅគេថាជាបិសាចថែមទៀត។

លោក Antonio Reloj អាយុ២៦ឆ្នាំ កើតមកមានជំងឺហ្សែនដ៏ធ្ងន់ធ្ងរម្យ៉ាងហៅថា «Ichthyosis» ដែលជាជំងឺរោគស្បែកពីកំណើត បង្កឲ្យស្បែកមានសភាពស្ងួត ខុសពីប្រក្រតី ឡើងក្រាស ក្រិន និងប្រេះបែកស្រកាពេញខ្លួនប្រាណ ដូចសំបកឈើងាប់។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា លោក Antonio ត្រូវបានម្តាយបោះបង់ចោល តាំងតែពីគាត់មានអាយុទើបតែ ១២ឆ្នាំមកម្ល៉េះ។ ក្រោយមកត្រូវបានជីដូន យកទៅចិញ្ចឹម នៅតំបន់ដាច់ស្រយ៉ាលមួយ ក្នុងខេត្ត Aklan ប្រទេសហ្វីលីពីន។

ស្ថានភាពជំងឺរបស់ Antonio កាន់តែអាក្រក់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែ លក្ខខណ្ឌនៃជំងឺស្បែកប្រភេទនេះ កាន់តែឡើងក្រាស់ និងរាលដាលពេញផ្ទៃមុខ ធ្វើឲ្យភ្នែករបស់គាត់ចាប់ផ្តើមពិបាកក្នុងការមើល។

កន្លងមក លោក Antonio តែងចេញដើរផ្សារ និងទៅព្រះវិហារជាធម្មតា ប៉ុន្តែក្នុងរយៈពេលចុងក្រោយនេះ  លោកតែងសម្ងំលាក់ខ្លួនក្នុងខ្ទមឈើ បន្ទាប់ពីមានអ្នកភូមិស្រុកជាច្រើន បានថាស្តីមកលើគាត់មិនល្អថា ជាព្រាយបិសាច មិនមែនជាមនុស្សឡើយ។

បុរសអភ័ព្វដែលមានក្តីស្រមៃចង់ក្លាយខ្លួនជា ជាងភ្លើងម្នាក់រូបនេះ បាននិយាយថា «កាលខ្ញុំនៅតូច ខ្ញុំរីករាយនឹងការចេញដើរលេងនៅខាងក្រៅណាស់។ ប៉ុន្តែមានមនុស្សជាច្រើន ចាត់ទុកខ្ញុំថាជាខ្មោច។ ឥលូវខ្ញុំមិនហ៊ានចេញពីផ្ទះទៀតទេ។ ខ្ញុំតែងតែសង្ឃឹមក្នុងចិត្តថា សុខភាពរបស់ខ្ញុំនឹងប្រសើរឡើង និងមានការងារធ្វើត្រឹមត្រូវ ជាជាងភ្លើងម្នាក់ ព្រោះនេះគឺជាក្តីស្រមៃរបស់ខ្ញុំតែមួយគត់។ ស្បែកខ្ញុំប៉ុណ្ណឹងវាឈឺចាប់ណាស់ទៅហើយ ដូច្នេះខ្ញុំសង្ឃឹមថា អ្នករាល់គ្នានឹងយល់ពីខ្ញុំ ថាខ្ញុំក៏ជាមនុស្សដូចជាអ្នកទាំងអស់គ្នាដែរ»

ទោះបីជាយ៉ាងណា បច្ចុប្បន្ន លោក Atonio  កំពុងមានក្តីសង្ឃឹមជាថ្មីឡើងវិញ បន្ទាប់ពីមានអ្នកចិត្តសប្បុរសមួយចំនួន បានសម្លឹងឃើញពីទុក្ខវេទនារបស់លោក ដោយបញ្ជូនគាត់ទៅព្យាបាលជំងឺ នៅមន្ទីរពេទ្យមួយ ក្នុងទីក្រុងម៉ានីល។ ក្រុមគ្រូពេទ្យបានផ្តល់ជាហ្វូមសម្រាប់លាប ដើម្បីផ្តល់សំណើមដល់ស្បែកកុំឲ្យប្រេះ ដោយសារតែជំងឺដ៏កម្រមួយនេះ ពិបាកក្នុងការរកវិធីសាស្រ្តព្យាបាល។

បងប្អូនជីដូនមួយលោក Antonio នាង Jesselyn Rebular ក៏បានឲ្យដឹងដែរថា អ្នកស្រុកជាច្រើនហៅគាត់ថា ជាសត្វខ្មោច   ព្រាយបិសាច ប៉ុន្តែពេលនេះ នាងបានបួងសួង និងសង្ឃឹមថា Anotino  អាចជាសះស្បើយពីជំងឺ អាចចូលសាលារៀនបានដូចគេឯង ហើយរស់នៅជាមួយនឹងជីវិតដ៏រីករាយ និងមានមនុស្សជាច្រើនមានចិត្តល្អចំពោះគាត់៕  

ប្រភព៖ ដេលីម៉ែល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]