(ភ្នំពេញ)៖ សហប្រធាន​ក្រុម​ការងារ​កសិកម្ម​ កសិឧស្សាហកម្ម​របស់រាជរដ្ឋាភិបាល លោកឧកញ៉ា ម៉ុង​ ឫទ្ធី​ បានបង្ហោះសារពីការដំឡើងសាច់ដុំ និងមាត់ខ្លាំងៗដាក់គ្នា កាលពីអំឡុងកិច្ចប្រជុំមួយកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ ដើម្បីពិភាក្សាស្តីពីការ ទប់ស្កាត់នាំចូលជ្រូកខុសច្បាប់ចូលមកកម្ពុជា ដែលមានការចូលរួមពីលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម និងអ្នករកស៊ីជ្រូកនៅកម្ពុជា។

ជាមួយគ្នានេះលោកបណ្ឌិត ម៉ុង ឫទ្ធី​ ក៏បានត្អូញត្អែរផងដែរថា ក្នុងនាមលោកកាន់តួនាទី ជាសហប្រធានក្រុម​ការងារ​កសិកម្ម​ កសិឧស្សាហកម្ម​របស់រាជរដ្ឋាភិបាល រយៈពេល២០ឆ្នាំមកនេះ លោកមិនដែលទទួលបានប្រាក់ខែនោះទេ ផ្ទុយទៅវិញមានតែការស្តីបន្ទោសទៅវិញ។ ការចេញមក ថ្លាថ្លែងសារ និងបញ្ចេញយោបល់របស់ខ្លួន តាមបណ្តាញសង្គម Facebookនេះ បានធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋ ដែលមើលទៅអ្នករកស៊ី ចិញ្ចឹមជ្រូកផងនោះលោក Vuthy Khem បានរិះគន់ និងសួរទៅលោកបណ្ឌិតថា មុនពេលប្រជុំពិភាក្សាមន្រ្តីជាន់ខ្ពស់ ក្រសួងកសិកម្ម បានចុះហេត្ថលេខា អនុញ្ញាតឲ្យនាំចូលជ្រូកពី១៥០ក្បាលទៅ២០០ក្បាល សម្រាប់ក្រុមហ៊ុនមួយ។ តែបន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ការនាំចូលជ្រូកពី២៥ក្បាល ទៅ៦០ក្បាល ក៏មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម ក៏ចុះហេត្ថលេខាឲ្យដែរ។ ម្ចាស់ Facebook រូបនេះ បានបង្ហាញការអស់សង្ឃឹមចំពោះការសន្យារបស់លោកឧកញ៉ា ម៉ុង​ ឫទ្ធី​ ដែលបានសន្យាជួយប្រជាកសិករ។

ជាការឆ្លើយតបជាមួយនឹងការបញ្ចេញទស្សនៈរបស់ប្រជាពលរដ្ឋនេះ សមាជិកព្រឹទ្ធសភាគណបក្សកាន់អំណាច និងជាម្ចាស់ក្រុមហ៊ុនកសិកម្មមួយដ៏ធំ ប្រចាំនៅកម្ពុជា បានរៀបរាប់ថា «នេះ​ជាសិទ្ធិបញ្ចេញ​​មតិ​របស់​ពលរដ្ឋ ​ពូមិនប្រកែកប្រណាំង ​ឬមួយ​អាក់អន់ស្រពន់ចិត្ត​ជាមួយ ​អ្នក​បញ្ចេញ​មតិទេ​។ ពូ​គ្រាន់តែ​ចង់ប្រាប់កាពិត​ខ្លះៗ ឲ្យ​ក្មួយយល់ដឹង​ថា ពូបានបំរើការងារ​ជាសហប្រធាននេះ​ជាង២០ឆ្នាំ​កន្លងផុតទៅ​ហើយ​ មិនដែលទទួលប្រាក់ខែ ឬ​ប្រាក់ចំណូល​ពី​ការងារ​នេះទេ​ បានត្រឹម​តែទៅអង្គុយឲ្យគេថា (ស្តីបន្ទោស) ឲ្យស្រេចតែនឹងចិត្ត​គេនឹកឃើញ។ ជាក់ស្តែងកាលពីថ្ងៃទី១៦ ខែឧសភា អ្នកណាក៏ឮដែ​រ រហូតដល់ពូសុំទោសព្រះ​តេជគុណ ​ក្នុងអង្គ​ប្រជុំ​ ហើយ​បានសុំ​អង្វរក ​អស់លោក​កុំឲ្យដំឡើងសាច់ដុំ មាត់ខ្លាំងៗ នៅក្នុង​អង្គប្រជុំ​អី សុទ្ធតែខ្មែរ​ដូចគ្នាទេ​។ អ្នកខ្លះ គេអាងមានផ្លាកដៃ ​លើកក្រវីក្រវាត់ ខ្លាចតែ​គេមិនដឹងថាខ្លួនមាន​។ ពូសុំអភ័យ​ទោស​ដែល​មិនអាចជួយដល់អ្នកទាំងអស់គ្នាបាន​ ពូដឹងហើយថា មិនមែនតែកសិករ​ខ្នាតតូច​ មធ្យម​ទេ ដែលត្រូវ​ដួលរលំ​ សហគ្រាសខ្នាត​ធំ ​ក៏ត្រូវ​តែដួលរលំដែ​រ បើលក់ជ្រូកមួយក្បាលខាត​ពី៣០-៥០$ទៅហើយនោះ​ កសិករ​ដែល​ជាអ្នកដាំ​ដំឡូងមី​ ពោត​ សណ្តែក​ ស្រូវដែលធ្លាប់តែដឹក​កសិផល​របស់ខ្លួន ​យកមកលក់ឲ្យ​រោងចក្រ​ផលិត​ចំណី​សត្វ​ ក៏ត្រូវ​ប្រឈម​នឹងអត់មានអ្នកទិញដែរ ​បើរោងចក្រត្រូវបិទទ្វារ​ទៅហើយនោះ​។ ទាំងអស់​គ្នាត្រូវចងចាំឲ្យច្បាស់ថា ​ប្រជាជន​កម្ពុជា​សរុប១៦លាននាក់​មានជាង៨០%ជាកសិករ​»

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ លោក វេង សាខុន និងលោកបណ្ឌិត ឧកញ៉ា ម៉ុង​ ឫទ្ធី​ បានបើកកិច្ចប្រជុំមួយជាមួយឈ្មួញ អ្នកប្រកបរបរចិញ្ចឹមជ្រូក និងនាំចូលជ្រូកមកលក់នៅលើទីផ្សារកម្ពុជា។

កិច្ចប្រជុំនេះបានធ្វើឡើងបន្ទាប់ពី សមាគមអ្នកចិញ្ចឹមជ្រូកកម្ពុជា បានស្នើឱ្យអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងក្រសួងពាក់ព័ន្ធ ទប់ស្កាត់ការនាំចូលជ្រូកពីប្រទេសជិតខាង ខណៈដែលសមាគមមួយនេះរកឃើញថា ជ្រូកដែលនាំចូលរាល់ថ្ងៃចូលមកប្រទេសកម្ពុជា លើសពីគោលការកំណត់របស់ក្រសួងកសិកម្ម ដោយកំណត់ត្រឹម១២៥០ក្បាលក្នុង១ថ្ងៃ។

ជាលទ្ធផលនៃកិច្ចប្រជុំនេះ លោករដ្ឋមន្រ្តី វេង សាខុន បានដាក់ចេញនូវវិធានការក្តៅ៣ចំណុច ដែលក្រសួង និងដៃគូពាក់ព័ន្ធជាពិសេសក្រុមហ៊ុនឯកជន បានឯកភាពគ្នារួមមាន ទី១-ពង្រឹងលើការត្រួតពិនិត្យ ពីយកភាស៊ីឡើងថ្លៃ, ទី២-ត្រួតពិនិត្យឲ្យបានច្បាស់លាស់ គ្រប់ទីសត្តឃាតណាដែលគ្មានបច្ចេកទេសត្រឹមត្រូវ និងទី៣-ស្វែងរកមូលហេតុឲ្យច្បាស់ ពីតម្លៃសាច់ជ្រូកថោក និងសាច់ជ្រូកឡើងថ្លៃ៕

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]